កម្ពុជានឹងមានកំពង់ផែទេសចរណ៍អន្តរជាតិដំបូងបំផុតនៅភាគខាងត្បូង

កម្ពុជានឹងមានកំពង់ផែទេសចរណ៍អន្តរជាតិដំបូងបំផុតនៅភាគខាងត្បូង
ប៉ែកខាងត្បូងនៃប្រទេសកម្ពុជា នឹងមានកំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់ ដែលនឹងជួយឱ្យតំបន់មាត់សមុទ្រកម្ពុជាមានលំហូរភ្ញៀវទេសចរកាន់តែកើនឡើង។ ខណៈភ្ញៀវទេសចរណ៍មានការកើនឡើងគួរកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីនៅឯខេត្តកំពត ក្នុងគោលបំណងជួយសម្រួលដល់ការដឹកជញ្ជូនដែលកំពុងតែមមារញឹក។ កំពង់ផែថ្មីនេះ បានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ ៨នាទី និង ៨វិនាទី ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជាវ តាយ អភិបាលខេត្តកំពត តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធប្រមាណ ៨០០នាក់ទៀត។ គម្រោងកំពង់ផែនេះ ត្រូវចំណាយថវិការជិត ៩លានដុល្លារ ដែលជាថវិកាហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងថា គម្រោងនឹងត្រូវសង់ដោយក្រុមហ៊ុន SBPH Engineering & Construction លើផ្ទៃដីទំហំ ៤ហិកតា ដែលមានរយៈពេលសាងសង់ចំនួន ១៨ខែ។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ មានរចនាសម្ព័ន្ធ ស្របតាមបទដ្ឋានស្តង់ដារផែទេសចរណ៍អន្តរជាតិ សម្រាប់ទទួលចំណតភ្ញៀវទេសចរចេញចូលឱ្យមានសុវត្ថិភាព ធានាបាននូវនិរន្តរភាពខាងបរិស្ថាន ព្រមទាំងត្រូវបានគេរំពឹងថា នឹងអាចជួយទាក់ទាញភ្ញៀវទេសចរប្រមាណ ១៤លាននាក់ (ភ្ញៀវអន្តរជាតិ ៦លាននាក់) មកកាន់តំបន់សមុទ្រនៃប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និង ខេត្តកោះកុង នៅឆ្នាំ២០៣០។ មានប្រសាសន៍នៅឯពិធីបើកការដ្ឋាន លោករដ្ឋមន្រ្តីបានបញ្ជាក់ថា នៅឆ្នាំ២០១៧ តំបន់ឆ្នេរទទួលបានភ្ញៀវទេសចរប្រមាណ ៣.២លាននាក់ ក្នុងនោះមានទេសចរណ៍អន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ ខណៈរយៈពេល៦ខែ នៃដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ ដែលបានកើនឡើង ១៣% ហើយនឹងរំពឹងថា ក្នុងឆ្នាំ២០១៨ ទាំងមូល កម្ពុជានឹងទទួលបានអ្នកទេសចរ ៦.២លាននាក់៕ រូបភាព៖ CEN
អត្ថបទដោយ: Sreyluch