អ្នកស្រាវជ្រាវជួយឲ្យគម្រោងរថភ្លើងក្រោមដីក្រុងញូយ៉ក បញ្ចប់មុនពេលកំណត់៣ខែ និងសន្សំថវិកា១០០លានដុល្លារ

អ្នកស្រាវជ្រាវជួយឲ្យគម្រោងរថភ្លើងក្រោមដីក្រុងញូយ៉ក បញ្ចប់មុនពេលកំណត់៣ខែ និងសន្សំថវិកា១០០លានដុល្លារ

អាមេរិក៖ គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី ក្នុងទីក្រុងញូយ៉ក ដែលមានរយៈពេល១ឆ្នាំ ត្រូវបានបញ្ចប់ជាស្ថាពរ ៣ខែមុនការគ្រោងទុក និងប្រើប្រាស់ថវិកាទាបជាងការគ្រោងទុកប្រមាណ១០០លានដុល្លារ នៃថវិកាសរុប ៥០០លានដុល្លារ ស្របពេលដែលផែនការផ្អាកការសាងសង់ទាំងស្រុង ត្រូវបានបញ្ចៀស។

អ្នកស្រាវជា្រវមកពីសាកលវិទ្យាល័យ Cornell និង សាកលវិទ្យាល័យ Columbia ត្រូវបានគេអញ្ជើញមកផ្ដល់ប្រឹក្សាលើការងារជួសជុលខ្សែររថភ្លើង ដែលត្រូវបានបំផ្លាញដោយខ្យល់ព្យុះសាន់ឌី (Superstorm Sandy)។ ក្រុមអ្នកស្រាវជ្រាវទាំងនេះហើយ ដែលបានរកឃើញមធ្យោបាយក្នុងការបំពេញការងារជុសជុល ដោយមិនចាំបាច់បិទដំណើរការទាំងស្រុង នូវផ្លូវរថភ្លើងក្រោមដី រវាងតំបន់ Brooklyn និង Manhattan ដែលដឹកអ្នកដំណើរ ២៥០.០០០នាក់ក្នុងមួយថ្ងៃ។

អភិបាលក្រុងញូយ៉ក លោក Andrew Cuomo បានលើកឡើងថា «គ្រប់គ្នាសុទ្ធតែនិយាយថា យើងត្រូវតែបិទដំណើរការផ្លូវរថភ្លើងក្រោមដីពី ១៥ទៅ១៨ខែ ដែលវាជាការរំខានយ៉ាងខ្លាំងមួយ សម្រាប់ប្រជាជនក្រុងញូវយ៉ករាប់ពាន់នាក់។ យើងបានជម្នះ អ្នកដែលបានលើកឡើងថា គ្មានដំណោះស្រាយណាផ្សេងពីនេះ ហើយលទ្ធផលអាជ្ញាធរដឹកជញ្ជូនក្រុង កំពុងដំណើរការផ្លូវរថភ្លើងក្រោមដីរឹងមាំជាងមុន ជាមួយនឹងសេវាកម្មកាន់តែប្រសើរ ដែលអាចបញ្ចប់មុនការគ្រោងទុក និងចំណាយថវិកាទាបជាងផែនការ ហើយថែមទាំងបញ្ចៀស ការបិទប្រព័ន្ធរថភ្លើងទៀតផង»។

កាលពីខែមករា ឆ្នាំ ២០១៩ អភិបាលក្រុងញ៉ូយ៉ក បានអញ្ជើញអ្នកសិក្សាស្រាវជ្រាវ រួមទាំងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Cornell និងសាលាវិស្វកម្មនៃសាកលវិទ្យាល័យ Columbia ដើម្បីពិនិត្យ និងកំណត់លទ្ធភាពក្នុ ងការបំពេញការងាលើគម្រោងរូងផ្លូវក្រោមដីចំនួនពីរនៅក្នុងក្រុងញូយ៉ក ឲ្យកាន់តែមានប្រសិទ្ធភាព។

បន្ទាប់ពីត្រួតពិនិត្យលើគម្រោងនេះ ក្រុមអ្នកស្រាវជ្រាវបានណែនាំនូវវិធីសាស្រ្ត និង បច្ចេកទេសសាងសង់បែបថ្មី ដែលគេធ្លាប់បានប្រើប្រាស់សម្រាប់ការសាងសង់ប្រព័ន្ធរថភ្លើងទំនើបនានាក្នុងលោក តែមិនធ្លាប់អនុវត្តក្នុងគម្រោងស្រដៀងនេះ នៅអាម៉េរិកឡើយ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យអភិបាលក្រុងញូយ៉ក។

ក្រៅពីនេះ វិធានការត្រួតពិនត្យសុខភាព និងសុវត្ថិភាព ក៏ត្រូបានប្រើប្រាស់នៅពេលបំពេញការងារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីត១៩ផងដែ។ វិធានការទាំងនោះរួមមាន ការដាក់ឲ្យដំណើរការ កម្មវិធីរាយការណ៍ការងារប្រចាំថ្ងៃ ការទប់ស្កាត់ការឆ្លងតាមផ្ទៃវត្ថុ ការបិទតំបន់ធ្វើការរួមគ្នា និងការហាមឃាត់ប្រើប្រាស់សម្ភារៈរួមគ្នាជាដើម​៕

អត្ថបទដោយ: Vasna