គណៈវិស្វករកម្ពុជាស្នើឲ្យវិស្វករទាំងអស់សិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់

គណៈវិស្វករកម្ពុជា បានស្នើឲ្យវិស្វករទាំងអស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ចូលរួមគោរពច្បាប់ និងបទ ប្បញ្ញត្តិនានាពាក់ព័ន្ធនឹងវិស័យសំណង់ឱ្យបានត្រឹមត្រូវ ពិសេសត្រូវគោរព និងត្រូវសិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា។
អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានប្រាប់ KHB Media ថាគ្រប់វិស្វករទាំងអស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា លើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវចូលរួមវគ្គបណ្តុះបណ្តាលពីច្បាប់សំណង់ ទៅតាមការរៀបចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឲ្យបានទៀងទាត់ និងសិក្សាច្បាប់សំណង់ឲ្យបានច្បាស់លាស់ ចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
ទន្ទឹមនេះ លោកបានជំរុញឲ្យវិស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជារួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីក្លាយជាវិស្វករស្របច្បាប់ និង មិនប្រឈមទៅការផាកវិន័យតាមប្រព័ន្ធផ្លូវច្បាប់ថែមទៀត។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ ថ្លែងក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នាពេលថ្មីៗនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបន្តក្រើនរំលឹកវិស្វករ និងស្ថាបត្យករនៅក្នុងវិស័យសំណង់ទាំងអស់ត្រូវតែគោរព បទដ្ឋានបច្ចេកទេស ស្តង់ដារសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព សោភ័ណភាព សុវត្ថិភាពសំណង់ជាដើម ។ ជាងនេះទៀត ក្រុមហ៊ុនឬវិស្វករ និងស្ថាបត្យករដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការធ្វើអាជីវកម្មលើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវមានការទទួលខុសត្រូវនិងត្រួតពិនិត្យការដ្ឋានសាងសង់ឲ្យបានហ្មត់ចត់និងចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
បន្ថែមពីនេះ លោកថា ប្រសិនបើគណៈកម្មការចុះត្រួតពិនិត្យឃើញខុសបច្ចេកទេសមិនត្រូវតាមស្តង់ដានិង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរមានសមត្ថកិច្ចនិងចេញលិខិតផ្អាកការសាងសង់តែម្តង។
នាឪកាសនោះ លោកក៏សុំការគាំទ្រពី អស់ លោក លោកស្រី ដែលជា វិស្វករ ស្ថាបត្យករ ជួយគាំទ្រឲ្យមានភាពរឹងមាំ និងជំនឿជឿជាក់លើវិស័យសំណង់ ស្ថាបត្យករជួយធ្វើការរៀបចំសិក្សាគម្រោងប្លង់ ឱ្យបានផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិខ្មែររបស់យើងនៅក្នុងវិស័យសំណង់ថែមទៀត ។
ការស្នើឲ្យវិស្វករទាំងអស់សិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់ ពីសំណាក់គណៈវិស្វករកម្ពុជានៅពេលនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្រោយកាលពីដើមខែមករា ឆ្នាំ២០២០កន្លងទៅ មានឧបទ្ទវហេតុដ៏សោកសង្រេង នៃការបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប ដែលស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប បានបណ្តាលឲ្យមានជនរងគ្រោះចំនួន៥៩នាក់ ក្នុងនោះមានជនរងគ្រោះបាត់បង់ជីវិតចំនួន៣៦នាក់ និងរបួស២៣នាក់។
គួរបញ្ជាក់ដែរថា ច្បាប់សំណង់ ដែលបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៣ ខែ វិច្ចិកា ឆ្នាំ២០១៩ មានទាំងអស់២២ជំពូក និង១១១មាត្រា។ ច្បាប់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ច្បាប់ថ្មីនេះ ក៏នឹងបង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ផងដែរ។
ជុំវិញការលើកឡើងពីច្បាប់សំណង់នេះដែរ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីរំពឹងថា បន្ទាប់ពីច្បាប់សំណង់កម្ពុជាត្រូវបានអនុវត្តន៍បានពេញលេញ ច្បាប់នេះនឹងឈានទៅកាត់បន្ថយនឹងលុបបំបាត់ទាំងស្រុងនូវឧបទ្ទវហេតុបាក់រលំអគារ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើថា បន្ទាប់ពីច្បាប់សំណង់កម្ពុជាត្រូវបានអនុវត្តន៍បានពេញលេញ ច្បាប់នេះនឹងឈានកាត់បន្ថយនឹងលុបបំបាត់ឧបទ្ទវហេតុបាក់បែបនេះ។
តែទោះបីជាយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឲ្យគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិឲ្យមានប្រសិទ្ធភាពប្រកបដោយភាពត្រឹមត្រូវដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា៕