កុំព្យូទ័រហ្គេម និងអាហារសរីរាង្គជំរុញឱ្យមានគម្រោងលំនៅដ្ឋានពិសេសមួយនៅស៊ុយអែត
ស៊ុយអែត៖ ក្រុមហ៊ុន White Arkitekter របស់ស៊ុយអែត កំពុងបំពេញការងារជាមួយគម្រោង ReGen Villages មានមូលដ្ឋាននៅតំបន់ Silicon Valley សហរដ្ឋ អាមេរិក ដើម្បីស្ថាបនាភូមិមួយ ដែលមានសេដ្ឋកិច្ចលក្ខណៈវិលជុំ និងផ្គត់ផ្គង់ថាមដោយខ្លួនឯង នៅក្នុងទឹកដីនៃប្រទេសស៊ុយអែត។
តំណាងគម្រោង ReGen Villages ពន្យល់ថា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលគេហៅថា “village operating system” គេអាចគ្រប់គ្រង ឬបញ្ជារ បរិក្ខារប្រើប្រាស់ក្នុងគេហដ្ឋានឆ្លាតវៃ និងប្រព័ន្ធទាក់ទងជាមួយអ្នករស់នៅជុំវិញ តាមដំណើរការបែបឌីជីថល។ ប្រព័ន្ធប្រតិបត្តិការនេះរួមមាន កសិដ្ឋានដាំដំណាំបញ្ឃរ និងវារីវប្បកម្ម ឧករណ៍ត្រងទឹកភ្លៀង បន្ទះសូឡារ និង ជីវឧស្ម័ន ដែលបានមកពីកាកសំណល់ប្រើប្រាស់ក្នុងមូលដ្ឋាន។
ប្រព័ន្ធនេះ ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនរៀនសូត្រស្វ័យប្រវត្តិ ដើម្បីលើកកម្ពស់ការដាំដុះ ការប្រើប្រាស់ថាមពល និងការគ្រប់គ្រងចរន្តទឹក សម្រាប់ដំណើរការនៅក្នុងសហគមន៍មូលដ្ឋានផ្ទាល់តែម្ដង។
គម្រោង ReGen Villages បង្កើតឡើងដោយសហគ្រិនជនជាតិអាមេរិក មកពីរដ្ឋកាលីហ្វ័ញ៉ាឈ្មោះ James Ehrlich ដែលទទួលការបំផុសគំនិតពីអាជីពមុនរបស់លោក ជាអ្នករចនាវីដេអូហ្គេម និងអ្នកសារព័ត៌មានផ្នែកអាហារសរីរាង្គ។ នេះបើតាមបទសម្ភាសន៍មួយរបស់លោក ជាមួយកាសែត The New York Times កាលពីឆ្នាំ ២០១៩។
មានទំហំ ២៥០.០០០ ម៉ែត្រការ៉េ គម្រោង ReGen village មានគេហដ្ឋានស្វ័យថាមពលចំនួន ៣០០ខ្នង ស្មើនឹង ២៥ភាគរយ នៃទំហំផ្ទៃដីសរុប។ ក្រៅពីការសាងសង់គេហដ្ឋាន ផ្ទៃដីដែលនៅសល់ នឹងត្រូវប្រើប្រាស់សម្រាប់សង់ កសិដ្ឋានដាំដំណាំ ផលិតថាមពលអគ្គិសនី និងការគ្រប់គ្រងប្រព័ន្ធទឹក។
លោក Ulla Bergström នាយកគ្រប់គ្រងក្រុមហ៊ុន White Arkitekter មានប្រសាសន៍ថាៈ “គម្រោងលំនៅដ្ឋានប្រើប្រាស់ថាមពលផ្ទាល់ខ្លួន និង សេដ្ឋកិច្ចវិលជុំ អាចជួយឲ្យទីក្រុង និងសហគមន៍រងផលប៉ះពាល់តិចតួច តាមរយៈការកាត់បន្ថយបន្ទុកលើហេដ្ឋារចនាសម្ព័ន្ធថ្នាក់កណ្ដាល។ គម្រោងទាំងនេះបានក្លាយជាធាតុមួយដ៏សំខាន់នៃការអភិវឌ្ឍន័ទីក្រុងប្រកបដោយចេរភាព។ ហើយយើងមានក្តីរំភើប ដែលអាចបង្ហាញឱ្យឃើញនូវ អ្វីដែលអាចមើលឃើញទៅក្នុងការអនុវត្តជាក់ស្តែង”។