ការបង់រំលស់ផ្ទះជាមួយម្ចាស់អភិវឌ្ឍន៍បុរី និងជាមួយធនាគារ មួយណាចំណេញជាង?

ភ្នំពេញ៖ ដោយសារចំនួនប្រជាជននៅទីក្រុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការលំនៅឋានក៏មានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្ហាញថា ប្រជាជនសរុបរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១៥ ទៅ ១៩ លាននាក់នៅឆ្នាំ ២០៣០។
បើយោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថាប្រទេសកម្ពុជាត្រូវការលំនៅឋានជាង១លានខ្នងបន្ថែមទៀតនៅក្នុងឆ្នាំ ២០៣០។ ដូចនេះនៅចន្លោះពេលនេះ រហូតដល់ឆ្នាំ២០៣០ នៅទីក្រុងភ្នំពេញ និងតំបន់ទីប្រជុំជនផ្សេង លំនៅឋានប្រមាណ ៨០០ ០០០ ខ្នង ត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវសាងសង់បន្ថែម ទៅលើស្តុកលំនៅឋានដែលមានស្រាប់នាពេលបច្ចុប្បន្ន។
ដោយសារតែសន្ទុះនៃការអភិវឌ្ឍ ការផ្គត់ផ្គង់ និងតម្រូវការលំនៅឋានកំពុងហក់ឡើងដូចនេះ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន ផ្ទះល្វែង និងខុនដូជាច្រើនស្វែងរកមធ្យោយបាយ និងយុទ្ធសាស្ត្រនានាដើម្បីលក់បុរីលំនៅឋាននិងអចលនទ្រព្យរបស់ពួករបស់ខ្លួនទៅឲ្យអតិថិជនរៀងៗខ្លួន។
ក្នុងនោះអ្នកអភិវឌ្ឍន៍បុរីមួយចំនួនបានផ្តល់សេវាបង់រំលស់ផ្ទាល់ជាមួយបុរីទៅដល់អតិថិជន ដោយមិនចាំបាច់ឆ្លងកាត់និងការវាយតម្លៃពីគ្រឹះស្ថានធនាគារ ឬកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានានោះទេ ហើយម្ចាស់គម្រោងផ្សេងៗទៀតបានផ្តល់ជម្រើសទៅដល់អតិថិជនក្នុងការសហការជាមួយគ្រឹះស្ថានធនាគារ។
អ្នកអភិវឌ្ឍន៍បុរីលំនៅឋានមួយចំនួនបានលើកឡើថា ការបង់រំលស់លំនៅឋានជាមួយដៃគូធនាគារផ្តល់ភាពចំណេញ ជាងការបង់រំលស់ជាមួយអ្នកអភិវឌ្ឍន៍បុរីផ្ទាល់ ដោយសារតែការបង់ប្រាក់ជាមួយបុរី មាន អត្រាការប្រាក់ខ្ពស់ និងមានការរំលស់ក្នុងរយៈពេលខ្លី បើធៀបនឹងការបង់រំលស់ជាមួយធនាគារមានអត្រាការប្រាក់ទាបនិងរំលស់បានក្នុងរយៈពេលវែង។
លោក កូយ សីហា ប្រធានផ្នែកលក់របស់ក្រុមហ៊ុនបុរីធីវីស្តា បាននិយាយថាកំណើននៃការរស់នៅក្នុងបុរី និងការសាងសង់បុរីលំនៅឋានកំពុងហក់ឡើងខ្លាំង ប៉ុន្តែការយល់ដឹងរបស់អតិថិជនមួយចំនួនទាក់ទងនិងការបង់ប្រាក់មិនទាន់បានយល់ដឹងទូលំទូលាយនោះទេ។
លោកសីហាថ្លែងថា៖«ជាទូទៅក្នុងពេលបច្ចុប្បន្ននេះភាគច្រើនអតិថិជនមិនមានប្រាក់សុទ្ធសម្រាប់បង់ផ្តាច់នោះទេ ពោលគឺពួកគាត់ត្រូវការបង់រំលស់ជាមួយបុរី ឫធនាគារ។ អ៊ីចឹងហើយបានជាបុរីធីវីស្តាបានចេញគោលការណ៍មួយចំនួនសម្រាប់បង្កភាពងាយស្រួលដល់អតិថិជនលើការទិញលំនៅឋានក្នុងបុរីធីវីស្តាផ្ទាល់ដោយមានភាពខុសគ្នាមួយចំនួន។
លោកថ្លែងថា៖«បុរីបានផ្តល់ឲ្យអតិថិជនមានការបង់រំលស់ជាមួយបុរីផ្ទាល់ និងជាមួយធនាគារ ក៏ប៉ុន្តែអតិថិជនប្រមាណ៩៩ ភគារយបានសម្រេចចិត្តធ្វើការបង់រំលស់ជាមួយធនាគារដោយសារការបង់រំលស់ ជាមួយធនាគារដែលជាដៃគូររបស់បុរី ដោយគេគិតថាវាមានភាពងាយស្រួល និងមិនបង្កហានិភ័យដល់ពួកគាត់ ម្យ៉ាងវិញទៀតធនាគារផ្តល់នូវអត្រាការប្រាក់ទាប ពោលគឺ ការប្រាក់ទាប និងមានផ្តល់ជូនការរយះពេលបង់រំលស់រហូតដល់២០ឆ្នាំ។
លោកសីហាបានលើកឡើងថា៖« ការបង់រំលស់ជាមួយបុរីអតិថិជនក៏មិនសូវរងហានិភ័យខ្ពស់ប៉ុន្មានដែរ ពោលគឺ នៅពេលដែលអតិថិជនបង់បានត្រឹមតែ៦ខែ ហើយគ្មានប្រាក់បង់ បុរីនឹងជួយរកដៃគូធនាគារឲ្យពួកគាត់ដើម្បីបន្តការបង់ប្រាក់បន្ថែមទៀត។» លោកបានលើកទឹកចិត្តដល់អតិថិជន ធ្វើការបង់រំលស់ជាមួយធនាគារ ព្រោះវាមិនបង្កហានិភ័យខ្ពស់ដល់ពួកគាត់។»
ថ្វីត្បិតការបង់រំលស់ជាមួយធនាគារទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអតិថិជនយ៉ាងណាក៏ដោយ ក៏លោកប្រធានផ្នែកលក់បុរីធីវីស្តាបានបង្ហាញពីការព្រួយបារម្ភដូចគ្នាថា៖«ការបង់រំលស់ជាមួយធនាគារអតិថិជនទទួលបានភាពចំណេញជាងក៏ប៉ុន្តែអតិថិជនមិនមានច្រើននោះទេដែលមានលទ្ធភាពនិងការបង់ជាមួយនឹងធនាគារ។
លោកបន្តថា បើអតិថិជនមិនមានកេរ្តិ៍ឈ្មោះល្អ ធនាគារនឹងមិនផ្ដល់កម្ចីដល់ពួកគាត់នោះទេ នេះជាបញ្ហាផងដែរ។ លោកថា៖«ខ្ញុំអាចនិយាយបានថា អតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារមានរហូតដល់ ៩៥ ភាគរយប៉ុន្តែ ៥ភាគរយ មិនមានលទ្ធភាពតែនៅស្ទើរCreditអញ្ចឹងយើងក៏អាចឲ្យគាត់បង់រំលស់ជាមួយនឹងបុរីផ្ទាល់ក៏បានដែរប៉ុន្តែក្នុងករណីដែលធនាគារមិនឲ្យផ្ដល់កម្ចី»។
លោក ងួន សុនសាន្ត ប្រធានផ្នែកទំនាក់ទំនងអាជីវកម្ម និងពាណិជ្ជកម្ម បាននិយាយថា ភាគច្រើនបុរីតែងតែឲ្យអតិថិជនធ្វើការបង់រំលស់ជាមួយធនគារ ហើយមធ្យោបាយនេះគឺសឹងតែអ្នកអភិវឌ្ឍន៍ទាំងអស់បានធ្វើតាមគោលកាណ៍មួយនេះ។
លោក សុខសាន្តថា៖« អតិថិជនដែលចង់ទិញបុរី ពួកគាត់ភាគច្រើនមិនទាន់មានសាច់ប្រាក់គ្រប់ទាំងស្រុងនោះទេដើម្បីទៅទិញ ដូច្នេះពួកគាត់ត្រូវការកម្ចីពីធនាគារ។ លោកថា៖ «ប្រជាពលរដ្ឋមានចំនួនច្រើនដែលពួកគាត់ខ្ចីលុយពីធនាគារទៅទិញផ្ទះព្រោះពួកគាត់មិនមានលុយគ្រប់ចំនួន។ ការខ្ចីធនាគារ អតិថិជន(ប្រជាពលរដ្ឋ)មិនងាយរងគ្រោះដោយសារការបង់រំលស់ជាមួយធនគារទេ ក៏ព្រោះថាធនាគារមើលពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលខ្ចីហើយធនាគារនឹងវាយតម្លៃពីហានិភ័យ និងការសងត្រឡប់របស់អតិថិជន»។
លោកបន្តថា៖ «ធនាគារបានក្លាយជាដៃគូរយ៉ាងជិតស្និទ្ធជាមួយអតិថិជន ក្នុងការធ្វើប្រតិបត្តិការជាមួយគ្នានិងគ្នាលើការទូទាត់ប្រាក់កម្ចី និងសេវាផ្សេងៗ។ អតិថិជនមិនភ័យខ្លាចនោះទេដោយសារអត្រាការប្រាក់ទាប ការបង់រំលស់មានរយៈពេលយូរជូនអតិថិជន។»
ទោះបីជាការទិញផ្ទះដោយបង់រំលស់ជាមួយបុរី និងធ្វើប្រតិបត្តិការជាមួយធនាគារ អ្នកជំនាញថាការធ្វើប្រតិបតិ្តការជាមួយធនាគារអតិថិជនមានភាពចំណេញជាងក៏ដោយ ក៏ប៉ុន្តែជម្រើសទាំងពីរមានគុណសម្បិត្តរៀងៗ រាល់ខ្លួនចំពោះអតិថិជន ដោយគ្រាន់តែផ្អែកលើលក្ខណៈថាអតិថិជនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បង់ជាមួយបុរីនិង អតិថិជនមានលក្ខណៈគ្រប់គ្រាន់ឲ្យធនាគារផ្តល់ប្រាក់កម្ចីដែរឬទេ។
សូមបញ្ជាក់ថាការទិញផ្ទះដោយបង់ធ្វើការបង់រំលស់ជាមួយបុរី និងការរំលស់ជាមួយធនាគារ លក្ខណៈទាំងពីរនេះមិនបង្កហានិភ័យដល់អតិថិជនខ្ពស់នោះទេ។ ដោយការបង់រំលស់ជាមួយបុរីគឺជាលក្ខណៈដែលអតិថិជនមានសាច់ប្រាក់គ្រប់គ្រាន់ហើយមិនចង់ពាក់ព័ន្ធជាមួយធនាគារក៏ប៉ុន្តែអតិថិជនក៏អាចផ្លាស់ប្តូរការទូរទាត់សាច់ប្រាក់ជាមួយធនាគារវិញក៏បាន៕