វៀតណាមរំពឹងថាសេដ្ឋកិច្ចឌីជីថលនឹងរួមចំណែក៣០%នៃGDP នៅត្រឹមឆ្នាំ២០៣០

ហាណូយ៖ ប្រទេសវៀតណាមមានគម្រោងបង្កើនការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថល ទៅក្នុងផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួន ឲ្យបាន២០ភាគរយ នៅត្រឹមឆ្នាំ ២០២៥ និង៣០ភាគរយ នៅត្រឹមឆ្នាំ ២០៣០។ នេះបើតាមសេចក្ដីព្រាងនៃផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីបដិវត្តឧស្សាហកម្មទី៤ សម្រាប់ឆ្នាំ ២០៣០ ។
បើតាមផែនការយុទ្ធសាស្រ្ត រៀបរៀងដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាម ឧស្សហកម្ម៤.០ នឹងនាំឲ្យមានការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចសង្គម ដែលបើកចំហទាំងឱកាស និងបញ្ហាប្រឈមដល់សេដ្ឋកិច្ចពិភពលោក។ ការបង្កើនការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថល ជាគោលដៅមួយក្នុងចំណោមគោលដៅយុទ្ធសាស្ត្រជាច្រើនទៀត ដែលត្រួវបានដាក់ចេញ។
ប្រទេសជាច្រើន បានអនុវត្តផែនការ និងគោលនយោបាយរួចមកហើយ ក្នុងការទាញយកផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីបដិវដ្តឧស្សាហ៍កម្មជំនាន់ទី៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែង។
ផែនការយុទ្ធសាស្រ្តខាងលើ ពន្យល់ថា ឧស្សាហកម្ម៤.០ នឹងជួយប្រទេស វៀតណាម ផ្លាស់ប្ដូរគំរូនៃកំណើន និងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាបង្កើតនូវគំនិត ឬទស្សនៈថ្មីៗ សម្រាប់ការធ្វើទំនើបកម្មជាតិ។ គោលបំណងសំខាន់គឺធ្វើឲ្យវៀតណាម ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានរដ្ឋាភិបាលបែបឌីជីថលនាំមុខគេទាំង៣ របស់អាស៊ាន នៅត្រឹមឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះបណ្ដាញសេវា 5G ក៏នឹងត្រូវតភ្ជាប់ទូទាំងផ្ទៃប្រទេសនៅក្នុងឆ្នាំដដែល នេះដែរ។
ដើម្បីសម្រេចគោលដៅទាំងនេះ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន៦ រួមមាន៖ ១.ការលើកកម្ពស់គុណភាពស្ថាប័ន និងសមត្ថភាពក្នុងការបង្កើតគោលនយោបាយ ២.ការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងប្រវ័ញ្ចទិន្នន័យ ៣.ការអភិវឌ្ឍធនធានមនុស្ស ៤.ការកសាងរដ្ឋាភិបាលអេឡិចត្រូនិច (E-Government) ឆ្ពោះទៅកាន់រដ្ឋាភិបាលបែបឌីជីថល ៥.ការអភិវឌ្ឍ និងការកែលម្អសមត្ថភាពនវានុវត្តន៍ជាតិ និង ៦.ការអភិវឌ្ឍនៃមូលដ្ឋានបច្ចេកវិទ្យា៤.០៕