អំពូលភ្លើងវ៉ៃឆ្លាត LED ដ៏ទំនើបរបស់ជប៉ុន នឹងបំពាក់នៅតាមមហាវិថីធំៗ 3 នៅភ្នំពេញ និងសៀមរាប

ភ្នំពេញ: អំពូលភ្លើងឆ្លាតវ៉ៃប្រភេទ LED Smart Light ដ៏ទំនើបរបស់ក្រុមហ៊ុន Minebea Mitsumi របស់ប្រទេសជប៉ុនជាង 1 ពាន់អំពូល ត្រូវបានក្រុមអ្នកជំនាញ កំពុងបំពាក់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ខណៈគម្រោងនេះនឹងបន្តនៅមហាវិថីព្រះនរោត្តម និងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន KHB Media នៅថ្ងៃទី 1 មិថុនានេះថា ក្រុមអ្នកជំនាញកំពុងតម្លើងអំពូល LED វៃឆ្លាត (Smart Light) នៅមហាវិថី 60 ម៉ែត្រ។ អំពូលឆ្លាតវៃដែរជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសជប៉ុននេះ អាចគ្រប់គ្រង នឹងបញ្ជាប្រព័ន្ធភ្លើងឲ្យបំភ្លឺតាមដងផ្លូវដោយស្វ័យប្រវត្តិ ពន្លឺច្បាស់ និងសន្សំសំចៃថាមពល។ លោកបន្តថា មហាវិថីទាំង 3នេះ នឹងត្រូវប្រើប្រាស់អំពូលភ្លើងចំនួន 1,058 អំពូល។ លោក មាសភក្ដី ថា៖«អត្ថប្រយោជន៍របស់អំពូលវៃឆ្លាត គឺវាអាចគ្រប់គ្រងកម្រិតពន្លឺបីប្រភេទ គឺមាន 50 ភាគរយ70 ភាគរយ និង100 ភាគរយ អ៊ីចឹងវាប្រើស្វ័យប្រវត្តិ ហើយប្រេីប្រាស់ថាមពលតិចទៀត»។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី ៣១ឧសភានេះ ត្រូវបានសារព័ត៌មាន AKP ដកស្រង់សំដីថា លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi បានថ្លែងប្រាប់សម្ដេច ហ៊ុន សែន ក្នុងអំឡុងពេលសម្ដេចទៅទស្សនៈកិច្ចនៅជប៉ុនកន្លងទៅថ្មីៗនេះថា ក្រុមហ៊ុនMinebea Mitsumi បាននឹងកំពុងជួយរៀបចំបំពាក់អំពូលភ្លើងដ៏ទំនើបប្រភេទ LED នៅតាមដងផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដោយត្រៀមអំពូលភ្លើងចំនួន 5ពាន់គោម និងនៅខេត្តសៀមរាប 2ពាន់គោម ដោយបច្ចេកទេសទំនើបស្វ័យប្រវត្តិ មិនចាំបាច់តប្រើខ្សែអគ្គិសនីទេ។
លោក Yoshihisa Kainuma បន្ថែមថា អំពូលភ្លើង LED ជាបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដូចជា សន្សំសំចៃភ្លើង គុណភាពល្អ គិតគូរពីបរិស្ថាន ងាយស្រួលជួសជុល ក៏ដូចជាការលើកកម្ពស់សោភ័ណ្ឌភាព និងធ្វើឲ្យរាជធានីភ្នំពេញក្លាយទៅជាទីក្រុងឆ្លាតវៃផងដែរ។ លោកសង្កត់ថា វាអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់ 80 ភាគរយ បើប្រៀបធៀបនឹងអំពូលភ្លើងធម្មតា និងអាចតម្លើង ឬបន្ថយពន្លឺតាមរយៈទូរបញ្ជាតាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍តាមដងវិថី។ លោកថា៖«អំពូលភ្លើងនេះ គឺជួយដល់ផ្នែកសន្តិសុខនៅពេលយប់ និងធានាសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយការចំណាយថវិកាច្រើនរបស់រដ្ឋដែរ»។ ក្នុងនោះ សម្ដេច ហ៊ុន សែន បានណែនាំឲ្យភាគីក្រុមហ៊ុនបន្តធ្វើការងារនេះនៅតាមបណ្តាខេត្តផ្សេងៗទៀតនៅកម្ពុជាបន្ថែមទៀត៕