បញ្ចៀសការខាតបង់ក្នុងការទិញអចលនទ្រព្យ អ្នកត្រូវសិក្សាព័ត៌មានបានស៊ីជម្រៅ
ភ្នំពេញ៖ ក្រុមអ្នកជំនាញដែលធ្វើការពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅកម្ពុជា និងវិស័យព័ត៌មានបានលើកនូវមូលហេតុមួយចំនួន យកមកបកស្រាយប្រហាក់ប្រហែលគ្នាថា ការទិញអចលនទ្រព្យ ដែលផ្អែកសំខាន់តែលើព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គម នឹងធ្វើឱ្យអ្នកទិញប្រឈមនឹងឱកាសខាតបង់ប្រាក់ច្រើន។ បន្ថែមលើការទទួលបានព័ត៌មានមិនពិតគ្រប់ជ្រុងជ្រោយ អ្នកនឹងបាត់មូលដ្ឋាននៃការគិតវិភាគបញ្ហាបានត្រឹមត្រូវ ហើយសម្រេចចិត្តទិញអចលនទ្រព្យ ដែលផ្តល់នូវលទ្ធផលខកបំណងតែម្តង។
(រូបតំណាង)
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងសំណូមពរ ដល់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈសេចក្តីជូនដំណឹងកាលពីពេលថ្មីៗនេះ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញអចលនទ្រព្យ ដែលគ្មានអាជ្ញាប័ណ្ណ តែបែរត្រូវបុគ្គលមួយចំនួនយកទៅផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook និងTelegram យ៉ាងផុសផុលផ្ទុយស្រលះអំពីរឿងពិតទៅវិញ។
(លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងអះអាងថា៖ «មួយរយៈពេលចុងក្រោយនេះ ក្រសួងបានពិនិត្យលើបណ្ដាញសង្គម Facebook និង Telegram រៀងរាល់ថ្ងៃ ឃើញមានការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍអចលនទ្រព្យ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍) ដែលគ្មានអាជ្ញាប័ណ្ណ។ ជាងនេះទៀត ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានការពេញនិយម អ្នករកស៊ីផ្នែកនេះខ្លះ ក៏ផ្ដើមគំនិតខិលខូចដល់អតិថិជន ដែលមានបំណងចង់ទិញអចលនទ្រព្យ ពិសេសលើផ្នែកទិញ-លក់ ដីឡូត៌ និងផ្ទះជាដើម ដែលទាមទារឲ្យអ្នកទិញអចលនទ្រព្យទាំងអស់មានចំណេះដឹងខ្លះទាក់ទងការទិញ-លក់»។
លោករដ្ឋមន្ត្រីក៏បានថ្លែងបញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថា ក្រសួងនឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី ដែលផ្សព្វផ្សាយអំពីការលក់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រាស់ចាកនូវព័ត៌ពិត។
(រូបតំណាង)
(លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា)
ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីគម្រោងអភិវឌ្ឍន៍នានា ក្នុងវិស័យអចលនទ្រព្យកម្ពុជានេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានថ្លែងដាស់តឿនឱ្យពលរដ្ឋគ្រប់រូប ត្រូវបន្ថែមការសិក្សាអំពីរបៀបប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុនពេលសម្រេចចិត្តទិញអចលនទ្រព្យ ក្នុងគម្រោងណាមួយ។ តើព័ត៌មានដែលយើងទទួលបានចេញពីប្រភពច្បាស់លាស់រឺទេ? ប្រភពក្រុមហ៊ុនណាមួយ រឺក្រសួងណាជាអ្នកផ្សព្វផ្សាយ? តើគេផ្សព្វផ្សាយព័ត៌មាននោះនៅពេលណា? តើក្រសួង រឺស្ថាប័នណាខ្លះដែលធ្វើការទាក់ទងនឹងវិស័យអចលនទ្រព្យ? ទាំងនេះ គឺជាមូលដ្ឋាននៃទម្រង់សំណួរមួយចំនួន ដែលអ្នកត្រូវសួរខ្លួនឯង មុនសម្រេចចិត្តត្រូវជឿ ឬមិនគួរទុកចិត្តលើប្រភពព័ត៌មានទាំងនោះ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះ បានថ្លែងទទួលស្គាល់ថា បច្ចុប្បន្នពិតជាមានការផ្សព្វផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងអភិវឌ្ឍន៍នានា នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាច្រើនប្រាកដមែន។ ដោយសារ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យមានសន្ទុះរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសងាកមកវិនិយោគលើវិស័យនេះច្រើន ដូច្នេះក៏មានជនខិលខូចមួយចំនួន ប្រឌិតរឿង ដើម្បីឆ្លៀតកេងចំណេញគ្រប់រូបភាពដូចគ្នា។
(រូបតំណាង)
ថ្លែងបញ្ជាក់នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងផ្លូវលេខ២២ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ធ្លាប់រម្លឹកថា លោកចង់ឲ្យពលរដ្ឋគ្រប់រូបសិក្សាអំពីប្រភពព័ត៌មានឲ្យបានច្បាស់ ហើយបង្កើនប្រយត្ន័ខ្ពស់ ដោយពិចារណាឱ្យបានល្អិតល្អន់ មុនសម្រេចទិញ ឬលក់អចលនទ្រព្យ ដើម្បីបញ្ជៀសបញ្ហាខាតបង់ប្រាក់កាស និងពេលវេលាឥតប្រយោជន៍។
ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ ដើម្បីជួយឱ្យការទិញ ឬលក់អចនទ្រព្យអាចប្រព្រឹត្តទៅដោយសុវត្ថិភាព ជៀសផុតពីបញ្ហានានា ក្រសួងបានណែនាំឱ្យសារធារណៈជនយល់ដឹងអំពីព័ត៌មានសំខាន់មួយចំនួនដូចជា៖
ចំពោះការទិញដីឡូត៌៖
ទី១ ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៌លក់ ឬជារបស់អ្នកផ្សេង?)
ទី២ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់?)
ទី៣ លិខិតអនុញ្ញាតអភិវឌ្ឍដី ដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច
ទី៤ ឯកសារបង់ពន្ធអចលនវត្ថុ
ទី៥ បណ្ឌបំបែកក្បាលដី
ទី៦ ខ្លឹមសារលម្អិតពីការទិញ ឬលក់។
ចំពោះការទិញលំនៅឋាន
ទី១ លិខិតអនុញ្ញាតការសាងសង់ (ទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដីឬទេ?)
ទី២ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់?)
ទី៣ អាជ្ញាប័ណ្ឌអភិវឌ្ឍលំឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឬទេ?)
ទី៤ ឯកសារបង់ពន្ធអចលនវត្ថុ
ទី៥ បណ្ណបំបែកក្បាលដី
ទី៦ ខ្លឹមសារលម្អិតនៃការទិញ-លក់៕
(រូបតំណាង)