BNI Pioneer Chapter កំណត់យុទ្ធសាស្រ្តចំនួន៤ សម្រាប់អាណត្តិទី៣

BNI Pioneer Chapter កំណត់យុទ្ធសាស្រ្តចំនួន៤ សម្រាប់អាណត្តិទី៣

ភ្នំពេញ៖ នៅក្នុងអាណត្តិទី៣នេះ BNI Pioneer Chapter បានដាក់ចេញយុទ្ធសាស្រ្តចំនួន ដើម្បីពង្រឹងស្ថាប័នបន្ថែមទៀត ក៏ដូចជាស្វែងរកអត្ថប្រយោជន៍ជូនម្ចាស់អាជីវកម្មដែលជាសមាជិកទាំងអស់ ក្នុងការបង្កើនការលក់សេវាកម្ម និងផលិតផល ទៅកាន់ក្រុមហ៊ុនជាដៃគូរ។

លោក ស្រី សំណាង ជា​ប្រធានរបស់ BNI Pioneer Chapter ក្នុងអាណត្តិទី៣  និងជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Gold Financial Global Investment​ (GFGI) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាជួញដូរឧបករណ៍និសន្ទរន៍នាំមុខគេនៅកម្ពុជា បានប្រាប់ KHB News ថា នៅឆ្នាំ២០២០នេះ គណៈគ្រប់គ្រងនៃ Pioneer Chapter បានរៀបចំផែនការយុទ្ធសាស្រ្តចំនួន៤ចំនុចគឺ៖  រៀបចំការប្រើប្រាស់ BNI Tools ទៅកាន់សមាជិកប្រកបដោយប្រសិទ្ធភាព ពង្រឹងវិន័យនៅក្នុងស្ថាប័ន ការចុះស្វែងយល់ផ្ទាល់លើអាជីវកម្មពី Leadership Team​ ទៅកាន់សមាជិក ក៏ដូចពីសមាជិកទៅកាន់ Leadership Team ដើម្បីអោយយល់កាន់តែច្បាស់ ងាយស្រួលក្នុងការណែនាំឳកាសអាជីវកម្ម និងចំនុចចុងក្រោយគឺការរៀបចំវគ្គចែករំលែកចំនេះដឹងថ្មីៗតាមរយៈ BNI U​ ក៏ដូចជាបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាក្នុងដំណើរការអាជីម្មពីសំណាក់ Leadership Team ។

BNI ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៥ ដែលរហូតមកដល់ពេលនេះ មានចំនួន ៧៤ប្រទេស និងមាន ៩.៥០០ក្រុម (Chapter) ដែលមានសមាជិកប្រមាណ ២៧០.០៧១នាក់នៅទូទាំងសកលលោក។ ក្នុងមួយឆ្នាំៗ BNI បានផ្តល់ឱកាសអាជីវកម្មដល់សមាជិករហូតដល់ ១១,៤ លាន ដែលបម្លែងជាសាច់ប្រាក់ស្មើរនឹង ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោក
ស្រី សំណាង បន្ថែមទៀតថាយុទ្ធសាស្រ្តទី១ គឺការលើកទឹកចិត្តឲ្យសមាជិកទាំងអស់បង្កើនការប្រើប្រាស់ Tools ទាំងឡាយរបស់ BNI ដែលនឹងជួយដល់ម្ចាស់អាជីវកម្មឲ្យមានការរីកចម្រើនលើសពីការរំពឹងទុក។ លោកសង្កត់ធ្ងន់ថា៖ «នៅអាណត្តិថ្មីនេះ ខ្ញុំនឹងធ្វើយ៉ាងណា ជំរុញឱ្យសមាជិកយល់កាន់តែច្បាស់អំពី Tools ទាំងនេះ»។

គួរបញ្ជាក់ផងដែរថា Tools របស់ BNI មានដូចជា៖ BNI Connect ដែលជាកម្មវិធីសម្រាប់ទំនាក់ទំនងរវាងសមាជិក, BNI U ដែលជាបណ្តុំនៃចំណេះដឹងពាក់ព័ន្ធនឹងអាជីវកម្ម, Member Success Program ដែលជាវគ្គបណ្តុះបណ្តាលសមាជិក, Member Passport ដែលជាសៀវភៅសម្រាប់ណែនាំដល់សមាជិក, និង BNI Name​ Card Holder ដែលជាសៀវភៅចងក្រងបណ្តុំសមាជិកទាំងអស់ ជាដើម។

យុទ្ធសាស្រ្តទី២​ គឺការពង្រឹងវិន័យ ដែលសមាជិកទាំងអស់ត្រូវតែគោរពទៅតាមវិន័យ និង បទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងដំណើរការ និង ចូលរួមសហការគ្នា ដើម្បីសម្រេចបានគោលដៅរួម។

យុទ្ធសាស្រ្តទី៣ គឺការចុះស្វែងយល់ផ្ទាល់លើអាជីវកម្មរបស់សមាជិកទៅវិញទៅមក ដើម្បីជួយបង្កើនប្រាក់ចំណូលសម្រាប់សមាជិកទាំងអស់ ក៏ដូចជាការបង្កើនប្រាក់ចំណូលសម្រាប់ក្រុមទាំងមូលផងដែរព្រោះនៅពេលសមាជិកទាំងអស់បានយល់ច្បាស់ពីសេវាកម្ម និងផលិតរបស់គ្នាទៅវិញទៅមក នាំឲ្យមានភាពងាយស្រួលក្នុងការណែនាំដល់ម្ចាស់អាជីវកម្មផ្សេងទៀត ដើម្បីគាំទ្រប្រើប្រាស់ក៏ដូចជាទិញផលិតផលទាំងនោះ។

លោកប្រធានវ័យក្មេងរូបនេះ បានថ្លែងថា នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ BNI Pioneer Chapter បានផ្តល់ឱកាសអាជីវកម្មរហូតដល់ ២.២៤៨ ឱកាសអាជីវកម្ម  ដល់សមាជិក ដែលបានបម្លែងជាសាច់ប្រាក់មានតម្លៃសរុប ៦.៧៩០.០០០ដុល្លារសហរដ្ឋអាមេរិក។

លោកបានបន្ថែមទៀតថា៖ «កាន់តែពិសេស នៅក្នុងអាណត្តិថ្មីនេះ យើងបានដាក់ផែនការសម្រេចឱ្យបានក្នុងរយៈពេល ៦ខែក្នុងអាណត្តិឆ្នាំ២០២០ នេះ ដោយបង្កើនសាច់ប្រាក់ ២លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត បានន័យថា គោលដៅររបស់យើង នឹងបន្ថែមឱ្យបាន ៨.៧៩០.០០០ដុល្លារអាមេរិច»។

សម្រាប់យុទ្ធសាស្រ្តទី៤​ គឺចំណេះដឹងនិងជំនាញពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកនាំក៏ដូចជាគ្រប់គ្រងទៅលើអាជីវកម្មរបស់ខ្លួន។ នៅក្នុង Pioneer Chapter មានឃ្លាំងសិក្សា (BNI U) ក្នុងការផ្តល់ចំណេះដឹងបន្ថែមទៅដល់សមាជិកក៏ដូចជាលោក លោកស្រីដែលចង់ចូលរួមជាសមាជិក។

លោកសង្កត់ធ្ងន់ថា៖ «
ការចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាជាក់ស្តែងដែលម្ចាស់អាជីវកម្មម្នាក់ៗបានជួបប្រទះ មិនមានបង្រៀននៅក្នុងសាលានោះទេ ប៉ុន្តែមាននៅ Pioneer Chapter ​វាជាការជួយជាគំនិត និងវិធីសាស្រ្តល្អៗ ដើម្បីឲ្យអាជីវកម្មរបស់សមាជិកទាំងអស់ដំណើរការបានរលូន និងមានភាពរីកចំរើន»។

អ្វីដែលពិសេសជាងនេះទៅទៀត លោក សំណាងប្រាប់ KHB News ថា នេះជាពេលវេលាដ៏ល្អបំផុត ដែលម្ចាស់អាជីវកម្មទាំងឡាយណាដែលកំពុងមានបំណងចង់បង្កើនប្រាក់ចំនូល ក៏ដូចជា​ទំនាក់ទំនងនិងចំណេះដឹងក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីអាជីវកម្មបែបគ្រួសារទៅជាអាជីវកម្មដែលមានស្តង់ដា គួរចូលរួមជាមួយ Pioneer Chapter។

លោកថ្លែងថា៖ «ថ្ងៃនេះអស់លោក លោកស្រីនឹងមានឳកាសជួបជាមួយម្ចាស់អាជីវកម្មជិត ៣០នាក់ ដែលអាចជួយលោកលោកស្រីក្នុងការបង្កើនប្រាក់ចំនូល»។

ជាបទពិសោធន៍ផ្ទាល់ខ្លួន លោកស្រី សំណាង លើកឡើងថា Pioneer Chapter ផ្តល់អត្ថប្រយោជន៍ច្រើនដល់លោក ដូចជា ការបង្កើនការលក់ ការទទួលបានចំណេះដឹង និង បទពិសោធន៍ល្អៗ​ និង មិត្តភាពយូរអង្វែងរវាងសមាជិក។ «ក្នុងរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ ដែលខ្ញុំចូលជាសមាជិកBNI ក្រុមហ៊ុន GFGI មានការរីកចម្រើនខ្លាំង តាមរយៈការទទួលបាននូវចំណេះដឹងបន្ថែមក្នុងការដឹកនាំ គន្លិះដោះស្រាយបញ្ហាល្អៗ និងការបង្កើតនូវទំនាក់ទំនងជាមួយនឹងម្ចាស់អាជីវកម្មថ្មីៗជាច្រើន។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទទួលបានការលក់កើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចនិយាយបានថា កើនឡើង ១ គុណនឹង ៥»។

ក្នុងនាមជាប្រធាន BNI Pioneer Chapter លោក ស្រី សំណាង អញ្ជើញម្ចាស់អាជីវកម្មទាំងឡាយ ដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើនឱកាសអាជីវកម្ម មិត្តភាព និង ចំណេះដឹងបន្ថែម មកចូលរួមប្រជុំរៀងរាល់ថ្ងៃពុធ នៅអគារ​​ Diamond Twin Towel ជាន់ទី១៥ ចាប់ពីម៉ោង 6:30 ដល់ ម៉ោង 8:40 ព្រឹក។

គួរបញ្ជាក់ផងដែរថា BNI Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដែលបច្ចុប្បន្នមាន៣ តំបន់ និងចំនួន ២១​ក្រុម និង សមាជិកសរុបចំនួន ៧៤០នាក់។ Pioneer Chapter ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលជាក្រុមទី៩ ស្ថិតនៅក្នុងតំបន់ភ្នំពេញ២​ ជាមួយសមាជិក២៥នាក់។

 

អត្ថបទដោយ: Vutha