ការឌីហ្សាញអគារបៃតង ផ្តល់អត្ថប្រយោជន៍អ្វីខ្លះអ្នករស់នៅក្នុងអគារ និង បរិស្ថាន?

ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន VRK Corporation បានឱ្យដឹងថា អគារបៃតងគឺជាចង្កោមនៃវិស្វកម្មសំណង់ ហើយការជ្រើសរើសសម្ភារៈគឺត្រូវគិតដល់អត្ថប្រយោជន៍នៃអគារ អ្នកប្រើប្រាស់ និងភពផែនដី។
អគារបៃតងគឺជាអគារ ដែលមានការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់អគារនោះជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដល់អាកាសធាតុនិងប្រព័ន្ធអេកូឡូស៊ីទាំងមូលតាមរយៈកាត់បន្ថយការប្រើប្រាស់ទឹកនិងប្រភពថាមពលដែលបំពុលបរិស្ថាន ដូចជាធ្យូងថ្មនិងកាបូនឌីអុកស៊ីតដែលបញ្ចេញទៅក្នុងបរិយាកាស។
អគារបៃតងគឺសាងសង់ឡើងគោរពតាមលក្ខខណ្ឌដូចជា ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការពិចារណាលើបរិស្ថាន ការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការរចនាប្លង់ដែលអាចសម្របខ្លួនបានទៅនឹងការផ្លាស់ប្តូរនៃអាកាសធាតុ ។
លោក យឹម កែវកល្យាណ នាយកប្រតិបត្តិក្រុមហ៊ុន VRK Corporation បានឱ្យដឹងថា អគារបៃតងមានលក្ខណៈពិសេសជាច្រើន ក្នុងនោះមិនត្រឹមតែជួយទៅដល់បរិស្ថាន និងភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឱ្យអ្នកបំពេញការងារ និងអ្នករស់នៅក្នុងអគារមានផាសុកភាព អារម្មណ៍ល្អ កាត់បន្ថយស្រេ្តស និងភាពធុញថប់ផងដែរ។
លោកបន្តថា នេះក៏ព្រោះតែអ្នកឌីហ្សាញបានគិតគូរទៅលើប្រព័ន្ធខ្យល់បរិសុទ្ធចេញចូលក្នុងអគារ និងរបស់របរប្រើប្រាស់ផ្សេងៗដូចជាថ្នាំលាបជញ្ជាំងជាដើម ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក កែវ កល្យាណថា៖«ស្រ្តេសដោយ សារអីគេ ដោយសារខ្យល់ក្នុងអគារមិនគ្រប់ ហើយអង្គុយធ្វើការអត់ងើបហ្មង។ បើសិនជាខ្យល់អត់គ្រប់ទេ ធ្វើឱ្យបុគ្គលិកអ្នកធ្វើការទាំងអស់ហ្នឹងធុញថប់ អាហ្នឹងវាពាក់ព័ន្ធនឹងប្រព័ន្ធឌីហ្សាញខ្យល់ចេញចូល។ សរុបមកវា (អគារបៃតង) បម្រើឲ្យអ្នកធ្វើការនៅក្នុងនោះ មានអារម្មណ៍ល្អ និងស្រស់ស្រាយ»។
លោកបន្តថា លក្ខណៈពិសេសរបស់អគារបៃតងដែលខុសប្លែកពីអគារធម្មតាទៀតនោះ គឺវាក៏ជួយកាត់បន្ថយការចំណាយលើចំណាយប្រតិបត្តិការដូចជា ប្រព័ន្ធទឹកភ្លើងជាដើម ដោយសារ វាពាក់ព័ន្ធនឹងការឌី ហ្សាញ អ្នកខ្លះឌីហ្សាញដោយប្រើកញ្ចក់ជុំវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យតិចបំផុត និងសន្សំការប្រើប្រាស់ទឹក ឱ្យតិចជាអគារធម្មតា។
អ្នកជំនាញលើសំំណង់អគាររូបនេះ បានលើកឡើងទៀតថា៖ «អគារខ្ពស់ៗមួយចំនួនពេលថ្ងៃគេអត់ប្រើភ្លើងទេ គេប្រើកញ្ចក់ជុំវិញ ពេលយប់បានគេប្រើភ្លើង អ៊ីចឹងពាក់ព័ន្ធនឹងការឌីហ្សាញឆ្លាតវៃដែរ smart design ដែរ»។ អ្វីដែលពិសេសនោះ គ្រប់ការរចនានៃអគារបៃតងគឺគិតពីសុវត្ថិភាពនៃអគារជាចម្បង ដោយវាមានប្រព័ន្ធ ឬផ្លូវរត់គេច ពេលមានអគ្គិភ័យកើតឡើង។
ជុំវិញករណីនេះដែរ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ភាគច្រើនអគារបៃតង ជាប្រភេទអគារដែលប្រើប្រាស់ថាមពលសូឡា និងមានដាំដើមឈើនៅជុំវិញ ដើម្បីឱ្យមានភាពបៃតង។ អគារប្រភេទនេះបានជួយដល់បរិស្ថានជាច្រើន តាមរយៈការកាត់បន្ថយការបញ្ចេញផ្សែង ឬឧស្ម័ន ដែលបំពុលទៅដល់បរិស្ថាន។
លោកបន្ថែមថា «អគារហ្នឹងវាមានផលចំណេញអីខ្លះ? ឧទាហរណ៍ថា យើងដាំដើឈើ វាធ្វើឱ្យមានផាសុកភាព ធម្មតា ដើមឈើហ្នឹងបញ្ចេញអុកស៊ីសែនមកយើង ធ្វើឱ្យយើងស្រួលខ្លួន និងកាត់បន្ថយការប្រើប្រាស់ថាមពលទៀត» ។
លោក សង្កេតឃើញថា បច្ចុប្បន្ននេះ អគារមួយចំនួនកម្ពុជា បានឈានទៅរកសាងសង់ ជាលក្ខណៈអាគារបៃតង ដោយអគារខ្លះបានបំពាក់សូឡូ ដើម្បីយកថាមពលមកប្រើប្រាស់ កាត់បន្ថយការប្រើប្រាស់ថាមពលបានមកពីម៉ាស៊ីន ឬវារីអគ្គិសនី។ ក្នុងនោះមានអគារមួយនៅព្រែកកំពឹស។
ថ្លែងក្នុងពិធីបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ លើកទី២ កាលពីថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញ និងលើកទឹកចិត្ត ដល់ស្ថាបត្យករទាំងអស់ឲ្យសាងសង់អគារឱ្យមានលក្ខណៈបៃតង ដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន ដើម្បីចំណែកការពារបរិស្ថាន៕