NBC មានផែនការអ្វីខ្លះទាក់ទងលើវិស័យទូទាត់ប្រាក់នៅកម្ពុជា

NBC មានផែនការអ្វីខ្លះទាក់ទងលើវិស័យទូទាត់ប្រាក់នៅកម្ពុជា

ធនាគារជាតិនៃកម្ពុជាបានកំពុងដាក់ឲ្យដំណើរការសាកល្បងនូវគម្រោងបាគង ដើម្បីបង្កើនភាពងាយស្រួលក្នុងការទូទាត់ និងគៀងគរប្រជាជនឲ្យប្រើប្រាស់ប្រព័ន្ធធនាគារក្នុងជីវភាពប្រចាំថ្ងៃឲ្យបានច្រើន។

លោកស្រី ជា សិរី អគ្គនាយកនៃធនាគារជាតិនៃកម្ពុជាបានថ្លែងថា  គេសង្កេតឃើញថា ការទូទាត់បច្ចុប្បន្នពុំទាន់មានភាពងាយស្រួល ហើយមានតម្លៃខ្ពស់ដែលធ្វើឲ្យប្រជាជននៅជនបទ និងអ្នកដែលចង់ធ្វើការទូទាត់តិចតួចមានការលំបាកក្នុងការទទួលយក។ ម្យ៉ាងវិញទៀត គេក៏សង្កេតឃើញថាយុវវ័យ និងអតិថិជនវ័យកណ្តាលមាននិន្នាការទៅរកពិភពឌីជីថល(Digitalization) ដែលធ្វើឲ្យការប្រើប្រាស់ Mobile Payment មានការកើនឡើងជាលំដាប់។

លោកស្រី សិរីថា៖ «ដោយមើលឃើញពីបញ្ហាប្រឈមនេះ ទើបធនាគារជាតិនៃកម្ពុជា ធ្វើការសិក្សាស្រាវជ្រាវលើ
បច្ចេកវិទ្យា
Blockchain ដើម្បីផ្តល់លទ្ធភាពធ្វើការទូទាត់ឆ្លងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាទូទាត់ តាមរយៈកម្មវិធី Mobile App»

លោកស្រីអគ្គនាយកបន្ថែមថា៖«យើងមានមោទនភាពខ្លាំងណាស់ដែល កម្ពុជាយើងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ដោយប្រើបច្ចេកវិទ្យា ទំនើបចុងក្រោយមួយនេះ ហើយបានដាក់ឲ្យដំណើរការមុនគេ»

បើតាមធនាគារជាតិនៃកម្ពុជា កម្ពជាកំពុងសម្លឹងមើលសក្តានុពល២សំខាន់ៗទី១ បង្កើនលទ្ធភាពក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងទៅក្នុងតំបន់ ដើម្បីផ្តល់លទ្ធភាពទូទាត់ជាមួយប្រទេសក្នុងតំបន់ ASEAN និងទី២ ការជំរុញវិស័យ E-Commerce តាមរយៈការផ្តល់ភាពងាយស្រួល និងតម្លៃទាបក្នុងការទូទាត់ទំនិញ ហើយនេះគឺជាគោលដៅដ៏សំខាន់ក្នុងការជម្រុញបរិយាប័នហិរញ្ញវត្ថុ ជាពិសេសចំពោះសហគ្រិនជាស្ត្រី។

គួរបញ្ជាក់ថា គម្រោងបាគងនៅពេលនេះមានគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់ចំនួន ៩។ ក្នុងនោះរួមមាន៖ ធនាគារអេស៊ីលីដា ធានាគារវឌ្ឍនៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេស ធនាគារឯកទេសកម្ពុជា Wing ធនាគារស្ថាបនា ធនាគារ BIDC ធនាគារប្រៃសណីយ៍កម្ពជា ធនាគារកម្ពុជាសាធារណៈ និង SpeedPay។

គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០១៩ នៅកម្ពុជាមានគ្រឹះស្ថានដែលទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់ប្រាក់មានចំនួន ២១។ ក្នុងនោះ១៦គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទទួលបានអាជ្ញាប័ណ្ណ និងធនាគារនិងហិរញ្ញវត្ថុផ្តល់សេវាទូទាត់ចំនួន៥។ ប្រភេទប្រតិបត្តិការ និងសេវាទូទាត់ដែលគ្រឹះស្ថានទាំងនោះផ្តល់ដល់អតិថិជន មានរូបភាពជាការផ្ទេរប្រាក់ ដកប្រាក់ ដាក់ប្រាក់ ទូទាត់វិក្កយបត្រ ទូទាត់តម្លៃរាយ និងទូទាត់អនឡាញ។

ក្រុមហ៊ុន Asia Cash Express Plc ដែលគេស្គាល់គ្រប់គ្នាថា (អាស៊ីវេរលុយ) កំពុងតែបោះជំហានចូលក្នុងការផ្តល់សេវាកម្មទូទាត់ប្រាក់យ៉ាងសកម្មទៅលើប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិកនេះផងដែរ។ លោក ទៀង សុភា នាយក ផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអាស៊ីវេរលុយបានឲ្យដឹងថា អាស៊ីវេរលុយមានផែនការនាំយកបច្ចេកវិទ្យាទូទាត់កាន់តែទំនើបៗ និងកាន់តែងាយស្រួលជាងនេះមកកម្ពុជា ហើយក្រុមហ៊ុននៅបន្តផ្តោតលើការអប់រំ និងបណ្តុះបណ្តាលដល់សាធារណៈជនទូទៅឱ្យបានយល់ពីអត្ថប្រយោជន៍នៃសេវាកម្មរបស់អាស៊ីវេរលុយបន្ថែមទៀត។

លោកសុភាថា៖ «សម្រាប់អាស៊ីវេរលុយ យើងមានការទូទាត់តាមប្រព័ន្ធ QR Cod Code ទិញកាតទូរស័ព្ទ ទូទាត់ថ្លៃទឹក-ភ្លើង ទូទាត់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារធានារ៉ាប់រង និងទូទាត់ថ្លៃសិក្សាជាដើម។ ដោយអតិថិជនគ្រាន់តែដំឡើងកម្មវិធី App របស់អាស៊ីវេរលុយ អាចទូទាត់បានគ្រប់យ៉ាង មិនថាតែការផ្ញើរលុយ ទិញទំនិញគ្រប់យ៉ាង អាចបង់ប្រាក់នៅតាមអាជីវកម្ម ទាំងនៅក្នុងស្ថាប័នឯកជន និងស្ថាប័នរដ្ឋផ្សេងៗ គឺអាចធ្វើបានទាំងអស់»

អត្ថបទដោយ: Sreyluch