គម្រោងភូមិឋានធម្មជាតិក្រុងភ្នំគ្រោងសម្ពោធគម្រោងទី៣របស់ខ្លួននៅទឹកដីអង្គរ

បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់អតិថិជនទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធគម្រោងទី៣ របស់ខ្លួនជាផ្លូវការនៅពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
គម្រោងទី៣ របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានឈ្មោះថា The Box Villa ដោយសាងសង់លើផ្ទៃដី ១ហិកតា ស្ថិតនៅតំបន់ប៉ែកខាងកើតនៃក្រុងសៀមរាប ចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីសាលារដ្ឋបាលខេត្តសៀមរាប និងប្រមាណ៤គីឡូម៉ែត្រ ពីផ្សារម៉ាក្រូ។
លោក សែម សុខខូយ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ បានថ្លែងឱ្យដឹងថា គម្រោង The Box Villa គឺមានតែប្រភេទផ្ទះអាជីវកម្មតែមួយគត់គឺ The Box Villa តែម្តងដោយមានចំនួនផ្ទះប្រណីតៗចំនួន ១០០ ខ្នង។ លោកបន្តថា ផ្ទះបែបអាជីវកម្មនេះ មានតម្លៃ ៧៩៩០០ដុល្លារ ហើយផ្ទះសាងសង់លើទំហំដី ៤.៥ x ២០ ម៉ែត្រ ដោយទំហំផ្ទះ ៤.៥ x ១៥ ម៉ែត្រ។
លោកបន្តថា គម្រោង The Box Villa នេះ បានរៀបចំរួចរាល់នូវប្រព័ន្ធទឹកនិងភ្លើងរួចជាស្រេចហើយ ដោយឡែកគម្រោងអាចបើកលក់នៅក្នុងពាក់កណ្តាលឆ្នាំ២០២១នេះ។ លោកសុខខូយ ថ្លែងថា៖«គម្រោងនេះផ្តោតជាពិសេសលើអតិថិជនដែលមានប្រាក់ចំណូលកំរិតមធ្យម ដោយយើងសង្គេតឃើញថាប្រាក់ចំណូលរបស់ប្រជាជននៅក្នុងខេត្តសៀមរាប មានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះពួកគាត់ក៏មានលទ្ធភាពទិញផ្ទះបែបទំនើបនេះផងដែរ។»
ដោយឡែក លោក ច្រឹក សុខនឹម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុ បាននិយាយថា គម្រោងផ្ទះលំនៅឋាន ទាំងបែបធម្មជាតិនិងផ្ទះល្វែងបែបអាជីវកម្ម នៅតែមិនទាន់មានការសាងសង់ច្រើននៅឡើយទេនៅក្នុងខេត្តសៀមរាបនេះ។ លោកបន្តថា ដោយសារខេត្តសៀមរាបគឺជាប៉ូលទេសចរណ៍ ដូច្នេះអ្នកអភិវឌ្ឍន៍ភាគច្រើន សម្លឹងមើលតែលើអភិវឌ្ឍគម្រោងបែបសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប និងរីសតជាដើម។
លោកថ្លែងថា៖ «ជារួម ខ្ញុំមិនទាន់ដឹងពីស្ថានភាពទូទៅចំពោះគម្រោងលំនៅឋានក្នុងខេត្តសៀមរាបនៅឡើយទេ ដោយសារគម្រោងប្រភេទនេះនៅមានតិចតួច ក៏ប៉ុន្តែខ្ញុំគិតថា គម្រោងផ្ទះបែបអាជីវកម្មទាំងអស់នេះ អាចនឹងរីកលូតលាស់ច្រើននាពេលខាងមុខ តែត្រូវប្រាកដថា អតិថិជនអាចមានលទ្ធភាពទិញ និងមិនពិបាកក្នុងលក់នៅពេលក្រោយ។»
បើទោះបីជាស្ថានភាពនាពេលបច្ចុប្បន្នហាក់មិនទាន់មានសញ្ញាវិជ្ជមាន និងសេដ្ឋកិច្ចកំពុងស្ថិតនៅក្នុងស្ថានភាពអ៊ាប់អ៊ូរក៏ដោយ ប៉ុន្តែការលក់គម្រោងរបស់ក្រុមហ៊ុននៅតែមានភាពល្អប្រសើរដដែល ដោយមិនទាន់មានសញ្ញាថមថយគួរអោយកត់សម្គាល់នៅឡើយទេ។
អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍រូបនេះបន្តថា៖« ស្ថានភាពការលក់នាពេលបច្ចុប្បន្នរបស់គម្រោងយើងនីមួយៗ មានភាពល្អប្រសើរ ហើយអតិថិជនអាចជ្រើសរើសការបង់ប្រាក់ងាយៗ ពួកគាត់អាចបង់រំលស់ជាមួយក្រុមហ៊ុនក៏បាន ឫតាមរយៈធនាគារក៏បាន ហើយយើងមានកម្មវិធីថែមជូនពិសេសជាច្រើនទៀត ។
គូសបញ្ជាក់ថា គម្រោង The Box Villa របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានលក្ខណៈពិសេសមួយចំនួនរួមមានដូចជា ផ្ទះបែរមុខទៅរកអូរធម្មជាតិ ផ្នែកកណ្តាលរបស់ផ្ទះមានលក្ខណៈជាលំហរពីក្រោមដល់ដំបូល និងអាចដាំដើមឈើបាននៅក្នុងផ្ទះថែមទៀតផង ដែលនេះខុសពីផ្ទះនៅគម្រោងដទៃៗទៀត។ ក្រៅតែពីនេះ ផ្ទះដេគ័រឡើងស័ក្តសមនឹងអតិថិជនដែលមានបំណងបើកអាជីវកម្ម ហើយការឌីហ្សាញ ស្របតាមស្តង់ដារខ្ពស់ ប្រកបដោយផាសុកភាព និងការរស់នៅបែបធម្មជាតិសម័យថ្មីដល់អតិថិជន។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បាននិយាយថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងផ្ទះលំនៅឋាន និងផ្ទះប្រភេទអាជីវកម្មមានច្រើននៅតាមតំបន់ជ្រាយក្រុងនៃខេត្តសៀមរាប ក៏ប៉ុន្តែនៅពេលមានការីករាលដាលវីរុសកូវីដ១៩ ការអភិវឌ្ឍក៏មិនសូវមានច្រើននោះដែរ។ លោកបន្តថា គម្រោងទាំងអស់នោះ ភាគច្រើនមានតែអ្នកដែលធ្វើអាជីវកម្មនៅក្នុងខេត្តសៀមរាប និងអ្នកនៅបទេសទេ ដែលមានសមត្ថភាពទិញ។
លោក អ៊ាវ គង់ ថ្លែងថា៖ «ជារួមខ្ញុំគិតថាទីផ្សារផ្ទះលំហែរ ផ្ទះអាជីវកម្មអីហ្នឹងមានច្រើនហើយនៅជិតក្រុង តែចំនួនអ្នកទិញនៅក្នុងខេត្តសៀមរាបមានតិច(ប្រជាពលរដ្ឋ) តែដោយសារខេត្តសៀមរាបជាតំបន់ទេសចរណ៍ ហើយការវិនិយោគលើវិស័យអចលនទ្រព្យភាគច្រើនគឺជាអ្នកធ្វើអាជីវកម្មទេសចរណ៍ ដោយអ្នកវិនិ យោគទាំងអស់នោះ សាងសង់សណ្ឋាគារ ដូច្នេះពួកគាត់ត្រូវការលំនៅឋានមួយសម្រាប់រស់នៅក្រោយពេលបញ្ចប់ការងារអញ្ចឹងទៅ ភាគច្រើនគឺជាអ្នករកស៊ី និងអ្នកចំណូលក្រៅ ។» លោកបន្តថា៖ អ្នកនៅបរទេសក៏មានច្រើនដែរ ដូចជាខ្មែរយើងជាដើម ដែលពួកគាត់ចង់បានផ្ទះមួយសម្រាប់លំហែរកាយនៅពេលពួកគាត់មកលេង ហើយក៏មានជនជាតិបរទេសមួយចំនួនដែរ ។
សូមជម្រាបថា បច្ចុប្បន្ន ខេត្តសៀមរាបមានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួន ដូចជា៖ អកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប, គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ, គម្រោងទីក្រុងសៀមរាបថ្មី, គម្រោងសណ្ឋាគារ និងផ្សារ Koulen Central Mall, គម្រោងអភិវឌ្ឍន៍សួនសត្វ និងអាងចិញ្ចឹមត្រី (wildlife park and aquarium) និងគម្រោង Angkor Lake of Wonder រឺ ណាហ្គាវឺលសៀមរាប៕
សូមចូលទៅកាន់ទំព័រផ្លូវការរបស់ គម្រោងភូមិខានធម្មជាតិក្រុងភ្នំ ដើម្បីស្វែងយល់អំពីគម្រោងបន្ថែម៖
https://www.facebook.com/norkophnom