ប្រស៊ីលនឹងចំណាយ ១១ពាន់លានដុល្លារ លើការដឹកជញ្ជួនសាធារណៈ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ប្រវែង ៣០០គ.ម

ប្រស៊ីលនឹងចំណាយ ១១ពាន់លានដុល្លារ លើការដឹកជញ្ជួនសាធារណៈ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ប្រវែង ៣០០គ.ម

ប្រស៊ីល៖ អភិបាលក្រុង São Paulo នៃប្រទេសប្រស៊ីល បានអនុម័តយល់ព្រម លើផែនការពង្រីកបណ្ដាញរថភ្លើង និងរថយន្តក្រុង នៅក្នុងរដ្ឋធានីសម្រាប់រយៈពេលបួនឆ្នាំ ក្នុងគោលបំណងបញ្ចប់ការកកស្ទះចរាចរណ៍ ដែលកើតឡើងត្រាំត្រែង ជាយូរមកហើយ។ សម្រាប់ម៉ោងដែលមានចរាចរណ៍មមាញឹកខ្លាំង ការកកស្ទះក្នុងទីក្រុង São Paulo មានប្រវែងប្រហែល ១៨០គីឡូម៉ែត្រ ហើយជួនកាលអាចឈានដល់ ៣០០គីឡូម៉ែត្រ សម្រាប់ថ្ងៃមួយចំនួន។

អភិបាលក្រុង São Paulo លោក João Doria បានលើកឡើងថា គោលបំណងសំខាន់នៃផែនការនេះ គឺដើម្បីបង្កើនចំនួននៃការធ្វើដំណើរប្រចាំឆ្នាំ​ តាមប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវដែក និងរថយន្តក្រុង ឲ្យបាន ៣,៤ពាន់លានដង ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២៣។

ក្នុងចំណោមគម្រោងពង្រីកប្រព័ន្ធរថភ្លើងក្រោមដីទាំងនោះ មានគម្រោងរថភ្លើងខ្សែទី៩ (Line 9 ) ពីភាគខាងត្បូងនៃជាយក្រុង Varginha ដែលអាជ្ញាធរគ្រោងនឹងបង្កើនពីលទ្ធភាពដឹកជញ្ជូនអ្នកដំណើរពី ១៧១លាន នាក់ មក ២០៦លាន នាក់ ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២៣។

ចំណែកគម្រោងមួយទៀត គឺការពង្រីករថភ្លើងខ្សែទី១៣ និងទី១១ ទៅកាន់តំបន់ Guarulhos និង Barra Funda។ ក្រៅពីនោះខ្សែរថភ្លើងចំនួន ៥ ផ្សេងទៀត ក៏នឹងត្រូវធ្វើទំនើបកម្ម និងអភិវឌ្ឍផងដែរ។ រដ្ឋបាលក្រុង São Paulo ក៏មានគម្រោងបញ្ចប់ការសាងសង់ប្រព័ន្ធខ្សែរថភ្លើងទោល ដែលនឹងបង្កើតជាខ្សែរថភ្លើងទី ១៥ និងទី ១៧សម្រាប់ទីក្រុងផងដែរ៕

សូមបញ្ជាក់ថា São Paulo ជាទីក្រុងមួយ ក្នុងចំណោមទីក្រុងផ្សេងទៀត ដែលមានបញ្ហាកកស្ទះចរាចរណ៍អាក្រក់ជាងគេក្នុងលោក ដែលការកកស្ទះមានប្រវែងរហូតដល់រាប់រយគីឡូម៉ែត្រ៕

អត្ថបទដោយ: Vasna