តម្រូវការគ្រឿងចក្រក្នុងវិស័យសាងសង់មានការថមថយ

ភ្នំពេញ ៖ នៅក្នុងឆ្នាំ ២០២០នេះ ការអភិវឌ្ឍន៍មួយចំនួន ជាពិសេសទៅលើវិស័យសំណង់ហាក់មានស្ថានភាពនៅទ្រឹងឬអាចនិយាយបានថា ស្ងប់ស្ងាត់បន្តិច ខណៈនៅ ពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានជួបនូវបញ្ហាមួយចំនួន ដូចជាការចាក ចេញ របស់ជនជាតិចិន និងការរីករាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិនជាដើម ។ កត្តាទាំងនេះ បានធ្វើអោយប៉ះពាល់ដល់ការសាងសង់មួយចំនួននៅកម្ពុជា ដែលជាហេតុធ្វើអោយអាជីវកម្មលក់គ្រឿងចក្រសម្រាប់វិស័យសាងសង់ហាក់មាននិន្នាការថមថយបន្តិច ។
លោក អែម ស្រ៊ ប្រធានផ្នែកលក់និង ទីផ្សារនៃក្រុមហ៊ុនគង់ នួនគ្រុប បានអោយដឹងថា នៅដើមឆ្នាំ ២០២០នេះតម្រូវការលើគ្រឿងចក្រនៅក្នុងវិស័យសំណង់នេះ ហាក់មានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ដោយសារតែការអភិវឌ្ឍន៍មួយចំនួនត្រូវបានផ្អាកក្រោយការចាកចេញរបស់ជនជាតិចិន ពីកម្ពុជា និងក្រោយមកទៀត ក៏មានការផ្ទុះនូវវីរុសកូរ៉ូណាប្រភេទថ្មី នៅប្រទេសចិន ដែលធ្វើអោយមានការព្រួយបារម្ភពីសំណាក់ពិភពលោកទាំងមូល ។ការព្រួយបារម្ភនេះ ធ្វើអោយអ្នកមានគម្រោងអភិវឌ្ឍន៍មួយចំនួនក៏រង់ចាំមើលពីការប្រែប្រួលសិនទើបបន្ត ។
លោកបន្តថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់គ្រឿងចក្ររបស់ក្រុមហ៊ុន គឺភាគច្រើនទៅលើការសាងសង់ផ្លូវ ដោយសារតែគម្រោងផ្លូវនេះ មិនមែនធ្វើមួយខែពីរខែ ឬមួយឆ្នាំរួចរាល់នោះទេ ។ គម្រោងខ្លះត្រុវការពេលពីរឆ្នាំ បីឆ្នាំជាដើម ដូច្នេះទើបមានការផ្គត់ផ្គង់ជាបន្តបន្ទាប់ទៀត ។ មានគម្រោងខ្លះទៀត បានគ្រោងយូរមកហើយ ហើយក៏ដល់ពេលដែលត្រូវសាងសង់ផងដែរ ដូច្នេះហើយទើបមានការបញ្ជាទិញដើម្បីបម្រើក្នុងការងារនេះ ។ លោកថា៖« សម្រាប់គម្រោងការដ្ឋានមួយចំនួនទៀត ដែលជាការវិនិយោគរបស់ចិន មានចិនខ្លះមិនបានយកគ្រឿងចក្រនៅក្នុងស្រុកទេ គឺគាត់យកពីប្រទេសចិនផ្ទាល់មកបំពេញអោយការងាររបស់គាត់ តែវិនិយោគិនចិនខ្លះ ក៏នៅតែប្រើគ្រឿងចក្រក្នុងស្រុកដើម្បីអភិវឌ្ឍន៍គម្រោងរបស់គាត់ » ។
លោកបន្ថែមថា ក្នុងឆ្នាំ២០២០នេះ បើនិយាយជារួមវាមិនជាធ្លាក់ខ្លាំងប៉ុន្មានទេ ឧទាហរណ៍ថា ឆ្នាំមុនលក់អស់៦០០គ្រឿង ឆ្នាំនេះ វាអាចនៅត្រឹម៥០០គ្រឿង តែយ៉ាងណាវានឹងអាចល្អប្រសើរវិញនៅពេលឆាប់ក្នុងពេលដែលឱកាសវិនិយោគនៅកម្ពុជានៅតែទូលាយ ។
លោកគិត តាក់ អ្នកជួលគ្រឿងចក្រសម្រាប់ ការដ្ឋាននៅព្រះសីហនុ កំពត បានអោយដឹងថា កាលពីមុនចិនចាកចេញ គ្រឿងចក្ររបស់លោកមានការមមាញឹកណាស់ ដោយគេជួលជាបន្តបន្ទាប់ តែក្រោយពេលចិនចាកចេញការអភិវឌ្ឍមួយចំនួនត្រូវថមថយ ធ្វើអោយគ្រឿងចក្រត្រូវទំនេរ និងងាកទៅរកការអភិវឌ្ឍផ្លូវជំនួសវិញ ។
លោកពីង សេរី អនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ថ្មីនឹងមិនមានច្រើនទេ គឺគេបន្តធ្វើគម្រោងចាស់ៗសិន ដោយរង់ចាំមើលសិន តែវានឹងត្រលប់មកអភិវឌ្ឍន៍វិញនៅពេលដែលស្ថានភាពស្ងប់ស្ងាត់បន្តិចពីបញ្ហាកូរ៉ូណា ។
លោកបន្តថា សូម្បីតែការទិញដីដើម្បូអភិវឌ្ឍន៍អ្វីមួយក៏គេមើលណាស់ ទៅលើសក្ដានុពល ទីតាំង និងឱកាសយកប្រាក់ចំណេញពីដីនោះត្រលប់មកវិញ ។ នេះជាដំណាក់កាលអ្នកមានលុយពើងទ្រូងម្ដង ខុសពីមុនដែលអ្នកមានដីពើងទ្រូងដាក់អ្នកមានលុយ ៕