៦ប្រទេសស្នើឱ្យសហគមន៍អឺរ៉ុបប្រើប្រាស់ថាមពលកកើតឡើងវិញ១០០%

៦ប្រទេសស្នើឱ្យសហគមន៍អឺរ៉ុបប្រើប្រាស់ថាមពលកកើតឡើងវិញ១០០%
៦ប្រទេសស្នើឱ្យសហគមន៍អឺរ៉ុបប្រើប្រាស់ថាមពលកកើតឡើងវិញ១០០%

អឺរ៉ុប៖ ប្រទេសចំនួន៦ បានផ្ញើលិខិតទៅកាន់គណៈកម្មការអឺរ៉ុប ដោយអំពាវនាវឱ្យបញ្ចូលសេណារីយ៉ូប្រើប្រាស់ថាមពលកកើតឡើងវិញទាំងស្រុង ទៅក្នុងផែនការអាកាសធាតុរយៈពេលវែងរបស់ខ្លួន។ លិខិតនេះ ចុះហត្ថលេខាដោយរដ្ឋមន្រ្តីអាកាសធាតុ និងថាមពល មកពីប្រទេសអឺរ៉ុបចំនួន៦ គឺប្រទេសអូទ្រីស ដាណឺម៉ាក អៀរឡង់ លីទុយអានី (Lithuania) លុចសំបួ និងប្រទេសអេស្ប៉ាញ។

លិខិតដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីចំនួន ៦ប្រទេស ខាងលើនេះ ត្រូវបានផ្ញើទៅកាន់នាយករងប្រតិបត្តិ និងស្នងការថាមពលនៃគណៈកម្មការអឺរ៉ុប ផ្ដើមសេចក្ដីដោយការថ្លែងអំណរគុណ និងអបអរសាទរដល់អ្នកស្រី Von der Leyen ប្រធានសហគមន៍អឺរ៉ុប ចំពោះកិច្ចការរបស់អ្នកស្រីពាក់ព័ន្ធនឹងវត្ថុបំណងអាកាសធាតុឆ្នាំ២០៥០។ បន្ទាប់មកលិខិតនោះក៏បន្ថែមការពណ៌នាអំពីកង្វល់របស់ពលរដ្ឋអឺរ៉ុប ទៅលើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជាការស្នើសុំរបស់អ្នកជំនាន់ក្រោយ ស្នើឱ្យមានការប្រើប្រាស់ថាមពលប្រកបដោយចិរភាព។

តាមរយៈការរៀបរាប់ខាងលើ រដ្ឋមន្រ្តីអាកាសធាតុ និងថាមពល នៃប្រទេសទាំង៦ បានស្នើសុំឱ្យសហគមន៍អឺរ៉ុបប្តូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ដើម្បីបង្ហាញពីទំនួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំសម្រាប់មនុស្សជំនាន់ក្រោយ។

កាលពីឆ្នាំ២០១៨ សហគមន៍អ៊ឺរ៉ុបបានដាក់ចេញនូវសេណារីយ៉ូថាមពល ៨ប្រភេទ ផ្សេងៗគ្នាសម្រាប់ឆ្នាំ២០៥០ ដែល៥ ក្នុងចំណោមនោះនឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូត ៨០% ខណៈគម្រោងដាំដើមឈើអាចចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុរហូតដល់ ៨៥%។ ហើយ ២ភាគ៣ នៃសេណារីយ៉ូថាមពលទាំងនោះ មានមធ្យោបាយអាចរក្សាអព្យាក្រឹតឧស្ម័នផ្ទះកញ្ចក់ និងការបញ្ចេញឧស្ម័នកាបូនិចឱ្យធ្លាក់ចុះមកកម្រិតសូន្យ។

អត្ថន័យក្នុងលិខិតនោះបានសរសើរអំពីផែនការនេះថា ជាផែនការនៃជំហានដំបូងដ៏សំខាន់ ហើយក្រោយមានការតវ៉ាតាមដងផ្លូវពីសំណាក់ក្មេងៗជំនាន់ក្រោយជាហូរហែរមក គេក៏សង្ឃឹមថា សហគមន៍អឺរ៉ុបនឹងងាកមកជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន១០០ភាគរយតែម្ដង។ លិខិតដដែលនេះបានពន្យល់ដែរថា ថាមពលកកើតឡើងវិញ គឺជាឧស្សាហកម្មដែលមានតម្លៃសមរម្យ និងអាចបង្កើតឱកាសការងារដល់មនុស្សជាច្រើនទៀតផង៕

 

អត្ថបទដោយ: Vasna