Elite Town 3 ស្ថាបត្យកម្មបែបបារាំងនៅកោះពេជ្រ គ្រោងបញ្ចប់ដំណាក់កាលទី២នៅឆ្នាំ២០១៩

Elite Town 3 ស្ថាបត្យកម្មបែបបារាំងនៅកោះពេជ្រ គ្រោងបញ្ចប់ដំណាក់កាលទី២នៅឆ្នាំ២០១៩
បុរីវរជន៣ រឺ Elite Town 3 ដែលត្រូវបានរចនាឡើងតាម ស្ថាបត្យកម្មបែបបារាំង ស្ថិតនៅកណ្តាលទីក្រុងរណបកោះពេជ្រ គ្រោង​បញ្ចប់ការសាងសង់ដំណាក់កាលទី២នៅឆ្នាំ២០១៩ខាងមុខនេះ ខណៈសាងសង់បានជាង៧០ភាគរយហើយ។ លោក ជិន ហុក នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ Diamond Island City Development ដែលគ្រប់គ្រងលើ​គម្រោង​ទាំងអស់នៅ​កោះពេជ្រ បានមានប្រសាសន៍ប្រាប់ សារព័ត៍មាន KHB Media ថា Elite Town III គឺជាគម្រោងស្តង់ដារបារាំង​ បែបអភិជន ដែលកំពុងអភិវឌ្ឍន៏សំណង់ផ្ទះល្វែងលក្ខណៈអាជីវកម្ម សំរាប់ប្រកបអាជីវកម្ម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ដ៏ខ្លីខាងមុខនេះ ។ លោកបានបន្តថា ការសាងសង់គម្រោងនេះបានចាប់ផ្តើមឡើងកាលពីដើមឆ្នាំ២០១៧ នៅលើផ្ទៃដីជាង២ហិកតា។ ចំពោះ​ដំណាក់កាលទី១ គម្រោងនេះបានសាងសង់ផ្ទះប្រមាណ១៤៧ផ្ទះ ដែលមានកំពស់​ ៥​ ជាន់កន្លះ មានទំហំទទឹងចាប់ពី ៤ទៅ ៤.២ម៉ែត្រ និងបណ្តោយចាប់ពី១៦ ម៉ែត្រ ទៅ ១៧ម៉ែត្រ ព្រមទាំងមានជណ្តើរយន្តគ្រប់ផ្ទះ ហើយមានតម្លៃប្រមាណ ១លាន​ដុល្លារអាមេរិកឡើងទៅ ដែលនឹងត្រូវ​បញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៨នេះ។ សម្រាប់ដំណាក់កាលទី២ នឹងត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩។​ លោកបានលើកឡើងថា សម្រាប់ការសាងសង់នៅដំណាក់កាលទី៣ និង ទី៤ មិនទាន់ត្រូវបានកំណត់​ពេលវេលា​ច្បាស់​លាស់​នៅឡើយទេ ដោយសារវាអាស្រ័យលើល័ក្ខខ័ណ្ឌជាក់ស្តែង និង ដំណើរការលក់ នៅក្នុងដំណាក់កាលទី១ និង ទី២​ជាមុនសិន។ លោកបានបន្ថែមថា ចំពោះចំណុចពិសេសរបស់គម្រោងនេះ ដែលខុសគ្នានឹងសបហោសន៍​ផ្សេងៗ​ទៀត  ត្រង់មានចំណត​រថយន្តក្រោមដីផ្ទាល់ខ្លួន​ និងលំហពាណិជ្ជកម្មធំទូលាយ​តាមលក្ខណ:ស្តង់ដាដ៏ទំនើប ។ ខុសគ្នាពីកម្រោងបូរីភាគច្រើន Elite Town 3 ក៏ដូចជាគម្រោងនានានៅលើទីក្រុងកោះពេជ្រនេះដែរ  ដែលក្រុមហ៊ុននឹង​ផ្តល់​ប្លង់​កម្មសិទិ្ធជារៀងរហូតដល់ម្ចាស់ផ្ទះ។ ខណៈដែលក្រុមហ៊ុនបានលក់អស់ជាង ៨០យូនីត មកទល់ពេលនេះ អតិថិជនគោល​ដៅគឺជាជនជាតិខ្មែរ ដែលចង់បានលំនៅឋានសម្រាប់រស់​នៅ និងធ្វើអាជីវកម្មផង។ គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រផ្ទាល់ ដែលជាបុត្រសម័ន្ធនៃ ក្រុមហ៊ុន OCIC ហើយ​ទទួលបានហិរញ្ញបទានពីធនាគារកាណាឌីយ៉ា។ យ៉ាងណាមិញ ឯកឧត្តម ជា សុផារា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានលើកឡើងថា កម្ពុជានឹង​មានតម្រូវការលំនៅឋានប្រមាណ១លានខ្នងទៀតនៅក្នុងតំបន់ទីក្រុង និងប្រមាណ ៨០ម៉ឺនខ្នងទៀត សម្រាប់តំបន់ទីប្រជុំជន នៅរយៈពេល ១៥ ឆ្នាំខាងមុខ។ ឯកឧត្តម បានបន្ថែមទៀតថា ទោះបីជាកម្ពុជាមានទីក្រុងរណប បុរី ផ្ទះល្វែង ជាច្រើនយ៉ាងណាក៏ដោយ ក៏តម្រូវការនៃការរស់​នៅ​មិនចេះរីងស្ងួតឡើយ ព្រោះមនុស្សកើតសំណង់ត្រូវតែកើត ។ គួរជម្រាបផងដែរថា សព្វថ្ងៃនេះកម្ពុជាមាន បូរី លំនៅឋាន និង និងទីក្រុងរណប ​សរុបប្រមាណ ១៨៧ទីតាំង និងមានសំណង់​អគារ​​ខ្ពស់ៗចាប់​ពី​៥ជាន់​ឡើងទៅ ចំនួន ៩២៥អគារ ដែលមានទុនវិនិយោគ ប្រមាណ ៦,២៦៧ លានដុល្លារអាមេរិក នៅឆ្នាំ​២០១៧។  
អត្ថបទដោយ: Vutha