បណ្ឌិត លឹម សុខតៃ ជាវិស្វករម្នាក់ដែលចូលរួមសិក្សា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត

បណ្ឌិត លឹម សុខតៃ ជាវិស្វករម្នាក់ដែលចូលរួមសិក្សា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត

ភ្នំពេញ៖ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត (Expressway) បានបញ្ចប់ការសិក្សាគម្រោងរួចរាល់​ហើ​យ ដោយរង់ចាំតែពេលវេលាសាងសង់នាពេលឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។ ផ្លូវនេះគ្រោងចំណាយថវិកាប្រមាណ ៣.៨០០ លានដុល្លារអាមេរិក ប៉ុន្ដែមហាជននៅមិន​ទាន់ដឹងនៅឡើយទេថា នរណាជាអ្នកសិក្សា​គម្រោ​ងនោះ? ជាជនជាតិខ្មែរ ឬ បរទេស? KHB Media សូមណែនាំលោកអ្នក ឲ្យស្គាល់អំពីប្រវត្តិខ្លះៗរបស់ បណ្ឌិត លឹម សុខ​​តៃ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសិក្សាគម្រោងស្ថាបនាផ្លូវមួយខ្សែរដ៏សំខាន់នេះ។ លោក ជាអតីតសាស្ត្រា​ចារ្យ​ស្ថាបត្យករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) The Institute de Technologie du Cambodge ហើយ​បច្ចុប្បន្នជាសាស្ត្រា​ចារ្យផ្នែក​​ស្ថាបត្យករ វិស្វកម្ម និងជា​ព្រឹទ្ធបុរស​នៃ​សាក​ល​វិទ្យាល័យ​ន័​រ​តុ​ន និងជាមន្រ្តីជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនផង​ដែរ។ រៀបរាប់អំពីប្រវត្តិរបស់ខ្លួន បណ្ឌិត លឹម សុខតៃ ប្រាប់ថា លោកជាកូនអ្នកស្រែចចំការ។ នៅឆ្នាំ ១៩៧៧ លោក បាន​ចាកចេញពីស្រុកកំណើតមក​បន្ត​ការ​សិក្សានៅអនុវិទ្យាល័យទួលស្វាយព្រៃ ហើយក្រោ​យ​មកបាន​ជាប់ជាសិស្សពូកែផ្នែកគណិត​វិទ្យា ក៏បាន​ដូរទៅសិក្សានៅវិទ្យាល័យ​បាក់​​ទូក​វិញកាលពីឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ១៩៩៣ លោកបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ដោយ​សម័យនោះ គ្រួសារមានជីវភាពមិនធូរធា លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យ​មួយ​ ដើម្បីបំពេញបំណងចង់ធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យា លោកក៏បានចូលរៀនបំប៉ន ត្រៀមប្រឡងចូលបម្រើការងារជា​គ្រូបង្រៀន។ ក្នុងអំឡុងពេលនោះ លោក ក៏បានសាកល្បងចូលប្រឡង​នៅសាលាតិចណូ។ ដោយសារមានសំណាងរួមជាមួយនឹងសមត្ថភាព លោកក៏បានជាប់នៅ​សា​​លា​លំដាប់អន្តរជាតិមួយនេះ ផ្នែកវិស្វករ ដោយសម័យនោះ​ គេ​ប្រើ​ប្រាស់ភាសាបារាំង ដែលធ្វើឲ្យមានការពិបាកខ្លាំងក្នុងការសិក្សា ព្រោះលោកមិនសូវចេះភាសាបារាំង។ ក្នុងអំឡុងពេលរៀនវិស្វករនោះ លោកបានឆ្លៀតចូលបម្រើការងារនៅក្រុមហ៊ុនធ្វើ​ក្ដាបន្ទះ (ក្ដា​ប្លា​កេ) មួយ​របស់ចិនកាលពីអំឡុងឆ្នាំ ១៩៩៥។ ខណៈរកការងារបានធ្វើ លោកមានគំនិតចង់បោះ​បង់​ចោ​លការសិក្សានៅសាសាតិចណូ ប៉ុន្ដែដោយមានការគិតពិចារណាម្ដងហើយម្ដងទៀត លោកសុខ​ចិត្តបន្តការសិក្សា ដោយបោះបង់ការ​ងារដែលទើបតែរកបាននោះ។ នៅពេលនោះ និស្សិត លឹម សុខតៃ ត្រៀមចាប់ផ្ដើមតាំងចិត្តបន្តការសិក្សា ព្រមទាំងខំប្រឹងឲ្យខ្លាំងជាងមុនទ្វេរដង។ លុះ​ដល់ឆ្នាំ ១៩៩៩ លោករៀននៅសាលាតិចណូបានដល់ឆ្នាំទី ៤ ដោយប្រឡង​ជាប់​​​អា​ហារូបករណ៍ ទៅរៀននៅ​ប្រទេសប៊ែលហ្សិក ផ្នែកវារី​សាស្រ្ត (ទឹក)។ ក្រោយពីបញ្ចប់​ការសិក្សានៅប្រទេសប៊ែលហ្សិក លោកមានគម្រោងចង់បម្រើការនៅតាមអង្គការបរទេស ប៉ុន្ដែបំណងនេះ ត្រូវបានគ្រូ​ជនជាតិបា​រាំង មិនអនុញ្ញាតឲ្យធ្វើឡើយ ដោយជម្រុញលោកឲ្យមកធ្វើជាគ្រូបង្រៀន​ នៅសាលាតិចណូវិញ ព្រោះបារាំងជាអ្នកផ្ដល់អាហារូបករណ៍ និងបណ្ដុះបណ្ដាល​ឲ្យលោក ​បានក្លាយ​ជា​គ្រូបង្រៀននៅសា​លា​របស់គេ។

នៅឆ្នាំ ២០០១ លោក បានប្រឡងជាប់អាហារូបករណ៍ថ្នាក់ អនុបណ្ឌិតនៅប្រទេសប៊ែលហ្សិក​ទៀត។ បន្ទាប់ពីបញ្ចប់ថ្នាក់អនុ​បណ្ឌិត​នេះ លោកក៏ត្រឡប់មកធ្វើជាគ្រូបង្រៀននៅសាលាតិចណូវិញ​ដដែ​ល​​។ លុះដល់ឆ្នាំ ២០០៣ លោក បានជាប់អាហារូបករណ៍ ទៅបន្តការ​សិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ ហើយបានទទួលសញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ ពីប្រទេ​ស​ថៃនៅ​ឆ្នាំ ២០០៩។ បន្ទាប់មក លោក បាន​ជាប់ទៅសិក្សាជំនាញវគ្គខ្លីៗ​នៅប្រទេស​ជប៉ុន​ជា​បន្ត​បន្ទាប់ ក៏​ដូច​​ជាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន។

បន្ទាប់ពីបញ្ចប់ការសិក្សា លោក បានចូលបម្រើការងារឯកជន និងការងារប្រទេសជាតិ បានមួយ​ចំនួនធំ ក្នុងនោះការងារឯកជនរបស់លោកគឺ ទទួលគម្រោង​តម្លើងអង់តែនទូរស័ព្ទឲ្យក្រុម​ហ៊ុន​ Beeline និង ក្រុម​ហ៊ុនសំណង់ជាច្រើនទៀតផងដែរ។ ក្រៅពីការងារប្រទេសជាតិ លោក ក៏ជាសមាជិក​ម្នាក់ ក្នុងចំណោមអ្នក​សាង​សង់ស្ពានជ្រាយចង្វារ ផ្លូវជាតិលេខ ៥ ​គម្រោងរបស់អង្គការ (JICA) ចូលរួមធ្វើ​តេស្ដដី​សម្រាប់​ការស្ថាបនាឡើងវិញ នូវ​​គ្រឹះស្ពាន​ជ្រោយចង្វារ សា្ថបនា គម្រោង​ស្ពាន​បេតុង​ទាំង​អស់​ នៅ​តាម​ផ្លូវជាតិ​លេខ ២១ ធ្វើតេស្ដដី​ក្នុងផ្នែកមួយចំនួន​នៃគម្រោងផ្លូវ​ជាតិលេខ ៥ ពីព្រែកក្ដាមដល់ធ្លាយម្អម និងស្នាដៃការងារថ្មី ចុងក្រោយ​របស់លោកគឺ ជាសមាជិកម្នាក់ ដែលចូលរួមសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតផងដែរ​។

បណ្ឌិត លឹមសុខតៃ ក៏បានឲ្យអ្នកយកព័ត៌មានរបស់ KHB Media ដឹងផងដែរ ចំពោះថ្ងៃអនាគត លោក ចង់បន្សល់នូវស្នាដៃ​ជួយប្រទេសជាតិមួយចំនួន និង​ធ្វើជាគ្រូបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយឲ្យបានច្រើននាក់ផងដែរ ព្រោះសព្វថ្ងៃ លោកកំពុងធ្វើ​ជាគ្រូបង្រៀនស្រាប់ នៅសាកលវិទ្យាល័យន័រតុន ហើយ លោកក៏ជាមន្រ្តីរាជការ នៅក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕  

អត្ថបទដោយ: Koemsoeun