ឆ្នាំ២០២០ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងមានការធ្លាក់ចុះប្រមាណ ១,៧%

ឆ្នាំ២០២០ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងមានការធ្លាក់ចុះប្រមាណ ១,៧%
ឆ្នាំ២០២០ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងមានការធ្លាក់ចុះប្រមាណ ១,៧%
ឆ្នាំ២០២០ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងមានការធ្លាក់ចុះប្រមាណ ១,៧%

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បានបង្ហាញការព្យាករ​ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជានឹង​ធ្លាក់ចុះ​មកនៅ​ត្រឹម ២,៣%​ នា​ឆ្នាំ​២០២០ នេះ ប៉ុន្តែ​នឹង​អាចកើន​ឡើងវិញដល់ ៥,៧% ត្រឹម​ឆ្នាំ​២០២១ នេះជាការធ្លាក់ចុះលើកដំបូងបន្ទាប់ពីកំណើនដ៏រឹងមាំរង្វង់ ៧% ក្នុងអំឡុង ២ ទសវត្សរ៍ចុងក្រោយ។ លទ្ធផលនៃរបាយការណ៍នេះបានសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យរបស់កម្ពុជាដែលធ្លាប់តែមានកំណើននាពេលកន្លងមកនោះ ក៏នឹងមាន​ការធ្លាក់ចុះប្រមាណ ១,៧% ផងដែរ​។

(រូបតំណាង)

របាយការណ៍​សេដ្ឋកិច្ច​ពិសេស របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហៅថា ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook – ADO) ឆ្នាំ២០២០ ដែលចេញផ្សាយកាលថ្ងៃទី០៣ ខែមេសា នេះបានបង្ហាញថា ការ​ធ្លាក់ចុះនៃ​សេដ្ឋកិច្ចរបស់បណ្តាប្រទេស​ធំៗ រួមមានប្រទេស​ចិនជាដើមនោះ ព្រោះ​រងនូវផល​ប៉ះពាល់​ដោយសារ​មានការរីករាលដាលជំងឺកូវីដ-១៩ ហើយធ្វើឱ្យ​ទីផ្សារ​នាំចេញ​មានការធ្លាក់ចុះ។

យោងតាម ADO ធនាគារ ADB បានបង្ហាញការព្យាករថា ផ្នែក​សេវាកម្ម​របស់​កម្ពុជា នាឆ្នាំ២០២០ នេះ នឹង​ធ្លាក់ចុះ​ប្រមាណ ១,៧% ​ដោយសារវិស័យ​ទេសចរ និង​វិស័យ​អចលនទ្រព្យមានការធ្លាក់ចុះក្នុងពេលដំណាលគ្នា​។ ឯ​វិស័យ​ឧស្សាហកម្ម ក៏ត្រូវធនាគារនេះ ទម្លាក់ការព្យាករណ៍ថា នឹងធ្លាក់ចុះ ៦,៥% ផងដែរ ដោយសារការផលិតសម្លៀកបំពាក់ សម្រាប់​នាំចេញ និង​វិស័យ​សំណង់​របស់កម្ពុជាមានការធ្លាក់ចុះ​។

នាយកប្រចាំ​ប្រទេស​កម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកស្រី Sunniya Durrani-Jamal មានប្រសាសន៍ថា៖ «​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​រំពឹងថា នឹង​ហក់​ឡើងវិញ​ដល់ ៥,៧% ក្នុង​ឆ្នាំ​២០២១។ ប្រសិនបើជំងឺ​រាតត្បាត​នេះ [កូវីដ១៩] ​ត្រូវ​បញ្ចប់ ហើយសកម្មភាព​សេដ្ឋកិច្ច នឹងវិល​មករកភាព​ប្រក្រតីឡើងវិញ»​។​

លោកស្រីបានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា ​រដ្ឋាភិបាល​កម្ពុជាបាន​ចាត់វិធានការ​ត្រឹមត្រូវ ដើម្បី​ឆ្លើយតប​នឹងបញ្ហា​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​១៩ ដែលមិន​ធ្លាប់​កើតមាន​ពីមុន​មក។ ដូចជា​ការគាំទ្រ​បៀវត្សរ៍​ដល់​កម្មករ​កា​ត់​ដេរ ​ការ​សម្រាល​ព​ន្ធ និងបំណុល​ដល់​អាជីវកម្ម​នានា​ជាដើម។

លោកស្រីបានឱ្យដឹងថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលកូវីដ ១៩​ រដ្ឋាភិបាលកម្ពុជាបានប្រើកញ្ចប់ថវិកាក្នុងវង្វង់ទឹកប្រាក់ ៦,៥ ពាន់លានដុល្លារ។

លោកនាយករដ្ឋមន្ត្រី ធ្លាប់បានថ្លែងបញ្ជាក់នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិត នៃវិទ្យស្ថានវ៉ាន់ដា កាលពីថ្ងៃទី១០ ខែមីនា កន្លងមកថា រដ្ឋាភិបាលបានត្រៀមប្រាក់ចន្លោះពី ៨០០លានដុល្លារ ទៅ ២ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលកម្ពុជារងការវាយប្រហារដោយមេរោគកូវីដ១៩ រួចហើយ។ បើតាមប្រមុខរដ្ឋាភិបាល ទឹកប្រាក់ត្រៀមបម្រុងទាំងនេះ នឹងត្រូវបែងចែកសម្រាប់ចំណាយជាពីរដំណាក់កាល ទី១ ទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ សម្រាប់រយៈពេល ៦ខែ ទៅមុខ និងទី២ ទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ សម្រាប់ចំណាយដោះស្រាយបញ្ហាអំឡុងពេលមួយឆ្នាំ។

(លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)

ឆ្លើយតបនឹងការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ធ្លាប់បានថ្លែងអះអាងថា ថ្វីដ្បិតប្រទេសមួយចំនួននៅលើពិភពលោក ផ្ទុះការរីករាលដាលនៃវីរុសកូវីដ ១៩ ប៉ុន្តែវាមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជាឡើយ។ បន្ថែមលើនេះ លោករដ្ឋមន្ត្រីក៏ធ្លាប់បានថ្លែងសំណូមពរ សូមកុំឱ្យបណ្តាក្រុមហ៊ុនសាងសង់លំនៅដ្ឋានទាំងអស់ព្រួយបារម្ភខ្លាំងអំពីបញ្ហានេះដែរ។

នាអំឡុងដើមឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ធ្លាប់បានថ្លែងបញ្ជាក់ថា រយៈពេលពីរខែដើមឆ្នាំនេះ គម្រោងស្នើសុំសាងសង់បានកើនរហូតចំនួន ៥២៣គម្រោង។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានគម្រោងស្នើសុំសាងសង់ត្រឹមជាង ៣០០គម្រោង ទុនវិនិយោគនាឆ្នាំ២០២០ បានកើនឡើងទ្វេដង។ ប៉ុន្ដែក្រសួងកំពុងតាមដានតួលេខនាអំឡុងខែមីនា នេះនៅឡើយទេ។

(រូបតំណាង)

នាយកប្រចាំ​ប្រទេស​កម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកស្រី Durrani-Jamal បានថ្លែងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គួរតែផ្តោតសំខាន់លើកិច្ចការទប់ស្កាត់ជំងឺកូវីដ ១៩ បើមិនដូច្នេះទេ ការងើបឡើងវិញ នៃវិស័យទេសចរ និងសេវាកម្ម សំណង់ និងអចលនទ្រព្យ នឹងមានការលំបាកមិនខានឡើយ។

របាយការណ៍ខាងលើ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្រើ​ប្រាស់ថវិកានៅក្នុង​កញ្ចប់​របស់ ADB ​សរុប​មាន​ចំនួន ៦,៥​ពាន់​លាន​ដុល្លារអាមេរិក ដែលបាន​ប្រកាសកាលពី​ថ្ងៃទី​១៨ ខែមីនា កន្លងមក ដើម្បី​ឆ្លើយតប​នឹងកូ​វីដ​១៩​។ ថវិកា​នេះ ADB បានត្រៀមបម្រុង​ដើម្បីប្រើប្រាស់អំឡុងឆ្នាំ២០២០ សម្រាប់តម្រូវការ​បន្ទាន់ របស់សមាជិកជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ផ្តោតលើការធ្លាក់ចុះ ផ្នែក​សេវាកម្ម​ និងវិស័យ​អចលនទ្រព្យ

(រូបតំណាង)

អត្ថបទដោយ: Pisey