ឥណ្ឌូនេស៊ីបន្តគម្រោងរើរដ្ឋធានី ទោះកំពុងរងគ្រោះព្រោះការរាតត្បាតដោយមេរោគកូវីដ-១៩

ប្រទេសឥណ្ឌូនេស៊ី៖ ដំណើរការនៃការផ្លាស់ប្ដូររដ្ឋធានីចេញពីទីក្រុងហ្សាការតា ទៅកាន់ខេត្ត East Kalimantan នៅតែបន្តដូចការគ្រោងទុក ទោះបីជាតំបន់ប្រជុំកោះនេះ និងប្រទេសឥណ្ឌូនេស៊ីទាំងមូល កំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩ ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការិយាល័យរដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ របស់ប្រទេសឥណ្ឌូនេស៊ី។
សមាជិកពិសេស នៃការិយាល័យសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Jodi Mahardi បានមានប្រសាសន៍បញ្ជាក់ប្រាប់សារព័ត៌មាន The Jakarta Post ថា ការិយាល័យរបស់លោក ជាមួយនឹងក្រសួងសហគ្រាសរដ្ឋ និងក្រសួងហិរញ្ញវត្ថុ កំពុងបន្តទាក់ទងយ៉ាងជិតស្និទ្ធជាមួយវិនិយោគគិន និងដៃគូមានសក្តានុពលទាំងអស់។ លោកបន្ថែមថា ក្រសួងកំពុងពិនិត្យឡើងវិញលើជម្រើសមួយចំនួន ដើម្បីកំណត់យកជាទីតាំងសាងសង់រដ្ឋធានីថ្មីលើផ្ទៃដី ២៥៦.០០០ហិកតា។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Binsar Pandjaitan បានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគចំនួន ៣០ ទាំងនៅក្នុងស្រុក និងបរទេសកំពុងរង់ចាំចូលរួមអភិវឌ្ឍរដ្ឋធានីថ្មីនេះ។ ឯក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេសមួយចំនួនទៀតដូចជា សហរដ្ឋអាម៉េរិក ជប៉ុន អេមីរ៉ាតអារ៉ាប់រួម និងប្រទេសសិង្ហបុរី ក៏នឹងជួយក្នុងការសាងសង់នេះដែរ។
រដ្ឋបាលរបស់ប្រធានាធិបតី ប្រទេសឥណ្ឌូណេស៊ី លោក joko widodo គ្រោងនឹងផ្លាស់ប្ដូរទីតាំងរដ្ឋបាលចេញពីទីក្រុងហ្សាការតា ត្រឹមឆ្នាំ២០២៤។ សម្រាប់ឆ្នាំនេះ រដ្ឋាភិបាលកំពុងរៀបចំផែនការមេ បច្ចេកទេសលម្អិត និងលទ្ធកម្មដីធ្លីសម្រាប់រដ្ឋធានីថ្មី។
កាលពីដើមខែកុម្ភៈ ប្រធានក្រុមហ៊ុន Bappenas លោក Suharso Monoarfa បានពន្យល់អំពីពេលវេលាសម្រាប់ការផ្លាស់ប្តូរទីតាំងរដ្ឋធានីថ្មីថា ការបើកការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ ២០២១ បន្ទាប់មកសាងសង់អគារលំនៅដ្ឋាន និងមណ្ឌលសុខភាពនាឆ្នាំ២០២២ បន្ទាប់មកគឺការស្ថាបនាបណ្តាញទូរគមនាគមន៍ កំពង់ផែ និងអាកាសយានដ្ឋានក្នុងឆ្នាំ២០២៣ ហើយការរើរដ្ឋធានីនឹងត្រូវធ្វើឡើងក្នុងអំឡុងឆ្នាំ២០២៣៕