អត្ថប្រយោជន៍ ៨​យ៉ាង នៃកញ្ចក់នៅក្នុងគេហដ្ឋាន

អត្ថប្រយោជន៍ ៨​យ៉ាង នៃកញ្ចក់នៅក្នុងគេហដ្ឋាន

កញ្ចក់ត្រូវបានប្រើប្រាស់ ទៅតាមមុខងារផ្សេងៗគ្នាជាច្រើនដូចជា ការតាំងលម្អ ឆ្លុះមើលរូបរាង បិតបាំងភាពមិនស្អាតនៃបន្ទប់ និងមូលហេតុមួយចំនួនផ្សេងទៀត។ ថ្ងៃនេះ KHB News សូមលើកឡើងនូវអត្ថប្រយោជន៍ ៨យ៉ាងនៃការដំឡើងកញ្ចក់នៅក្នុងគេហដ្ឋាន៖

១. កញ្ចក់ជួយបង្កើនទំហំនៃបន្ទប់

ប្រសិនបើបន្ទប់របស់អ្នកមានទំហំតូចចង្អៀត អ្នកអាចប្រើប្រាស់កញ្ចក់ដើម្បីឆ្លុះរូបភាពនៃបន្ទប់នោះ ដើម្បីជួយបង្កើនទំហំនៃលំហ ឲ្យមើលទៅទូលាយជាងមុន។ រូបភាពដែលចាំងឆ្លុះទៅក្នុងកញ្ចក់ ហាក់ជួយឲ្យបន្ទប់មើលទៅទូលាយជាងមុនទ្វេរដង។

២. កញ្ចក់ផ្ដល់អត្ថន័យ

នៅពេញគិតដល់ការរចនាបន្ទប់ អ្នកប្រហែលគិតដល់ ការតាំងរូបចម្លាក់ ផ្ទាំងគំនូរ ឬវត្ថុមានតម្លៃផ្សេងៗ។ ប៉ុន្តែការប្រើកញ្ចក់មកជំនួសរបស់ទាំងនេះ អាចកាត់បន្ថយការចំណាយបានច្រើន និងថែមទាំងមានអត្ថន័យទៀតផង។ អ្នកអាចច្នៃជាស៊ុម ដែលមានក្បាច់លម្អផ្សេងៗសម្រាប់កញ្ចក់ទាំងនោះ ដែលវានឹងធ្វើឲ្យបន្ទប់ ឬទីតាំងនោះកាន់តែទាក់ទាញ និងលេចធ្លោឡើង។

៣. កញ្ចក់ជួយរំលេចរូបរាងនៃបន្ទប់

សម្រាប់បន្ទប់ដែលមានតាំងលម្អរបស់របរមានតម្លៃ អ្នកអាចប្រើប្រាស់កញ្ចក់នៅពីក្រោយរបស់ទាំងនោះ ដើម្បីបង្កើនរូបភាព និងភាពទាក់ទាញ។ ប៉ុន្តែសូមជៀសវាង ការដាក់កញ្ចក់នៅក្រោយវត្ថុដែលមិនដាក់ ដូចជា តុ កៅ ឬសាឡុងជាដើម។

៤. កញ្ចក់ជួយបង្កើនពន្លឺក្នុងបន្ទប់

ដោយសារកញ្ចក់អាចឆ្លុះបញ្ចាំងរូបរាងនៃបន្ទប់ទ្វេរដង ដូច្នេះវាអាចជួយបំផ្លាតពន្លឺទ្វេរដងដែរ។ ប្រសិនបើបន្ទប់ ឬគេហដ្ឋានរបស់អ្នកមិនសូវមានពន្លឺគ្រប់គ្រាន់ អ្នកអាចដាក់កញ្ចក់ជាប់ជញ្ជាំង បែរទៅរកបង្អួច ដើម្បីជួយបង្កើនពន្លឺសិប្បនិម្មិតសម្រាប់បំភ្លឺ។

៥. កញ្ចក់ជួយម្ចាស់ផ្ទះរក្សារូបរាងនិងសម្រស់

ជាទូទៅកញ្ចក់ត្រូវបានប្រើភាគច្រើន តែនៅក្នុងបន្ទប់ទឹក ប៉ុន្តែប្រសិនបើគេហដ្ឋានរបស់អ្នក មានកញ្ចក់នៅច្រើនកន្លែង នោះអ្នកនឹងងាយស្រួលកាន់តែច្រើន។ អ្នកឆ្លុះមើលរូបរាង មុខមាត់ និងសក់នៅគ្រប់ពេល មិនថាពេលញ៉ាំអាហាររួច ឬពេលចេញពីធ្វើការនោះទេ។

៦.កញ្ចក់ជួយបង្កើនសុវត្ថិភាពសម្រាប់គេហដ្ឋាន

ដើម្បីបង្កើនសុវត្ថិភាពនៅក្នុងគេហដ្ឋាន អ្នកអាចប្រើកញ្ចក់ប្រភេទប៉ោង(បង្រួម) ដាក់នៅក្បែរមាត់ ឬនៅនឹងជញ្ជាំង ដើម្បីឆ្លុះមើលសកម្មភាពនានាដែលកើតមានឡើងទាំងនៅក្នុងផ្ទះ នៅខាងក្រៅផ្ទះ។

៧.កញ្ចក់ជាជម្រើសដ៏ល្អសម្រាប់បិទបាំងចំណុចខ្វះខាត

មិនមែនគ្រប់គេហេដ្ឋាន សុទ្ធតែល្អឥតខ្ចោះនោះទេ។​ ផ្ទះសម្បែងខ្លះមានជញ្ជាំង ប្រហោង ឬប្រេះជាដើម។ ដូចនេះកញ្ចក់ជាជម្រើសល្អមួយក្នុងការបិតបាំងចំណុចមិនល្អទាំងនោះ ដើម្បីបង្កើនសោភ័ណភាពគេហដ្ឋានរបស់អ្នក។

៨. កញ្ចក់ជួយនាំថាមពលល្អចូលក្នុងបន្ទប់

គេជឿថា កញ្ចក់ជាធាតុសំខាន់មួយនៃការរចនាសម្រាប់អ្នកមានជំនឿលើហុងស៊ុយ។ កញ្ចក់តំណាងឲ្យធាតុទឹក ដែលអាចជួយរក្សាតុល្យភាពនៃបន្ទប់ទប់ទល់នឹងធាតុភ្លើង។ ការតាំងកញ្ចក់នៅច្រកចូលផ្ទះ ឬបន្ទប់ជួយឲ្យភ្ញៀវ ដែលមកលេងផ្ទះមានអារម្មណ៍ថាទទួលបានការស្វាគមន៍។

អត្ថបទដោយ: Vasna