ទីផ្សារគ្រឿងសង្ហារឹមរីកចម្រើន ស្របនឹងកំនើននៃវិស័យសំណង់

ទីផ្សារគ្រឿងសង្ហារឹមរីកចម្រើន ស្របនឹងកំនើននៃវិស័យសំណង់

ភ្នំពេញ៖ ស្របពេលដែលការអភិវឌ្ឍន៍ វិស័យសំណង់លំនៅដ្ឋាននៅកម្ពុជា កាន់តែមាន​ការរីក​ចម្រើនឥតឈប់ឈរ វិស័យនេះបានទាញអោយវិស័យ​ដទៃផ្សេង​ទៀត អាច​ទទួល​បានផល​ប្រយោជន៍ និងតម្រូវការទីផ្សារខ្ពស់ផងដែរ ដើម្បីផ្គត់ផ្គង់​ទៅក្នុង​ឧស្សាហកម្ម​ថ្មីមួយនេះ។ ជាក់ស្ដែង ការផ្គត់ផ្គង់គ្រឿងសង្ហារឹម នៅក្នុងវិស័យសំណង់ បានក្លាយជាទីផ្សារថ្មីមួយទៀត សម្រាប់វិនិយោគក្នុង និងក្រៅស្រុក។ លោក ដួង អក្ខរា អគ្គនាយក មជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស អេ (S A​ Solutions Co., Ltd) បានផ្តល់បទសម្ភាសផ្ទាល់ដល់អ្នកយកព័ត៌មាន KHB Media ឱ្យដឹងថា ទីផ្សារផ្គត់ផ្គង់គ្រឿងសង្ហារឹមនៅកម្ពុជា មួយរយៈចុងក្រោយនេះ មានតម្រូវការខ្ពស់ ដោយសារមានកំនើននៃសំណង់អគារខ្ពស់ៗ ការរីកចម្រើននៃស្ថាប័នធនាគារ និងវិស័យឯកជន​ជាដើម។ លោកបានបញ្ជាក់ថា វត្តមានត្រឹមតែជាង ២ ឆ្នាំ នៃមជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ ក្នុងទីផ្សារកម្ពុជា បានធ្វើឱ្យក្រុមហ៊ុន ទទួលបានការបញ្ជាទិញកើនឡើងយ៉ាងច្រើន ដោយការ​លក់ មានការកើនឡើងពី ២០% ក្នុងឆ្នាំដំបូង រហូតដល់ ៨០% ក្នុងឆ្នាំបន្ទាប់ ដោយក្នុង ១ ឆ្នាំ ការលក់អាចកើនឡើងប្រហែលជាបួនដង។ លោកបន្ថែមថា ដើម្បីពង្រីកបាននូវទីផ្សារលក់កើនឡើងឆាប់រហ័ស ក្រុមហ៊ុនរបស់លោក បាន​ពង្រីកកិច្ចសហការជាមួយភ្នាក់ងារលក់ និង ដៃគូសហការជាច្រើនផ្សេងទៀតក្នុង​ប្រទេស ដើម្បី​ពង្រីកវិសាលភាពលក់ និងបំពេញតម្រូវការទីផ្សារអោយបានទាន់ពេល​វេលា និង​ឆាប់រហ័សផងដែរ។ ផលិតផលដែលមជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស.អេ អាចផ្គត់ផ្គង់បាននៅ​លើទីផ្សារ​រួមមាន កៅអី តុប្រតិបត្តិការិយាល័យ គ្រែជាមួយសាឡុង ផ្ទះបាយ ទូដាក់ចាន តុប្រជុំ និងទូផ្ទុកឯកសារក្នុងការិយាល័យជាដើម។ ផលិតផលទាំង​នេះ​ ត្រូវបាននាំចូលពីប្រទេសថៃ និង ប្រទេសចិន ដែលតម្រូវតាមចិត្តអតិថិជនបញ្ជាទិញ។ ក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹមយីហោក្នុងមួយនេះ ក៏មានលំហូរចូលនៃ​ការ​វិនិយោគរ​បស់ក្រុមហ៊ុនបរទេសមួយចំនួនផងដែរ ដូចជា ក្រុមហ៊ុម RCD Kitchen Cambodia ដែលជាក្រុមហ៊ុនដ៏ធំមួយ មានបទពិសោធន៍ក្នុង​វិស័យនេះជាង ៤៥ ឆ្នាំ នៅក្នុងប្រទេសថៃ ក្នុងការផ្គត់ផ្គង់​​គ្រឿង​សង្ហារឹម និង បរិក្ខា​សម្ភារផ្ទះបាយ ជាមួយនឹងការផ្ដល់នូវសេវកម្ម​តម្លើងជូន​ដល់អតិថិជនសម្រាប់លំនៅដ្ឋាន​ធម្មតា ក៏ដូចជាគម្រោងខុនដូផ្សេងៗផងដែរ។ ដោយយោងតាមតំណាងក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា វត្តមានជាច្រើនឆ្នាំ នៃការវិនិយោគ​ក្នុងប្រទេសកម្ពុជា បានផ្តោតសំខាន់ទៅលើគុណភាពជាចម្បង ធ្វើយ៉ាងណាប្រាកដថា ​ផលិតផល និង សេវាកម្មពិតជាឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ មិនតែប៉ុណ្ណោះ​ ពួកគេក៏បានសហការជាមួយ ក្រុមហ៊ុនអន្តរជាតិ ដែលផ្គត់ផ្គង់សម្ភារផ្ទះបាយយីហោ Blum & Hafele ផងដែរ។ គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនវិនិយោគពីបរទេស និងក្រុមហ៊ុនក្នុងស្រុកដែលនាំចូល ទៅលើប្រភេទគ្រឿងសង្ហារឹមបែបទំនើប ​ទាន់សម័យ មកចរាចរលក់នៅក្នុង​ទីផ្សារកម្ពុជា​នេះ បានសង្កេតឃើញថា ផលិតផលដែលបានផលិត ​និង​កែច្នៃដោយអ្នកផលិតក្នុងស្រុក ក៏មាន​តម្រូវការច្រើនផងដែរ ជាពិសេស គ្រឿងសង្ហារឹម​រចនាបទបែបខ្មែរបុរាណ ដោយ​ប្រើប្រាស់​វត្ថុធាតុដើមក្នុងស្រុក ដូចជាឈើក្រញ៉ូង នាងនួន និង ឈើបេងជាដើម៕    

អត្ថបទដោយ: Chakriya