ក្រុមហ៊ុនថៃវិនិយោគ ៤៥៧លានដុល្លាលើរោងចក្រថាមពលព្រះអាទិត្យ៤ នៅវៀតណាម

ក្រុមហ៊ុនថៃវិនិយោគ ៤៥៧លានដុល្លាលើរោងចក្រថាមពលព្រះអាទិត្យ៤ នៅវៀតណាម

វៀតណាម៖ សាជីវកម្មថាមពលរបស់ប្រទេសថៃ Super Energy Corporation ថ្មីៗនេះបានប្រកាសថានឹងវិនិយោគ ទៅលើគម្រោងរោងចក្រថាមពលដើរដោយពន្លឺព្រះអាទិត្យចំនួន៤ នៅក្នុងខេត្ត Binh Phuoc ប្រទេសវៀតណាម ដែលស្មើនឹងលទ្ធភាពផលិតអគ្គីសនីសរុប ៧៥០មេកាវ៉ាត់។

តាមរយៈការវិនិយោគនេះ Super Energy Corporation នឹងចំណាយទឹកប្រាក់ប្រមាណ ៧៣លានដុល្លារ ដើម្បីទិញភាគហ៊ុនពី ៧០ ទៅ ១០០ភាគរយ នៃរោងចក្រថាមពលព្រះអាទិត្យ Loc Ninh ទាំងបួន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

ការចំណាយសរុបនឹងមានតម្លៃត្រឹម ៤៥៧លានដុល្លារ នេះផ្អែកបើតាមឯកសារ ដែលក្រុមហ៊ុនបំពេញជូនគណៈកម្មការ សុវត្ថិភាព និងមូលបត្រថៃ ដកស្រង់ដោយសារព័ត៌មាន Vietnam Construction។

បន្ទាប់ពីការវិនិយោគទៅលើ រោងចក្រ ទឹកប្រាក់ប្រមាណ ៣៨៤លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅលើការសាងសង់ ដែលកំពុងតែដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ 

Super Energy ប៉ាន់ប្រមាណថា ការវិនិយោគលើគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យទាំង៤ នេះ នឹងមកនូវផលចំណេញប្រហែល ១៧% សម្រាប់គម្រោងនីមួយៗ។

តាមរយៈសេចក្ដីថ្លែងការរបស់ខ្លួន ក្រុមហ៊ុន Super Energy បានលើកឡើងថា ការវិនិយោគនេះនឹងជួយជំរុញភាពរឹងមាំ និងការប្រកួតប្រជែងក្នុងពេលអនាគត ក៏ដូចជាបង្កើនប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនផងដែរ។

លើសពីនេះ វាការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន នៅក្រៅប្រទេស ដែលក្រុមហ៊ុនអាចទទួលបានអត្ថប្រយោជន៍វិនិយោគច្រើនពី រដ្ឋាភិបាល វៀតណាម ដូចជាអត្ថប្រយោជន៍ផ្នែកពន្ធ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុជាដើម។

វៀតណាមត្រូវបានគេ មើលឃើញថាជាប្រទេសដែលមានសក្តានុពលខ្លាំងសម្រាប់ការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។ កាលពីសប្ដាហ៍មុនរដ្ឋាភិបាលវៀតណាម ទើបតែបានប្រកាសយន្តការ លើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈ ការជំរុញរោងចក្រថាមពលគ្រប់ទំហំឲ្យបើកដំណើរការត្រឹមថ្ងៃទី ៣១ ធ្នូ ២០២០ និង ផ្ដល់ការបន្ធូរបន្ថយពន្ធជាពិសេសសម្រាប់ថាមពលប្រភេទនេះ។

បច្ចុប្បន្ននេះថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម ត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុករបស់វៀតណាម និងក្រុមហ៊ុនបរទេសជាច្រើនដូចជា ក្រុមហ៊ុនរបស់ថៃ ហ្វីលីពីន និងជប៉ុនជាដើម។

អត្ថបទដោយ: Vasna