កូវីដ១៩ បានក្លាយជាឱកាសមាសសម្រាប់អ្នកវិនិយោគក្នុងវិស័យ Forex

(ភ្នំពេញ)៖ ការរីករាលដាលនៃជំងឺកូវីដ១៩) Covid-19) បានជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលយូរ ប៉ុន្តែអ្នកជំនាញក្នុងវិស័យជួញដូរឧបករណ៍និស្សន្ទ (Forex) មើលឃើញថា នេះគឺជាឱកាសវិនិយោគស្វែងរកប្រាក់ចំណេញដ៏ធំមួយ។
លោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Gold Financial Global Investment Co., Ltd (GFGI) ដែលជាក្រុមហ៊ុនផ្តល់សេវាជួញដូរឧបករណ៍និស្សន្ទនាំមុខគេនៅកម្ពុជា បានប្រាប់ KHB News ថា ឧបករណ៍និស្សន្ទទាំងឡាយដូចជា រូបិយប័ណ្ណអន្តរជាតិ ប្រេងឆៅ មាស និង លោហមានតម្លៃផ្សេងៗ ប្រែប្រួលតម្លៃយ៉ាងខ្លាំង ដោយសារបណ្តារប្រទេសមហាអំណាច បានទម្លាក់អត្រាការប្រាក់នៅតាមធនាគារ និង បោះពុម្ពក្រដាសប្រាក់បន្ថែម ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ ដល់សេដ្ឋកិច្ចរបស់ខ្លួន និង សកលលោក។
លោកពន្យល់ថា ក្នុងស្ថានភាពនេះ អ្នកវិនិយោគក្នុងវិស័យ Forex ក៏ទទួលឥទ្ធិពលខ្លាំងផងដែរ។ ប៉ុន្តែនៅក្នុងបញ្ហាក៏មានឱកាស ដែលអ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញខ្ពស់ពីការប្រែប្រួលតម្លៃដ៏គំហ៊ុកនេះ ដែលវាអាស្រ័យលើការតាមដានព័ត៌មានទៀងទាត់ លើការប្រែលប្រួលលើរូបិយប័ណ្ណណាមួយ ដែលពួកគេបានវិនិយោគ។
លោកថ្លែងថា៖ »ដោយសារតែនៅក្នុងស្ថានភាពបច្ចុប្បន្ន សាធារណៈជនកំពុងព្យាយាមស្វែងរកប្រាក់ចំណូលបន្ថែមតាមរយៈការវិនិយោគផ្សេងៗដែលក្នុងនោះ ក៏មានការវិនិយោគលើវិស័យ Forex នេះផងដែរ។ ប៉ុន្តែអ្វីដែលយើងត្រូវដឹង គឺបម្រែបម្រួលទីផ្សារ មានភាពរហ័ស ដូច្នេះការជួញដូរ ត្រូវតែមានភាពប្រយ័ត្នប្រយែងខ្ពស់ជានិច្ច«។
ទោះបីស្ថិតក្នុងអំឡុងវិបត្តិកូវីដ១៩នេះក្តី ក្រុមហ៊ុន GFG Investment មិនបានទទួលរងផលអាក្រក់ពីវិបតិ្តកូវីដ១៩នេះទេ ដោយសារតែក្រុមហ៊ុនបានផ្តោតលើការផ្តល់សេវាប្រឹក្សាយោបល់ពីការជួញដូរ តាមប្រព័ន្ធអនឡាញ (Online) ជាមួយនឹងបុគ្គលិកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលនាំឲ្យក្រុមហ៊ុនទទួលបានការវិនិយោគពីអតិថិជនច្រើនជាងស្ថានភាពមុនវិបតិ្តកូវីដ១៩ ទ្វេរដង។
ចំពោះការវិនិយោគលើរូបិយវត្ថុអន្តរជាតិ ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ នាយកគ្រប់គ្រងវ័យក្មេងរូបនេះ បានបង្ហើបថា អតិថិជនគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន ២ សំខាន់ គឺ
៖ (១) កុំយកសាច់ប្រាក់ចាំបាច់មកវិនិយោគ និង (២) ត្រូវកំណត់ទំហំសាច់ប្រាក់វិនិយោគឱ្យច្បាស់លាស់ រួមផ្សំជាមួយនឹងការយល់ដឹងស៊ីជម្រៅលើវិស័យជួញដូររូបិវត្ថុនេះផងដែរ។
លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើអតិថិជនសម្រេចចិត្តវិនិយោគលើវិស័យនេះ លោកអ្នកគួរតែចាប់ផ្តើមជាមួយនឹងសាច់ប្រាក់ទំហំតូចជាមុនសិន ខណៈទីផ្សារបច្ចុប្បន្នមានការប្រែប្រួលខ្លាំង។ លើសពីនេះ បើសិនជាអតិថិជន អាចក្តាប់ព័ត៌មានបានល្អ ការទទួលបានការប្រឹក្សាចេញពីក្រុមហ៊ុនដែលមានជំនាញវិជ្ជាជីវៈខ្ពស់ គាត់នឹងអាចទទួលបានផលចំណេញចេញពីទីផ្សារនេះជាទីគាប់ចិត្ត នៅក្នុងអំឡុងវិបតិ្តកូវីដ១៩នេះ»។
បើទោះបីជាការវិនិយោគលើឧបករណ៍និស្សន្ទ ដែលជាការជួញដូរលើគម្លាតថ្លៃ ដូចជាហាងឆេងរូបិយវត្ថុ មាស ប្រេងឆៅ ត្រូវបានចាត់ទុកថា ជាការវិនិយោគមានហានិភ័យខ្ពស់ជាងការវិនិយោគលើផ្សារហ៊ុនក៏ដោយ ប៉ុន្ដែការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ហាក់នៅតែមានសន្ទុះងើបឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ គណៈកម្មការមូលបត្រកម្ពុជា រំពឹងថា ទំហំនៃការជួញដូរឧបករណ៍និស្សន្ទនេះ អាចនឹងហក់កើនឡើងដល់ ២០០ លានដុល្លារអាមេរិក ដែលកើនឡើងពី ១២០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានប្រាប់គេហទំព័រ Cambonomist ថា ទីផ្សារ Forex មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះ ទំហំជួញដូរក្នុងវិស័យនេះ បានកើនឡើងពី ៨៤ លានដុល្លារកាលពីឆ្នាំ២០១៨ មកដល់ ១២០ លានដុល្លារ នៅឆ្នាំ២០១៩ ហើយរំពឹងថា នឹងកើនឡើងដល់ ២០០ លានដុល្លារអាមេរិក នៅឆ្នាំ២០២០នេះ។
ឯកឧត្តមបានថ្លែងថា៖ »ហេតុផលដែលធ្វើឲ្យការជួយដូរឧបករណ៍និស្សន្ទនេះ មានកំណើនខ្ពស់គឺដោយសារតែវាជាផលិតផលមួយដែលអាចជួញដូរបានគ្រប់ពេលវេលា ពោលគឺបើកទីផ្សារ២៤ម៉ោងតែម្ដង ខុសពីការជួយដូរផ្សារហ៊ុនដែលមានម៉ោងកំណត់។ ការជួញដូរឧបករណ៍និស្សន្ទនេះ មានតាំងពីមុនពេលមានការគ្រប់គ្រងពីអាជ្ញាធរទៅទៀត«។
គួរបញ្ជាក់ផងដែរថា ខណៈវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) អាចនឹងផលិតរួចរាល់នៅចុងឆ្នាំ២០២០ នេះ បើតាមការវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចនានាបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោក អាចនឹងរងប៉ះពាល់រហូតដល់រយៈពេល ២ឆ្នាំទៀត។
លោកស្រី សំណាង ថ្លែងថា GFGI បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងរៀបចំផែនការថ្មីៗ ដើម្បីស្វែងរកផលចំណេញជូនដល់អតិថិជន ដោយធ្វើយ៉ាងណា រក្សានូវគុណភាព ជាមួយការនឹងការប្រឹក្សាយោបល់ជូនអតិថិជនតាមរយៈប្រព័ន្ធអនឡាញជារៀងរាល់ថ្ងៃ ព្រមទាំងការវិភាគតាមអនឡាញដើម្បីផ្តល់ជូនព័ត៍មានច្បាស់លាស់ជូនអតិថិជន និងពង្រឹងសមត្ថភាពរបស់បុគ្គលិកជានិច្ច។