BNI Pioneer អនុវត្តយុទ្ធសាស្រ្តចំនួន៥ ក្នុងអាណត្តិទី៧នេះ

BNI Pioneer អនុវត្តយុទ្ធសាស្រ្តចំនួន៥ ក្នុងអាណត្តិទី៧នេះ

ភ្នំពេញ៖ BNI Pioneer នៅក្នុងអាណតិ្តទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន ដើម្បីស្វែងរកអត្ថប្រយោជន៍កាន់តែច្រើនជូនម្ចាស់អាជីវកម្មដែលជាសមាជិកទាំងអស់ ក៏ដូចជាពង្រឹកស្ថាប័នបន្ថែមទៀត ក្នុងអំឡុងវិបតិ្តកូវីឌ១៩នេះ។

លោក ទឹម វុត្ថា ដែលជា​ប្រធានរបស់ BNI Pioneer ក្នុងអាណត្តិទី៧នេះ  បានប្រាប់ KHB News ថា នៅឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំរបស់ BNI Pioneer បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តធំៗចំនួន ៥ ចំនុចគឺ៖ ពង្រឹងតួនាទីរបស់ថ្នាក់ដឹកនាំទាំងអស់, ផ្តល់ការគាំទ្រ និង លើកទឹកចិត្តដល់សមាជិកចាស់ថ្មី, លើកទឹកចិត្តឲ្យសមាជិកប្រើប្រាស់ និង ស្វែងយល់ពីប្រព័ន្ធរបស់ BNI ឲ្យបានត្រឹមត្រូវ, បង្កើតការប្រកួតប្រជែងរវាងក្រុមសមាជិកដែលមានវិស័យរួមគ្នា, និង ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយស្ថាប័ន BNI ដទៃទៀត ដើម្បីបង្កើនអត្ថប្រយោជន៍ជូនសមាជិកទាំងអស់។

ការពង្រឹងតួនាទី និង ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំង១៨រូបរបស់ BNI Pioneer ឲ្យស្របតាមបទដ្ឋានរបស់ BNI គឺជាយុទ្ធសាស្រ្តគន្លិះទីមួយ ដែលចាំបាច់ត្រូវតែធ្វើមុនគេ ដោយសារតែថ្នាក់ដឹកនាំទាំងនេះ មានបរិមាណរហូតដល់ជិតពាក់កណ្តាលនៃសមាជិកទាំងអស់នៅក្នុងស្ថាប័នទាំងមូល។

លោកវុត្ថាថ្លែងថា៖ «ថ្នាក់ដឹកនាំទាំង១៨រូបនេះគឺជាក្បាលម៉ាស៊ីនរបស់ស្ថាប័នទាំងមូលដែលមានសមាមាត្រស្ទើរតែជិតពាក់កណ្តាលនៃសមាជិកទាំងអស់ ដូច្នេះប្រសិនបើពួកគាត់យល់ច្បាស់អំពីកាតព្វកិច្ចរបស់ខ្លួន និង អនុវត្តន៍សកម្មភាពស្របទៅតាមស្តង់ដាររបស់ BNI ខ្ញុំជឿជាក់ថា សមាជិកជាងពាក់កណ្តាលទៀតនឹងអនុវត្តន៍តាមប្រកបដោយថាមពល ដែលនាំឲ្យសមាជិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ច្រើន ក៏ដូចជាស្ថាប័នទាំងមូលរីកចម្រើនខ្លាំង»។

ខណៈសមាជិកភាគច្រើនកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរីករាលដាលនៃវិរុសកូវីឌ១៩លើកទី៤នេះ លោក វុត្ថា ដែលជាអគ្គនាយកក្រុមហ៊ុន KHB Media Plc ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលនៅកម្ពុជា បានសង្កត់ធ្ងន់ថា​ យុទ្ធសាស្រ្តទីពីរ គឺការលើកទឹកចិត្តដល់សមាជិកចាស់ និង ថ្មីទាំងឡាយតាមរយៈការជម្រុញការណាត់ជួបពិភាក្សាតាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់កម្លាំងចិត្ត ដំណោះស្រាយក្នុងអាជីវកម្ម និង ស្វែងរកឳកាសអាជីវកម្មឲ្យគ្នាទៅវិញទៅមកកាន់តែផុសផុលជាងមុនបន្ថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅជូនសមាជិក។

លោកប្រធានរូបនេះ បន្ថែមទៀតថាយុទ្ធសាស្រ្តទី៣ គឺការលើកទឹកចិត្តឲ្យសមាជិកទាំងអស់បង្កើនការប្រើប្រាស់ប្រព័ន្ធទាំងឡាយរបស់ BNI ឲ្យបានជាប្រចាំ តាមរយៈការពន្យល់ឲ្យសមាជិកមើលឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធទាំងនេះ ជាជាងបង្ខំឲ្យពួកគេប្រើប្រាស់ដោយមិនបានយល់ពីមូលហេតុ ដែលការប្រើប្រាស់ប្រព័ន្ធទាំងនេះ នឹងជួយដល់ម្ចាស់អាជីវកម្មឲ្យមានការរីកចម្រើនលើសពីការរំពឹងទុក។

គួរបញ្ជាក់ផងដែរថាប្រព័ន្ធរបស់ BNI មានដូចជា៖ BNI Connect ដែលជាកម្មវិធីសម្រាប់ទំនាក់ទំនងរវាងសមាជិក, BNI Business Builder ដែលជាបណ្តុំនៃចំណេះដឹងពាក់ព័ន្ធនឹងអាជីវកម្ម, Member Success Program ដែលជាវគ្គបណ្តុះបណ្តាលសមាជិក, Member Passport Program ដែលជាសៀវភៅសម្រាប់ណែនាំដល់សមាជិក, និង BNI Name​ Card Holder ដែលជាសៀវភៅចងក្រងបណ្តុំសមាជិកទាំងអស់ ជាដើម។

ខុសពីអាណតិ្តមុនៗ នៅក្នុងអាណតិ្តទី៧នេះ ថ្នាក់ដឹកនាំបានបង្កើតកម្មវិធីប្រកួតប្រជែង Power Team Contest មួយ ដើម្បីជម្រុញឲ្យសមាជិកដែលមានអាជីវកម្មក្នុងវិស័យដូចគ្នា បង្កើតជាក្រុមតូចៗដើម្បីប្រកួតប្រជែងគ្នាលើគោលការណ៍ Power of One ដើម្បីជម្រុញឲ្យសមាជិកទាំងឡាយសកម្មជាងមុន ទទួលបានអត្ថប្រយោជន៍ច្រើនជាងមុន និងជាលទ្ធផលនឹងធ្វើឲ្យស្ថាប័នទាំងមូលកាន់តែរីកចម្រើនជាងមុនផងដែរ។

លោកវុត្ថាថ្លែងថា៖ «Power Team Contest គឺជាយុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វលើសពី៥ ដោយសារយើងជឿជាក់ថា ប្រសិនបើសមាជិកទាំងអស់ធ្វើសកម្មភាពលើ Power of One បានជាអតិបរមា នឹងនាំឲ្យសមាជិកទាំងឡាយទទួលបានអត្ថប្រយោជន៍ច្រើន ស្ថាប័នទាំងមូលមានសកម្មភាពច្រើន សមាជិកចង់ចូលរួមកម្មវិធីនានារបស់ស្ថាប័ន សមាជិកក្នុងស្ថាប័ននឹងកើនឡើង ដែលជាចុងក្រោយនឹងនាំឲ្យស្ថាប័នទាំងមូលនឹងរីកចម្រើនផងដែរ។»

ការស្វែងរកកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័ន BNI ដទៃទៀត តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា ការរៀបចំព្រឹតិ្តការណ៍ជំនួបអាជីវកម្មរវាងស្ថាប័នផ្សេងៗ និងការរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីស្វែងរកអត្ថប្រយោជន៍បន្ថែមជូនសមាជិកទាំងអស់គឺជាយុទ្ធសាស្រ្តទី៥ ដើម្បីពង្រឹង BNI Pioneer បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា BNI ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៥ នៅសហរដ្ឋអាមេរិច ដែលរហូតមកដល់ពេលនេះ មានចំនួន ៧៤ប្រទេស និងមានជាង ១០,០០០ក្រុម (Chapter) ដែលមានសមាជិកប្រមាណជាង ២៧៥.០០០នាក់នៅទូទាំងសកលលោក។ ក្នុងរយៈពេល១២ខែចុងក្រោយនេះ BNI បានផ្តល់ឱកាសអាជីវកម្មដល់សមាជិកនៅទូទាំងពិភពលោករហូតដល់ ១១,៥ លាន ដែលបម្លែងជាសាច់ប្រាក់ស្មើរនឹងជាង ១៦.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។



BNI Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដែលបច្ចុប្បន្នមាន៣ តំបន់ និង ៣៣​ក្រុម ជាមួយនឹងសមាជិកសរុបចំនួនជាង ១២៣០នាក់។ BNI Pioneer ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលជាក្រុមទី៩ ស្ថិតនៅក្នុងតំបន់ភ្នំពេញ២​ ជាមួយសមាជិក៤២នាក់ នាពេលបច្ចុប្បន្ននេះ។

នៅក្នុងរយៈពេល ជាង៣ឆ្នាំចាប់តាំងពីចាប់ដំណើរការមក BNI Pioneer  បានផ្តល់ឱកាសអាជីវកម្មរហូតដល់ ៤.៤៤៥ ដល់សមាជិករបស់ខ្លួន ដែលបានបម្លែងជាសាច់ប្រាក់មានតម្លៃសរុបជិត ៩លាន ដុល្លារសហរដ្ឋអាមេរិក។

លោកបានបន្ថែមទៀតថា៖ «នៅក្នុងអាណត្តិថ្មីនេះ យើងបានដាក់ផែនការសម្រេចឱ្យបានក្នុងរយៈពេល ៦ខែក្នុងអាណត្តិទី៧នេះ​ ដោយបង្កើនសាច់ប្រាក់ ២.៥ លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត រហូតដល់ ១២.៥ លានដុល្លារអាមេរិច ជាមួយនឹងការបង្កើនសមាជិកយ៉ាងតិច៥១នាក់ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១នេះ»។

ថ្នាក់ដឹកនាំ BNI Pioneer សូមគោរពអញ្ជើញម្ចាស់អាជីវកម្មទាំងឡាយ ដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើនឱកាសអាជីវកម្ម មិត្តភាព និង ចំណេះដឹងបន្ថែម មកចូលរួមជាមួយស្ថាប័នអាជីវកម្មនេះ រៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង 6:30 ដល់ ម៉ោង 8:40 ព្រឹក តាមប្រព័ន្ធអនឡាញ ដោយឥតគិតថ្លៃ។

អត្ថបទដោយ: Vutha