ស្វែងយល់អំពីបទដ្ឋានចំណតយានយន្តនៅក្នុងអគារផ្សេងៗ

ស្វែងយល់អំពីបទដ្ឋានចំណតយានយន្តនៅក្នុងអគារផ្សេងៗ
នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍទីក្រុង និង ទីប្រជុំជន ការរៀបចុះចំណតគឺជាកិច្ចការដ៏សំខាន់មួយដើម្បីធានាឲ្យបាននូវសុវត្ថិភាព និង របៀបរៀបរយសាធារណៈ។ ជាការពិតណាស់ ចំនួនចំណតរថយន្តសម្រាប់អគារក្នុងដីឡូតិ៍ ត្រូវមានគ្រប់គ្រាន់តាមតម្រូវការនៃប្រភេទអគារនីមួយៗ ហើយត្រូវស្ថិតនៅក្រៅពីផ្លូវសាធារណៈ និង ទីតាំងសាធារណៈ។ ចំនួនចំណតរថយន្តអប្បបរមាសម្រាប់អគារក្នុងដីឡូត៍ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៤២ ចុះថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ដូចខាងក្រោម៖ 1. អគារលំនៅឋានដូចខាងក្រោមនេះ ត្រូវមានចំណតរថយន្តតូចចំនួន ១ កន្លែង៖ • លំនៅឋានលក្ខណៈភូមិគ្រឹះ និង ពាក់កណ្តាលភូមិគ្រឹះ ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ • លំនៅឋានលក្ខណៈផ្ទះល្វែង និង ផ្ទះជាប់គ្នា ដែលមានផ្ទៃក្រឡាកម្រាល ១២០ ម២ • អគារស្នាក់នៅរួមប្រភេទប្រណីត (Condominium) ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ • អគារស្នាក់នៅរួមប្រភេទមធ្យម (Apartment) ដែលមានផ្ទៃក្រឡាកម្រាល ១២០ ម២ • អគារស្នាក់នៅរួមប្រភេទធម្មតា ដែលមានផ្ទៃក្រឡាកម្រាល ១៥០ ម២ 2. អគារពាណិជ្ជកម្មដូចខាងក្រោមនេះ ត្រូវមានចំណតរថយន្តចំនួន ០១ កន្លែង៖ • ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និង ក្លឹបកម្សាន្ត ដែលមានផ្ទៃក្រឡាកម្រាល ២០ ម២ និង ផ្ទៃក្រឡាកន្លែងរាំ ១ ម២ • ផ្សារទំនើប ដែលមានផ្ទៃក្រឡាកម្រាល ៥០ ម២ • ផ្សារ ឬ កន្លែងលក់ដូរ ដែលមានផ្ទៃក្រឡាកម្រាល ៥០ ម២ • អគារពាណិជ្ជកម្មផ្សេងៗ ដែលមានផ្ទៃក្រឡាកម្រាល ៥០ ម២ 3. អគារឧស្សាហកម្ម រួមមាន៖ • អគាររោងចក្រ ដែលមានផ្ទៃក្រឡាកម្រាល ២៥០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ក្រឡាផ្ទៃកម្រាល ១.២៥០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ • អគារឃ្លាំងផ្ទុកទំនិញផ្ទាល់ខ្លួន ដែលមានផ្ទៃក្រឡាកម្រាល ៤០០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ២.០០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ 4. អគារសិក្សាធិការ អប់រំ និង កីឡា រួមមាន អគារគ្រឹះស្ថានឧត្តមសិក្សាដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ អគារគ្រឹះស្ថានមធ្យមសិក្សាដែលមានផ្ទៃក្រឡាកម្រាល ២០០ ម២ អគារគ្រឹះស្ថានបឋមសិក្សាដែលមាន ផ្ទៃក្រឡាកម្រាល ៣០០ ម២ និង មជ្ឈមណ្ឌលកីឡាដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណត រថយន្តតូច ១ កន្លែង។ 5. អគារសុខភាព រួមមាន អគារមន្ទីរពេទ្យដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ និង ក្លឹបហាត់ប្រាណនិង សុខភាពដែលមានផ្ទៃក្រឡាកម្រាល ១២០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង។ 6. អគារសាលមហោស្រព សាលប្រជុំ ពិធី និង រោងភាពយន្តរួមមាន៖ • អគារមហោស្រព រោងភាពយន្ត សាលជួបជុំ និង ពិធី ដែលមានផ្ទៃក្រឡាកម្រាល ៣០ ម២ ត្រូវមាន ចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ៣០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ 7. អគារសណ្ឋាគារនិងផ្ទះសំណាក់ រួមមាន៖ • អគារសណ្ឋាគារ ដែលមាន ៥ បន្ទប់ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ចំនួន ៣០ បន្ទប់ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ • អគារផ្ទះសំណាក់ ដែលមាន ១០ បន្ទប់ ត្រូវមានចំណតរថយន្តតូច ១ កន្លែ និង ចំនួន ៣០ បន្ទប់ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ 8. អគារការិយាល័យសាធារណៈ និង ការិយាល័យឯកជន រួមមាន៖ • អគាររដ្ឋបាលនិងការិយាល័យឯកជន ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណត រថយន្តតូច ១ កន្លែង។ 9. ស្ថានីយប្រេងឥន្ធនៈ ដែលមានផ្ទៃក្រឡាកម្រាល ១០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ 10. អគារការិយាល័យដឹកជញ្ជូន ដែលមានផ្ទៃក្រឡាកម្រាល ១០០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ៥០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ 11. អគារផ្សេងៗ ដែលមានផ្ទៃក្រឡាកម្រាល ១៥០ ម២ ត្រូវមានចំណតរថយន្តតូច ១ កន្លែង និង ផ្ទៃក្រឡាកម្រាល ៥០០ ម២ ត្រូវមានចំណតរថយន្តធំ ១ កន្លែង។ សូមបញ្ជាក់ផងដែរថា ចំនួនចំណតរថយន្តសម្រាប់អគារក្នុងដីឡូតិ៍ដែលបានកំណត់ខាងលើនេះ ជាចំនួនអប្បបរមា ដែលត្រូវមានជាចាំបាច់ សម្រាប់ការអភិវឌ្ឍនិងការសាងសង់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងការគណនា បើលទ្ធ- ផលជាចំនួនទសភាគ ចំនួនចំណតនេះ ត្រូវយកចំនួនគត់ដែលមានតម្លៃធំជាងបន្ទាប់នៃលទ្ធផល។ ក្នុងករណីអគារបម្រើមុខងារចម្រុះ ការគណនាចំនួនចំណតរថយន្តសម្រាប់អគារក្នុងដីឡូតិ៍ ត្រូវគណនាតាមប្រភេទ មុខងារនីមួយៗ ហើយបូកសរុបបញ្ចូលគ្នា ទើបទទួលបានចំនួនចំណតសរុប សម្រាប់អគារទាំងមូល។
អត្ថបទដោយ: Vutha