បច្ចុប្បន្នកម្ពុជាពឹងផ្អែកលើវិស័យអ្វីខ្លះដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ?

បច្ចុប្បន្នកម្ពុជាពឹងផ្អែកលើវិស័យអ្វីខ្លះដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ?

ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​ប្រទេស ក៏​ដូច​ជា​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​មួយ​រយៈកាល​កន្លង​មក កម្ពុជា​តែង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ស្នូល​ដ៏​សំខាន់ ប៉ុន្ដែ​សព្វ​ថ្ងៃនេះ កម្ពុជា​បាន​ប្រែខ្លួន​បន្តិច​ម្តង​ៗ​ចេញពី​ការ​លែង​ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម​ទៀត​ហើយ ។ ដូច្នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ តើ​កម្ពុជា​ងាក​មក​ពឹងផ្អែក​លើ​វិស័យ​អ្វី ?

អ្នកជំនាញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជា​សេនាធិការរបស់រដ្ឋាភិបាល បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​បាន​ឈាន​ផុត​ពី​ប្រទេស​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​វិស័យ​កសិកម្ម មក​ពឹងផ្អែក​លើ​ទេសចរណ៍ ព្រោះ​វិស័យ​នេះ​កំពុងមានសកម្មភាពវិនិយោគកើនឡើង និងលេចធ្លោជាបន្តបន្ទាប់ បើគិត​ចាប់​ពីឆ្នាំ​២០១៦ រហូតមកដល់សព្វថ្ងៃនេះ។

លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន​ប្រសាសន៍​ក្នុងនៅក្នុងសន្និសីទសារ​ព័ត៌មាន ស្តីពី សក្តានុពលនៃការ​វិនិយោគនៅក្នុងព្រះជាណាចក្រកម្ពុជា ដែលរៀបចំឡើង នាទីស្តី​ការគណៈរដ្ឋមន្រ្តី កាលពីពេលថ្មីៗនេះថា  ​បើគិតចាប់ពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ខែសីហាឆ្នាំ​២០១៩​នេះ គឺ​កំណើន​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ​បាន​កើន​ខ្ពស់​ជាង​វិស័យ​កសិកម្ម​ហើយ មាន​ន័យ​ថា កម្ពុជា​យើង​បាន​ចាក​ផុត​ពី​ប្រទេស​ដែល​ពឹង​ផ្នែក​ទាំងស្រុង​ទៅ​លើ​វិស័យ​កសិកម្ម ក្លាយទៅជា​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​ក​សិ​-​ទេសចរណ៍វិញ។

​អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះបញ្ជាក់​ថា ​នៅ​ពេល​ប្រទេស​មួយ​បាន​ឈាន​ផុត​ពី​ប្រទេស​កសិកម្ម បាន​ន័យ​ថា ប្រទេស​នោះ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរសម  មិនតែប៉ុណ្ណោះនេះ​ជា​បរិយាកាស​ថ្មី​មួយទៀត​ដែល​ប្រទេស​កម្ពុជា​មិន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​កសិកម្ម​ទេ ត្រូវ​ឈាន​ចាប់​យក​ចំណុច​មួយ​ៗ ដែល​ជា​ឱកាស​នៃ​វិស័យ​ទេសចរណ៍​មាន​កំណើន​ខ្ពស់  ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ដោយឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន​ពិតជាមិនអាចខ្វះ​បាន​​ចំពោះវិស័យធំៗទាំងនេះបានឡើយ ពោលបើគិតចាប់ពីឆ្នាំ២០១៦ រហូតមកប្ចុប្បន្ននេះ សកម្មភាព​វិយោគ​ដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ដែលមានប្រមាណ៤៧% វិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណ២៤%, វិស័យឧស្សាហកម្ម និងកម្មន្តសាល ២៣%, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៦% នៃទំហំវិនិយោគសរុប។

ជាមួយគ្នានេះដែរ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនឡើងខ្លាំង ខណៈទុនវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើង ជាគំហុកប្រមាណ៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ដោយឡែក តួរលេខ​វិនិយោគ​ក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមានការ ថយចុះ។

យ៉ាងណាបើទោះ ជាសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្នពឹងផ្អែកច្រើនលើវិស័យទេសចរណ៍ខ្លាំងជាងគេក្តី ក៏បា​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ធំ​ៗ​ចំនួន​៤ ដែល​គន្លឹះ​សំខាន់​មួយ​នោះ គឺ​ការ​កៀងគរ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​វិនិយោគឯកជន​ក្នុងស្រុក ដោយ​ផ្តោត​លើ​វិស័យឧស្សាហកម្មធំ​ៗ, ការ​អភិវឌ្ឍ​ទីផ្សារ និង​ការ​អភិវឌ្ឍ​/​ផ្ទេរ​បច្ចេកវិទ្យា​ជាដើម  ដើម្បីជម្រុញ​អភិវឌ្ឍន៍​វិស័យស្នូលរបស់កម្ពុជាដែលកំពុងធ្លាក់ចុះផងដែរ៕

អត្ថបទដោយ: Pisey