Starbucks រចនាប្លង់ហាងកាហ្វេកុងតឺន័រដំបូងរបស់ខ្លួននៅតៃវ៉ាន់
ស្ថាបត្យករជប៉ុន លោក Kengo Kuma បានបង្កើតហាងកាហ្វេមួយនៅតៃវ៉ាន់ មានឈ្មោះថា ហាងកាហ្វេ Starbucks ដែលបានបង្កើតឡើងពីកុងតឺន័រពណ៌សចំនួន២៩ធុង បានកំពុងក្លាយជាហាងកាហ្វេដ៏ទាក់ទាញ និងប្រកបដោយភាពច្នៃប្រឌិតថ្មីមួយ។
យោងតាមគេហទំព័រ Global Construction Review សំណង់នេះមានកម្ពស់ពីរជាន់ ទំហំ៣២០ម៉ែត្រការ៉េ ដែលនឹងក្លាយជាផ្នែកមួយ នៃផ្សារ Hualien Bay Mall នាពេលខាងមុខ នៅលើឆ្នេរកោះភាគខាងលិចតៃវ៉ាន់។ រចនាសម្ព័ន្ធនៃហាងកាហ្វេមួយនេះ ត្រូវបានផុសគំនិតចេញពីដើមកាហ្វេ រួមបញ្ចូលគ្នាជាមួយនឹងប៉មប្រសាទ " Duo Gong" ដែលជាទម្រង់ស្ថាបត្យកម្មប្រពៃណីចិនម្យ៉ាង។ ផ្ទៃខាងក្នុងរបស់ហាងមានពណ៌សភ្លឺចាំង ជាមួយនឹងគំនូរលើជញ្ជាំង និងមានបង្អួចទោលមួយដែលអាចឲ្យមានពន្លឺធម្មជាតិចេញចូលអគារផ្ដល់នូវបរិយាកាសដ៏ផាសុកសម្រាប់ភ្ញៀវ។
ហាងកាហ្វេមួយនេះនឹងរួមបញ្ចូលគ្នាជាមួយហាងកាហ្វេចំនួន៤៥កន្លែងផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Starbucks ហើយវាជាទីកន្លែងដំបូងនៅអាស៊ីប៉ាស៊ីហ្វិក ដែលបង្កើតឡើងពីធុងកុងតឺន័របែបនេះ។ ការប្រើប្រាស់ធុងកុងតឺន័របានកំពុងក្លាយជានិន្នាការស្ថាបត្យកម្មដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន ជាពិសេសនៅអាស៊ី ដែលគូសបញ្ជាក់អំពីសារសំខាន់ នៃការកាត់បន្ថយ និងការកែច្នៃឡើងវិញនូវកាកសំណល់ និងសម្ភារៈ។
ជាក់ស្ដែងនៅកម្ពុជាបានកំពុងកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីផ្សាររាត្រីកុងតឺន័រដំបូងដែលមានទីតាំងនៅចន្លោះអគារប៊ូឌីញ ទល់មុខអគាររដ្ឋសភាជាតិ ខាងក្រោយភោជនីយដ្ឋាន Jet Plus ក៏ឃើញមានផ្សារកុងតឺន័រ២០៤០ ជាផ្សារកុងតឺន័រធំជាងគេបំផុត មានទីតាំងស្ថិតនៅផ្លូវកែងរវាងសុធារស និងផ្លូវចាក់ទៅស្ពានឥន្ទធនូកោះពេជ្រ ក្រោយអាគារ Rose Condo និងផ្សាររាត្រីកុងតឺន័រ ផាម ណាយ ម៉ាឃីត និងផ្សារកុងតឺន័រ Box Ville ដែលស្ថិតនៅខេត្តសៀមរាប។