លោក ជា សុផារ៉ា៖ ក្រើនរំឭកអ្នកសិក្សាប្លង់ កុំបណ្តោយឱ្យម្ចាស់សំណង់ សង់គ្មានបទដ្ឋានបច្ចេកទេស
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់បណ្តាក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ និងបុគ្គលសិក្សាគម្រោងប្លង់ដ៏ទៃទៀតដែលបានចុះបញ្ជីមានសុពលភាពទាំងអស់ ត្រូវអនុវត្តច្បាប់សំណង់អោយបានត្រឹមត្រូវ កុំបណ្តែតបណ្តោយឱ្យមានការសាងសង់សំណង់ផ្សេងៗគ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ឲ្យសោះ។
ការលើកឡើងពីសំណាក់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅពេលនេះ ត្រូវបានធ្វើឡើង ក្នុងវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់ លើកទី៤ កាលថ្ងៃទី២ ខែមីនា កន្លងទៅនេះ។ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ១២០០នាក់ ដែលភាគច្រើនជាក្រុមហ៊ុនសិក្សាគម្រោងប្លង់ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកជាសំណូមពរឲ្យអ្នកចូលរួមក្នុងវគ្គផ្សព្វផ្សាយនាពេលនេះរួមគ្នា គាំទ្រក្នុងការអនុវត្តច្បាប់សំណង់នេះអោយបានត្រឹមត្រូវ។ ត្រូវធ្វើការឱ្យមានប្រសិទ្ធិភាព កុំបណ្តោយឱ្យមានការសាងសង់សំណង់ផ្សេងៗគ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ រឺគ្មានលិខិតអនុញ្ញាតសាងសង់ ដែលអាចបង្កជាវិបត្តិនានាដូចពេលកន្លងមក។ ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណភាព មានសំណង់ដែលអាចចូលរួមចំណែកទប់ស្កាត់បំរែបំរួលអាកាសធាតុ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងបុគ្គល ហើយផ្តល់ប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំអោយមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីជំរុញឱ្យក្រុមហ៊ុនសាងសង់ រឺវិស្វករ ស្ថាបត្យករក្នុងស្រុកមានការងារធ្វើទាំងអស់គ្នា ដោយការដ្ឋាននីមួយៗត្រូវមានវិស្វករ រឺស្ថាបត្យករប្រចាំការដ្ឋានយ៉ាងហោចណាស់២នាក់។ លោករដ្ឋមន្ត្រីក៏បានគាំទ្រដល់ក្រុមហ៊ុនសាងសង់មកពីបរទេសទាំងអស់ ឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងអនុវត្តច្បាប់ ស្តីពីសំណង់ និងច្បាប់នៅប្រទេសកម្ពុជា។ ម្យ៉ាងក៏បានគាំទ្រដល់វិស័យអចលនវត្ថុ ដែលចាត់ទុកជាវិស័យមួយដែលមានសារសំខាន់សំរាប់សេដ្ឋកិច្ចជាតិផងដែរ។
ហេតុនេះ លោកអះអាងថា ការចូលរួមទទួលការបណ្តុះបណ្តាលដើម្បីបានយល់ដឹងអំពីច្បាប់ស្តីពីសំណង់នេះ គឺដើម្បីបានទទួលវិញ្ញាបនបត្របញ្ជាក់ថាបានចូលរួមវគ្គផ្សព្វផ្សាយនិងបានយល់ដឹងនូវខ្លឹមសារជាសារវ័ន្ត ដែលច្បាប់បានកំណត់។ ច្បាប់នេះមានបញ្ជាក់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ ព្រមទាំងរូបវ័ន្តបុគ្គលសិក្សាគំរោងប្លង់ទាំងអស់។ នៅពេលដែលក្រសួងបានរៀបចំផ្សព្វផ្សាយច្បាប់នេះមានលក្ខណះគ្រប់គ្រាន់ហើយ ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យ ធ្វើអធិការកិច្ចសំណង់នៅតាមបណ្តាការដ្ឋាន។ ប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិ នោះក្រសួងនឹងមានការចាត់វិធានការតាមផ្លូវច្បាប់។
លោករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា នេះជាលើកទី៤ហើយដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកវគ្គផ្សព្វផ្សាយ ស្តីពីច្បាប់សំណង់នេះឡើង។ លោកថា កាល៣វគ្គមុន មានអ្នកចូលរួមចំនួន៣២៨៩រូប ដែលតួលេខនេះបានបង្ហាញថា ស្ថាបត្យករដែលបានចូលរួមកម្មវិធីទាំងអស់ បានកើនចំនួនរហូត៩១%ឯណោះ។
បន្ថែមលើនេះ ការដែលក្រសួងរៀបចំវគ្គផ្សព្វផ្សាយច្បាប់សំណង់ គឺដើម្បីឱ្យវិស័យសំណង់ ក្លាយជាវិស័យសំខាន់ជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងអាចប្រមូលនូវធនធានមនុស្សផ្នែកសំណង់ មកទទួលការបណ្តុះបណ្តាលផ្នែកច្បាប់សំណង់បានច្បាស់លាស់ ។
ក្រោយបញ្ចប់វគ្គផ្សព្វផ្សាយនេះហើយ ក្រសួងនឹងផ្សព្វផ្សាយច្បាប់សំណង់នេះទៅកាន់និស្សិតតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តរាជធានីទូទាំងប្រទេស។ ជំហានបន្ទាប់គឺ បង្កើតការប្រជុំផ្សព្វផ្សាយជាមួយព្រះរាជអាជ្ញា មេធាវី និងក្រលាបញ្ជី ដើម្បីឱ្យការអនុវត្តច្បាប់សំណង់នេះស្របទៅតាមលិខិតបទដ្ឋានផង ស្របតាមច្បាប់ផង ហើយអាចអនុវត្តនូវវិធានការច្បាប់ផង។
គួរបញ្ជាក់ថា ច្បាប់សំណង់ ដែលបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៣ ខែ វិច្ចិកា ឆ្នាំ២០១៩ មានទាំងអស់២២ជំពូក និង១១១មាត្រា។ ច្បាប់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បិត្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
ច្បាប់ថ្មីនេះ ក៏នឹងបង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់ដែរ៕