ជប៉ុនជួយបំពាក់អំពូលភ្លើងLEDដ៏ទំនើបតាមវិថី៣ ដើម្បីឱ្យភ្នំពេញក្លាយជាទីក្រុងឆ្លាតវៃ

ជប៉ុនជួយបំពាក់អំពូលភ្លើងLEDដ៏ទំនើបតាមវិថី៣ ដើម្បីឱ្យភ្នំពេញក្លាយជាទីក្រុងឆ្លាតវៃ

ភ្នំពេញ: អ្នកជំនាញជនជាតិជប៉ុន បាននឹងកំពុងសិក្សាពីទីតាំងអាទិភាពមួយចំនួននៅក្នុងទីក្រុង​ភ្នំពេញ សម្រាប់បំពាក់អំពូលភ្លើងប្រភេទ LED តាម​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័​យ​​សន្សំសំចៃ​ភ្លើង​ដែល​ជាផលិត​ផលក្រុម​ហ៊ុន មីនេបៀ ខេមបូឌា​ ដើម្បីជំរុញឱ្យរាជធានី​ភ្នំពេញ​ក្លាយទៅជា​ទីក្រុង​​ឆ្លាត​វៃ។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ លោក ម៉េត មាសភក្ដី បានថ្លែងប្រាប់សារព័ត៌មាន KHB Media នៅថ្ងៃទី ២១ កុម្ភៈថា រដ្ឋ​បាល​រា​ជ​ធានី​ភ្នំពេញ និងក្រុម​ហ៊ុន មីនេបៀ​ ខេមបូឌា ( Minebea​ ​Cambodia​) បាន​ពិភាក្សាលើ​ការ​ងារនេះ ព្រមទាំងបានចុះ​ហត្ថលេ​ខា​​លើកិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ដាក់ឱ្យដំណើរការ និងការ​ថែ​ទាំសេវាបំភ្លឺសាធារណៈ​តាម​ប្រព័ន្ធគ្រប់គ្រងទីក្រុងឆ្លាតវៃរួចរាល់ហើយ។ លោកបន្តថា បច្ចុប្បន្ននេះ ភាគីក្រុមហ៊ុនកំពុងជំរុញអ្នកជំនាញរបស់ខ្លួនសិក្សាពីទីតាំងអាទិ​ភា​ព​​មួយចំនួននៅក្នុងក្រុងភ្នំពេញ ជាពិសេសខ្លួនបានសាកល្បង​រួចហើយ​តាម​​វិថី​សំ​ខាន់​ៗ​ចំនួន​ ​៣គឺ​ ​មហាវិថី​ព្រះ​នរោត្តម​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​​ ​និង​វិថី​សម្តេ​ច​​តេជោ​ហ៊ុន​សែន​ ​ជា​អំពូលភ្លើង​ដែល​ធានា​បាន​នូវ​សោភ្ឌណភាព​ ​និង​បរិស្ថាន​យ៉ាង​ល្អ​ប្រសើរ​។ លោកបន្ថែមថា ​ការ​ដាក់​អំពូលភ្លើង LED តាម​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័​យនេះ វានឹងផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​រាជធានី​ភ្នំពេញ​ ​​​ជាពិសេសសន្សំសំចៃ​ភ្លើង គុណភាពល្អ គិតគូរ​ពី​​បរិ​ស្ថា​ន ងាយស្រួលជួសជុល ក៏ដូចជា​​ការ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ ​និង​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ក្លាយទៅជា​ទីក្រុង​ឆ្លាតវៃ​ផង​ដែរ។ លោក មាសក្ដី បានបញ្ជាក់ថា៖«ឥឡូវនេះ យើងបានសិក្សាបានមួយជំហានហើយ គឺ​ទីតាំង​ដែ​ល​​ត្រូវដាក់ ហើយជំហានបន្ទាប់គឺយើងត្រូវជ្រើសរើសប្រភេទអំពូលទៀត ប៉ុន្ដែខ្ញុំមិន​ទាន់​ពីពេ​ល​​វេលាជាក់លាក់ដែលយកអំពូលទៅដាក់ទេ តែដឹងតែឆាប់ៗហ្នឹងហើយ។ លក្ខណៈ​ពិសេ​ស​អំពូលហ្នឹងមួយទៀត គឺវាអាច alert ប្រាប់យើងនៅពេលវាខូចផងដែរ»។ លោក​ ​យូ​ស៊ី​ហ៊ី​សា​ ​កៃ​ណឺ​ម៉ា​ ​អគ្គនាយកក្រុម​ហ៊ុន មីនេបៀ​ ខេមបូឌា ( Minebea​ ​Cambodia​) បានថ្លែងក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២០កុម្ភៈនោះថា ​អំពូលភ្លើង​ឆ្លាតវៃ​ប្រភេទ​ ​LED ដែល​ក្រុមហ៊ុន​នឹង​ផ្គត់ផ្គង់​​​ក្នុង​រាជធានី​ភ្នំពេញ​នេះ ជា​អំពូលភ្លើង​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គិស​នី​​រហូតដល់​ ​៨០ភាគរយ​ ​បើ​ប្រៀប​ធៀប​នឹង​អំពូលភ្លើង​ធម្មតា​ ​និង​អាច​ដំឡើង​ ​ឬ​បន្ថយ​ពន្លឺ​តាមរយៈ​ទូរបញ្ជា​តាម​ស្ថានភាព​ជាក់​ស្តែង​​នៃ​ចរាចរណ៍​តាម​ដងវិថី។ ​​លោកបន្តថា៖«​អំពូលភ្លើង​​​នេះ​ ​មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ ​គឺ​ជួយ​ដល់​ផ្នែក​សន្តិសុខ​​នៅពេល​រាត្រី​ ​និង​ធានា​​សុវត្ថិភាព​ចរាចរណ៍​ ​ព្រមទាំង​កាត់​បន្ថ​យ​​​​ការ​ចំណាយ​ថវិកា​ច្រើន​ទៀតផង»។ ចំណែក លោក ​​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បានលើកឡើងថា ការ​ដាក់ឲ្យដំណើរការ និងការ​ថែ​ទាំសេវាបំភ្លឺសាធារណៈ​តាម​ប្រព័ន្ធគ្រប់គ្រងទីក្រុងឆ្លាតវៃក្នុង​​រាជ​ធា​នី​ភ្នំពេញតាមរយៈការ​ចុះកិច្ច​ព្រម​ព្រៀង​នេះ បានផ្តល់​ផលប្រយោជន៍​យ៉ា​ងច្រើន​ដល់រាជធានីភ្នំពេញ ក្នុងការលើក​កម្ពស់​សោ​ភណ្ឌ​ភាព និងធ្វើឲ្យរាជធានី​ភ្នំពេញ​ក្លា​យ​ទៅ​ជា​ទីក្រុងឆ្លាតវៃផងដែរ​៕

អត្ថបទដោយ: Koemsoeun