ប្រាំបីចំណុច ដែលកូវីដ-១៩ ផ្លាស់ប្ដូរទម្រង់ស្ថាបត្យកម្ម

ការឆ្លងរាលដាលជាសកលនៃមេរោគកូវីដ-១៩ បានធ្វើឲ្យពិភពលោកមានការផ្លាស់ប្ដូរស្ទើរតែស្មានមិនដល់។ ផែនការសេដ្ឋកិច្ច គោលនយោបាយ និងគម្រោងអភិវឌ្ឍន៍ របស់ប្រទេសនីមួយៗ ត្រូវបានពន្យារពេល លុបចោល ឬទាមទារឲ្យមានការកែសម្រួលឲ្យសមស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។
វិស័យសំណង់ស្ថាបត្យក៏បានទទួលរងនូវឥទ្ធិពលពីវិបត្តិនេះដែរ រហូតធ្វើឲ្យស្ថាបត្យករ និងវិស្វករមួយចំនួន ចាប់ផ្ដើមផ្លាស់ប្ដូរគំនិត ទៅលើរបៀបសាងសង់ និងទម្រង់នៃស្ថាបត្យកម្មបច្ចុប្បន្ន។ ចំណុចទាំង៨ ខាងក្រោមនេះ ជាការផ្លាស់ប្ដូរដ៏សំខាន់នៃវិស័យស្ថាបត្យកម្ម ដែលជំរុញដោយមេរោគកូវីដ-១៩៖
១. ការផ្លាស់ការិយាល័យធ្វើការចេញពីទីក្រុងធំ
កូវីដ-១៩ បានបង្ខំឲ្យមនុស្សគ្រប់គ្នាស្នាក់នៅក្នុងផ្ទះ និងធ្វើការពីចម្ងាយ។ ដូច្នេះហើយ ទើបសង្កាត់ពាណិជ្ជកម្មនានា ដែលមានអគារខ្ពស់ៗ និងការិយាល័យធំៗ ត្រូវទុកចោលស្ងាត់ច្រងំ។ មូលហេតុនេះហើយ ទើបអ្នកវិនិយោគផ្នែកអចលទ្រព្យ និងស្ថាបត្យកម្មចាប់ផ្ដើមពិចារណា លើការសាងសង់អគារទាបៗ តែមានលំហទូលាយ ជំនួសឲ្យការសាងសង់អគារខ្ពស់ដែលតម្រូវមនុស្សត្រូវជុំគ្នា ឬប្រើប្រាស់មធ្យោបាយរួមគ្នាច្រើន។ ហើយវិធីល្អបំផុតនៃការសាងសង់ការិយាល័យបែបនេះ គឺការផ្លាស់ចេញពីទីក្រុងៗធំៗដែលមានប្រជាជនច្រើន។
២. ការពឹងផ្អែកលើរថយន្តនឹងត្រូវថយចុះ
ដោយសារបំរាមចេញក្រៅផ្ទះ ការធ្វើដំណើរដោយរថយន្តត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង រហូតផ្លូវខ្លះ គ្មានរថយន្តបើកបរសូម្បីតែមួយគ្រឿង។ ស្ថានភាពនេះជួយរដ្ឋាភិបាលប្រទេសខ្លះ មានពេលកែលម្អផ្លូវទាំងនេះ ជាផ្លូវថ្មើរជើង ឬសម្រាប់ជិះកង់ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន។ ជាក់ស្ដែង ប្រទេសអ៊ីតាលី ប្រកាសថានឹងផ្លាស់ប្ដូរផ្លូវប្រវែង ២.៧ម៉ាយល៍ របស់ខ្លួនទៅជាផ្លូវសម្រាប់តែការជិះកង់ បន្ទាប់ពីបើកប្រទេសឡើងវិញ។
៣. រូបរាងថ្មីនៃទីធ្លាសាធារណៈ
បន្ទាប់កូវីដ១៩ ចប់ទៅ គេជឿថាការរចនាទីធ្លាសាធារណៈ នឹងត្រូវផ្លាស់ប្ដូរទម្រង់ខុសពីបច្ចុប្បន្ន។ ស្ថាបត្យករនឹងព្យាយាមធ្វើយ៉ាងណា ឲ្យមនុស្សមានឱកាសចេញមកលំហែខាងក្រៅបានធម្មតា ប៉ុន្តែពួកគេនឹងត្រូវបានធានានូវការរក្សាគម្លាតសុវត្ថិភាព ដើម្បីបញ្ចៀសការឆ្លងជំងឺ។ ពេលនេះ មានក្រុមហ៊ុនស្ថាបត្យកម្មខ្លះ បានបង្ហាញរូបរាងនៃការរចនាសួនសាធារណៈសម្រាប់បញ្ចៀសការឆ្លងជំងឺ របស់ខ្លួនជាបណ្ដើរៗហើយ។
៤. ទម្រង់ថ្មីនៃភោជនីយដ្ឋាន
ដោយសារការរឹតបន្ដឹងការធ្វើដំណើរត្រូវបានបន្ធូរបន្ថយ ភោជនីយដ្ឋានមួយចំនួននៅ ហុងកុង តៃប៉ិ កូរ៉េខាងត្បូង និងចិនដីគោកក៏ចាប់ផ្ដើមបើកដំណើរការឡើងវិញ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទម្រង់នៃភោជនីយដ្ឋានត្រូវបានផ្លាស់ប្ដូរ។ ភោជនីយដ្ឋានទាំងនោះមានបន្ថែមក្លោងទ្វារវាស់កម្ដៅ ទូបាញ់សម្លាប់មេរោគ របាំងប្លាស្ទិកឃាំងពីតុមួយទៅតុមួយ ឧបករណ៍អនាម័យស្វ័យប្រវត្តិ និងខ្លះទៀតមានទាំងរ៉ូបូតសម្រាប់បម្រើសេវាកម្មទៀតផង។
៥.ការកើនឡើងនៃសំណង់គំរូ
ការសង់ដែលមានលក្ខណៈគំរូដូចគ្នាៗ អាចជួយឲ្យគេចំណេញពេលវេលាច្រើន។ អំឡុងពេលកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំង សំណង់ប្រភេទនេះត្រូវបានគេប្រើជាបន្ទប់ពេទ្យ សង្គ្រោះអ្នកជម្ងឺ ឬជាកន្លែងដាក់អ្នកដែលសង្ស័យថាបានឆ្លងមេរោគ ឲ្យនៅដាច់ដោយឡែក។
៦. ការកើនឡើងនូវការកែច្នៃអគារប្រើប្រាស់ឡើងវិញ
អគារចាស់ៗ ដូចជាសាលារៀន សណ្ឋាគារ និង លំនៅដ្ឋាន ត្រូវបានគេរៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជម្ងឺ។ ការប្រើអគារឡើងវិញដែលមានលក្ខណៈបន្សាំ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងនិរន្តរភាព ក្នុងការបង្កើតកន្លែងបំពេញការងារ ជាពិសេសសម្រាប់ទីក្រុងដែលមានវ័យចំណាស់។
៧. ការច្នៃប្រឌិតថ្មីលើស្ថាបត្យកម្មស្រាលៗ
ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ក្រុមហ៊ុនជាច្រើនបានបង្កើតដំណោះស្រាយស្ថាបត្យកម្ម និងការរចនាផ្សេងៗ ដែលឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ៗ។ ភាគច្រើនជាសំណង់ស្រាលៗ ត្រូវបានសាងសង់ឡើងសម្រាប់ធ្វើជាមន្ទីរពេទ្យ និងជាមជ្ឈមណ្ឌលធ្វើតេស្តមេរោគ នៅតាមទីវាល។ ជួនកាលគេសាងសង់នៅកន្លែងផ្សេង រួចទើបដឹកជញ្ជូនតាមរថយន្តទៅកន្លែងដែលត្រូវការជាក្រោយ។
៨. គំនិតបត់បែនក្នុងការរចនាអគារ
ឆ្លងកាត់បទពិសោធន៍នៃវិបត្តិកូវីដ-១៩ ស្ថាបត្យករភាគច្រើនកាន់តែមានភាពឈ្លាវវៃក្នុងការរចនាសំណង់អគារឲ្យបានកាន់តែរហ័ស មានគុណភាព និងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។ ចំណុចនេះ រាប់បញ្ចូលទាំង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរចនា ទំនាក់ទំនងតាមប្រព័ន្ធអនឡាញ និងការបង្កើតគំនិតច្នៃប្រឌិតផ្សេងៗជាច្រើនទៀត៕