គណៈវិស្វករកម្ពុជា ជូនដំណឹងឲ្យវិស្វករចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលពីច្បាប់សំណង់លើកទី២

គណៈវិស្វករកម្ពុជា ជូនដំណឹងឲ្យវិស្វករចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលពីច្បាប់សំណង់លើកទី២

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា បានជូនដំណឹងជាថ្មី ដល់វិស្វករចុះបញ្ជី និងវិស្វករអាជីព ជំនាញសំណង់ស៊ីវិល និងជំនាញអគ្គិសនី នៃគណៈវិស្វករកម្ពុជា នៅទូទាំងប្រទេសដែលអវត្តមានមិនបានចូលរួមប្រជុំផ្សព្វផ្សាយស្ដីពី ច្បាប់សំណង់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ កន្លងមកនៅសណ្ឋាគារសុខាភ្នំពេញជ្រោយចង្វា ឱ្យចូលរួមវគ្គទី២ទៀតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា  លោក លឹម សុ​ថាវ បានប្រាប់ KHB News ​ថា មូលហេតុដែលគណៈវិស្វករជូនដំណឹងជាថ្មី ព្រោះនៅមាន វិស្វករដែលចុះបញ្ជី និងវិស្វករអាជីព ជំនាញសំណង់ស៊ីវិល និងជំនាញអគ្គិសនី នៃគណៈវិស្វករកម្ពុជា បានអវត្តមានចូលរួមវគ្គបណ្តុះ​បណ្តាលពីច្បាប់សំណង់លើកទី១។

 

ហេតុនេះ ក្នុងនាមជាអគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា លោកសូមអំពាវនាវដល់ គ្រប់វិស្វករទាំង​អស់ ទាំងជាតិ និងវិស្វករបរទេស នៃគណៈវិស្វករកម្ពុជា ចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីសិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់ ដើម្បី​ធានាបាន​​នូវ​​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា។

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់វិស្វករកម្ពុជា ដើម្បីបម្រើការងារ​លើវិស័យសំណង់ ព្រោះវិស្វករត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ដែលមាន នៅក្នុងច្បាប់នេះ។លោកថា វគ្គបណ្តុះបណ្តាលពីច្បាប់សំណង់លើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញជ្រោយចង្វា។

ពាក់ព័ន្ធវគ្គបណ្តុះបណ្តាលពីច្បាប់សំណង់នេះដែរ ថ្លែងក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នាពេលថ្មីៗនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់ ដើម្បីឲ្យការអនុវត្តច្បាប់សំណង់ ដែលទើបតែអនុម័ត និងដាក់ឲ្យប្រើប្រាស់ថ្មីៗនេះកាន់តែមានប្រសិទ្ធភាព និង ស័ក្តសិទ្ធភាព ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នឹងធ្វើការបណ្តុះបណ្តលដល់សិស្សនិស្សិត និងវិស្វករ ក៏ដូចជាស្ថាបត្យករពីច្បាប់នេះ ចាប់ពីខែ​មករា រហូតដល់ខែមិនា ឆ្នាំ២០២០។

លោក ជា សុផារ៉ា ក៏បានអំពាវដល់អ្នកដែលពាក់ព័ន្ធក្នុងវិស័យសំណង់ ពិសេសសិស្សនិស្សិត និងវិស្វករ ក៏ដូចជាស្ថាបត្យករ ចូលរួមសិក្សាស្វែងយល់ និងធ្វើការផ្សព្វផ្សាយច្បាប់នេះឲ្យបានទូលំទូលាយនៅទូទាំងប្រទេស ដើម្បីប្រាកដថា ច្បាប់នេះត្រូវបានជ្រួលជ្រាបដល់បណ្តាភាគីពាក់ព័ន្ធទាំងអស់។

ក្រៅពីអំពាវនាវនេះ លោក ជា សុផារ៉ា ក៏បានបន្តក្រើនរំលឹកវិស្វករ និងស្ថាបត្យករនៅក្នុងវិស័យ​សំណង់ទាំងអស់ត្រូវតែគោរព បទដ្ឋានបច្ចេកទេស ស្តង់ដារសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព សោភ័ណភាព សុវត្ថិភាពសំណង់ជាដើម ។

ជាងនេះទៀត ក្រុមហ៊ុនឬវិស្វករ និងស្ថាបត្យ​ករដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការធ្វើអាជីវកម្មលើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវមានការទទួលខុសត្រូវនិងត្រួតពិនិត្យការដ្ឋានសាងសង់ឲ្យបានហ្មត់ចត់និងចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

គួរបញ្ជាក់ដែរថា ច្បាប់សំណង់ ដែលបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៣ ខែ វិច្ចិកា ឆ្នាំ២០១៩ មានទាំងអស់២២ជំពូក និង១១១មាត្រា។ ច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​គុណ​ភាព សន្ដិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យ​សម្បត្តិ​និង​សុខុមាល​ភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើ​ប្រាស់​សំណង់ និង​សាធារណ​ជន​។ ​ ​ច្បាប់​ថ្មី​នេះ ក៏​នឹង​បង្កើន​គណ​នេយ្យ​ភាព និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រកប​ការ​ងារ និង​ការ​ប្រកប​វិជ្ជា​ជីវៈ​ក្នុង​វិស័យ​សំណង់ ព្រម​ទាំងបង្កើន​ការ​ជឿ​ទុក​ចិត្ត​របស់​វិនិយោ​គិន​នៅ​ក្នុង​វិស័យ​សំណង់​ផង​ដែរ​។

បើតាមការឲ្យដឹងពីគណៈវិស្វករកម្ពុជា បានឲ្យដឹងថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលរៀបចំ​ដោយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ កន្លងទៅ មានអ្នកចូលរួមជា វិស្វករចុះបញ្ជីនៅ​គណៈវិស្វករ​កម្ពុជា ចំនួន៣៤២រូប ក្នុងនោះវិស្វករសំណង់ស៊ីវិលចំនួន៣៣៦រូប និងវិស្វករអគ្គីសនី​ចំនួន៦រូប ខណៈមានវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ចំនួន ២ ២៨០រូប បានអវត្ថ​មាន មិនបានចូលរួមកាលពីវគ្គបណ្តុះបណ្តាលលើកទី១៕

 

អត្ថបទដោយ: Pisey