លំនៅឋានបែបធម្មជាតិរចនាបទបែបខ្មែរ-អឺរ៉ុបនឹងលេចរូបរាងក្នុងខេត្តសៀមរាប ឆាប់ៗនេះ

គម្រោងលំនៅឋានលំហែកាយបែបធម្មជាតិដំបូងគេបង្អស់នឹងលេចរូបរាងឡើងនៅក្នុងខេត្តសៀមរាបនាពេលដ៏ខ្លីខាងមុខនេះ ដែលវានឹងចូលរួមចំណែកលើកស្ទួយមុខមាត់និងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដោយសំណង់រួមបញ្ចូលរចនាបទស្ថាបត្យកម្មបែបខ្មែរនិងអឺរ៉ុប។
គម្រោងលំនៅឋានលំហែកាយបែបធម្មជាតិនេះ អភិវឌ្ឍដោយ ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះនឹងរួមបញ្ចូលរចនាបទខ្មែរ និងអឺរ៉ុប ដោយក្នុងនោះរួមមាន៖ វីឡាទោល បឹងហ្គាឡូបែបអឺរ៉ុប វីឡាកូនកាត់បែបខ្មែរ វីឡាភ្លោះ២ជាន់បែបជប៉ុន និងផ្ទះល្វែងបែបទំនើបបែបខុនដូ។ នេះបើយោងតាម លោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍។
លោក សុខខូយ បានថ្លែងថា គម្រោងនេះគឺផ្តោតខ្លាំងទៅលើធម្មជាតិ ពីព្រោះរាល់ការរចនាប្លង់និងម៉ូតផ្ទះត្រូវបានគិតគូយ៉ាងហ្មត់ចត់អំពីភាពបៃតង និងខ្យល់ធម្មជាតិ។ លោកបន្តថា៖«នៅក្នុងផ្ទះ យើងរក្សាទុកនូវចន្លោះសម្រាប់បន្សុតខ្យល់ចេញចូល រីឯបរិវេនខាងក្រៅផ្ទះយើងរក្សាទុកលំហរសម្រាប់ដាំដើមឈើ។» លោកបន្តថា គ្រប់សំណង់គេហដ្ឋានក៏ត្រូវបានបញ្ចូលនូវគំនិតស្ថាបត្យកម្មច្របាច់បញ្ចូលគ្នា រវាងស្ថាបត្យកម្មខ្មែរ និងអឺរ៉ុប។
លោកបន្ថែមថា៖«និយាយជារួមគំនិតបញ្ចូលស្ថាបត្យកម្មខ្មែរ និងអឺរ៉ុបនេះ គឺជាគោលគំនិតរបស់ក្រុមហ៊ុន ពីព្រោះថាបើយើងវិនិយោគលើវិស័យអចលន្រទ្យគឺយើងគិតមុនគេលើធម្មជាតិ ហើយនិងរចនាបទរបស់យើងខុសប្លែកពីគេ ដោយសារយើងយករចនាបថបុរាណប្រែទៅជារចនាមួយដែលទាន់សម័យ។»
លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា គម្រោងនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនទាំងក្នុង និងក្រៅស្រុក ដោយសារចំនុចពិសេសនៅក្នុងគម្រោងនេះ បានផ្តល់នូវការរស់នៅមួយផ្សាភ្ជាប់យ៉ាងជិតស្និតរវាង មនុស្ស និងធម្មជាតិ ព្រមជាមួយនឹងម៉ូតផ្ទះរចនាបទស្ថាបត្យកម្មខ្មែរនិងអឺរ៉ុប។
លោក សុខខូយថ្លែងថា៖ «ម៉ូតបច្ចុប្បន្នមានការចាប់អារម្មណ៍ច្រើន ជាពិសេសអតិថិជនចាប់ពីកម្រិតមធ្យម ទៅកម្រិតខ្ពស់ ពួកគាត់ចាប់អារម្មណ៍លើការឌីហ្សាញ មិនថាអតិថិជនក្នុងស្រុកទេ ប៉ុន្តែអតិថិជនក្រៅប្រទេសក៏ចាប់អារម្មណ៍ដែរ។» លោកបន្តថា អតិថិជនរបស់លោកប្រមាណពី៣០ទៅ៤០ភាគរយគឺជាអតិថិជនក្រៅស្រុក។
ក្រៅតែពីគម្រោងលំនៅឋានបែបធម្មជាតិ ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ក៏មានមហិច្ចតាប្រែក្លាយគម្រោងរបស់ខ្លួនឱ្យទៅជាទីក្រុងទេសចរណ៍តាមបែបធម្មជាតិធំមួយនាពេលអនាគតផងដែរ។
លោកអគ្គនាយកក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍បញ្ជាក់ថា៖«ក្រុមហ៊ុនចង់បង្កើតសហគមន៍រស់នៅ ដែលផ្សាភ្ជាប់យ៉ាងជិតស្និតជាមួយធម្មជាតិ រាប់ចាប់ពី គម្រោងតូចមួយ ភូមិមួយ ក្រុងរណបមួយរហូតក្លាយទៅជាទីក្រុងទេសចរណ៍ធម្មជាតិថ្មីនាដែនដីអង្គរយើងនេះ ដោយគម្រោងទៀតសោធ នឹងដាំដើមឈើដែលល្អ មានផ្កាល្អ និងប្រភេទឈើព្រៃដែលមានក្លិនក្រអូប ពោលគឺប្រភេទឈើចម្រុះ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក៏បានសរសើរ និងសាទរខ្ពស់នូវគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសៀមរាបដែលបានរចនាម៉ូតតាមបែបខ្មែរ និងគិតគូរពីធម្មជាតិ។ លោកថ្លែងយ៉ាងដូច្នេះថា«៖ ខ្ញុំគិតថាវាល្អ ហើយអាជ្ញាធរក៏អបអរសាទរចំពោះការវិនិយោគប្រភេទបែបនេះដែរទាំងផ្នែកឯកជន និងផ្នែករដ្ឋ ។»
លោក សំរិទ្ធ មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះខេត្តមានតែគម្រោងអភិវឌ្ឍន៍ឯកជនមួយចំនួនកំពុងដំណើរការ ដែលជាគម្រោងនៅសេសសល់ពីឆ្នាំកន្លងទៅ តែបើក្នុងឆ្នាំនេះវិញមិនទាន់មានគម្រោងណាមួយចូលមកនៅឡើយទេ គ្រាន់តែមានផែនការតែប៉ុណ្ណោះ»។
ដោយឡែក លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងវិស័យអចលទ្រព្យក្នុងខេត្តសៀមរាបបានធ្លាក់ចុះខ្លាំងប្រមាណជាង៨០ភាគរយ ជាពិសេសក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ហើយស្ថានភាពនេះ នឹងត្រូវការពេលវេលារហូតដល់ឆ្នាំ២០២៣។
លោកស្រី សុធីតា ក៏បានបន្តថា នាពេលបច្ចុប្បន្ននេះ ក្រៅតែពីការវិនិយោគលើវិស័យសណ្ឋាគារ ខេត្តសៀមរាបក៏មានការវិនិយោគលើវិស័យផ្សារទំនើប ខុនដូ លំនៅឋាន និងផ្ទះបែបលំហែរកាយផងដែរ។ លោកស្រីបន្តថា៖«ទីផ្សារមួយដែលរីកចម្រើន មិនអាចពឹងអាស្រ័យទៅលើវិស័យតែមួយនោះទេ គឺត្រូវអភិវឌ្ឍន៍ចម្រុះ។» លោកស្រី សុធីតា ថ្លែងដូច្នេះថា៖ ខ្ញុំឃើញថាអ្នកដែលគាត់មានដី និងអ្នកវិនិយោគភាគច្រើនពីមុនគាត់វិនិយោគលើសណ្ឋាគារ បដិសណ្ឋារកិច្ច ក៏ប៉ុន្តែឥឡូវ ពួកគាត់បានងាកមកវិនិយោគលើវិស័យ ផ្ទៈលំនៅឋានបែបលំហែរកាយ ក៏ដូចជាអេកូរីសតជាដើម ហើយក៏ខ្ញុំគិតថាការវិនិយោគគម្រោងលំនៅ
ឋាន និងប្រភេទផ្ទះអេកូរីសតនេះ នឹងអាចរីកចម្រើននៅក្នុងរយៈពេល៣ ទៅ៥ឆ្នាំខាងមុខទៀត។»៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រផ្លូវការរបស់ក្រុមហ៊ុន វ្យាធបុរៈតាមរយៈលីងខាងក្រោម៖
https://www.facebook.com/vyeartakborak/