គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10
ការឌីហ្សាញម៉ូតជណ្តើរ បានចូលរួមចំណែកធំមួយក្នុងការ​លើកសោភ័ណភាពលំនៅឋានគ្រប់ប្រភេទ។ ខាងក្រោមនេះ គឺជាគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែងរកម៉ូដជណ្តើរ ដ៏សក្តិសមសម្រាប់លំនៅដ្ឋាន ឬអគារការិយាល័យរបស់អ្នក។ Experimentarium នេះជាម៉ូដជណ្តើរយកគំរូតាមខ្សែច្រវាក់ DNA នៃរាងកាយមនុស្ស រំលេចចេញជាម៉ូដជណ្តើរវិលជុំ។ ម៉ូដជណ្តើរនេះលេចឡើង នៅក្នុងអគារមជ្ឈមណ្ឌលវិទ្យាសាស្រ្តនៃ Experimentarium នៅក្នុងទីក្រុង Copenhagen ប្រទេស Denmark។ គ្រោងរបស់ជណ្តើរសង់ឡើងពីដែកទម្ងន់ 160 តោន យកមកដាក់តំរៀបគ្នាជាមួយបន្ទះទង់ដែង។ Marie’s Wardrobe នេះជាម៉ូដជណ្តើរដែលច្នៃប្រឌិតយ៉ាងឆ្លាតវៃ ដែលអាចឱ្យពន្លឺភ្លើងជ្រាបចូលតាមចន្លោះកាំជណ្តើរ ជះពន្លឺតាមជាន់ទាំងបួន នៃអគារមួយនៅក្នុងទីក្រុងឡុងដ៍។ ជណ្តើរនេះសង់ឡើងពីបន្ទះឈើ Plywood ចំនួន 2,000 បន្ទះ។ វាមានចន្លោះរន្ធតូចៗរំលេចនៅតាមកាំជណ្តើរនិមួយៗ។ Sturlasgade នេះជាការច្នៃម៉ូដជណ្តើរដែលចែកចេញជាពីរផ្នែក។ ម៉ូដជណ្តើរនេះរំលេចនៅក្នុងអគារមួយនៅក្នុង ទីក្រុង Copenhagen ដែលធ្វើឡើងពីបន្ទះថ្ម Terrazzo Slab និង Zigzag នៃដើមឈើ Oak។ កាំជណ្តើរធ្វើពី Terrazzo បន្តុំលើគ្នា បង្រួមទំហំកាន់តែតូចទៅៗ រហូតដល់វាជួបជាមួយកាំជណ្តើរធ្វើពីបន្ទះឈើ Oak នៅជាប់នឹងមាត់បង្អួច។ House 13 ជណ្តើរធ្វើពីបេតុងមួយនេះ ភ្ជាប់ទៅនឹងជាន់ផ្ទាល់ដីនៃគេហដ្ឋានមួយនៅក្នុងទីក្រុងឡុងដ៍ ដែលមានផ្ទៃបន្ទប់ជាន់ក្រោមដីពង្រីកកាន់តែធំ។ ដើម្បីធ្វើឱ្យការតំឡើងជណ្តើរតាមលក្ខណៈសាមញ្ញ ស្ថាបត្យករបានជ្រើសយកវិធីសាស្រ្ត Pre-Cast Offsite។ Wine Aytthaya ជណ្តើរវិលចំនួន 5 តំឡើងនៅពីក្រោយជញ្ជាំងខណ្ឌចែកធ្វើពីឈើ Plywood នៅក្នុងហាងស្រាក្រហមមួយនៅក្នុងតំបន់ជនបទ នៃប្រទេសថៃ។ ជណ្តើរនេះវិលជុំវិញដងដែក ឡើងទៅកាន់អគារ បួនជាន់។ នៅជាន់និមួយៗមានកម្ពស់ខុសៗគ្នា ផ្តល់ឱ្យអ្នកដំណើរនូវទស្សនីយភាពខុសៗគ្នានៃទន្លេ Chao Phraya ដែលនៅក្បែរនោះ។ The Panzerhalle កាំជណ្តើរធ្វើពីបេតុងរលោង បង្កើតបានជាតួជណ្តើរចរិកពីផ្ទាំងថ្ម នៅក្នុងអគារអាផាតមិនដ៏ប្រណិតមួយ នៅក្នុងប្រទេសអូទ្រីស។ ជណ្តើរមួយនេះរំលេចឡើង ជាមួយបង្កាន់ដៃពណ៌ស ច្នៃម៉ូដ ជាស្លាបជណ្តើរទាំងសងខាង ដើម្បីទ្រទ្រង់អគារជាន់ទីពីរយ៉ាងល្អប្រណិត។ Etch House ស្ថាបត្យករបានជួសជុលជណ្តើរចាស់ នៅក្នុងអគារមួយនៅក្នុងទីក្រុងឡុងដ៍ ដោយជំនួសដោយ ជណ្តើរមួយប្រភេទដែលច្នៃម៉ូដយ៉ាងបត់បែន លាក់បង្កប់ខ្លួននឹងផ្ទៃជញ្ជាំង។ អ្នកច្នៃម៉ូដគេហដ្ឋាន មួយនេះបានប្រើប្រាស់ទីតាំងជណ្តើរចាស់ រំលេចឡើងនៅលើផ្ទៃជញ្ជាំង យ៉ាងល្អប្រណិត។ Kaleidoscope House កាំជណ្តើររំលេចខ្លួនព័ទ្ធជុំវិញផ្ទាំងកញ្ចក់ ដែលជាចំណុចកណ្តាលនៃគេហដ្ឋាន នៅក្នុងទីក្រុង Toronto ។ ស្របពេលដែលផ្ទាំងកញ្ចក់ជាច្រើនត្រូវបានតំឡើង នៅលើជ្រុងខុសៗគ្នា វាបានផ្តល់នូវពន្លឺជះត្រឡប់ទៅវិញទៅមក ដើម្បីបង្កើតជារូបភាពបែប Kaleidoscopic ដែលនេះជាឈ្មោះរបស់គម្រោងគេហដ្ឋាននេះផ្ទាល់។ Forte Greene Townhouse ជណ្តើរកណ្តាលនៃគេហដ្ឋាន ដ៏តូចចង្អៀតមួយនៅក្នុងទីក្រុង Brooklyn ត្រូវបានច្នៃរូបរាងឡើងវិញ ដើម្បីសមប្រកបជាមួយជញ្ជាំងកញ្ចក់។ ទស្សនីយភាពឆ្លងកាត់ផ្ទាំងកញ្ចក់ ផ្តល់នូវរូបភាពបែបស្រពិចស្រពិល ខណៈដែលមនុស្សនៅក្នុងផ្ទះធ្វើដំណើរចុះឡើង ពីមួយជាន់ទៅមួយជាន់។ Annandale House ដុំថ្មម៉ាបពណ៌បៃតងមួយដុំ បង្កើតជាកាំជណ្តើរទីមួយនៃតួជណ្តើរបេតុង ដែលត្រូវបានដាក់តំឡើង នៅក្នុងលំនៅដ្ឋានលក្ខណៈគ្រួសារតូចមួយនៅក្នុងទីក្រុងស៊ីដនី។ អ្នកច្នៃម៉ូដបានសម្រេចជ្រើសយកដើមរុក្ខជាតិ នៅដាំអមនឹងជណ្តើរ ផ្តល់នូវអារម្មណ៍ដូចនៅខាងក្រៅគេហដ្ឋាន។
អត្ថបទដោយ: Vutha