៦ចំណុចជួយអ្នកឲ្យជោគជ័យលើជំនួញគ្រឿងសង្ហារិម
ភ្នំពេញ៖ ស្របនឹងភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា ក៏មានអ្នកជំនួញជាច្រើនងាកមកបោះទុនវិនិយោគលើការនាំចូលគ្រឿងសង្ហារិម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដូចគ្នាដែរ។ ដ្បិតសំណង់អគាររីកដុះដាលច្រើនស្អេកស្កះ អាចធ្វើឱ្យតម្រូវការគ្រឿងសង្ហារិមយកមកប្រើប្រាស់ និងតុបតែងលម្អ មានការកើនឡើងក្តី តែការវិនិយោគលើជំនួញប្រភេទនេះ មិនងាយទទួលបានជោគជ័យ ហើយមិនអាចកើបប្រាក់ចំណេញក្នុងពេលត្រឹមមួយប៉ប្រិចភ្នែកឡើយ តែបែរងាយដួលរលំក្នុងពេលដ៏ខ្លីទៅវិញ។
(រូបតំណាង)
(លោក ដួង អក្ខរា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD))
ដោយសារតែភាពងាយរងគ្រោះ អាចបិទអាជីវកម្មក្នុងរយៈពេលដ៏ខ្លីនេះហើយ ទើបកិច្ចពិភាក្សាស្វែងរកវិធីធ្វើជំនួញផ្គត់ផ្គង់គ្រឿងសង្ហារិមបានជោគជ័យក្នុងប្រទេសកម្ពុជា ក្លាយជាប្រធានបទដ៏ពេញនិយម ដែលគេតែងលើកយកមកជជែកគ្រប់ពេលរម្លឹកអំពីជំនួញប្រភេទនេះ។ តើមានកត្តាអ្វីខ្លះដែលអ្នកជំនួញគ្រឿងសង្ហារិមអាចយកទៅអនុត្ត ហើយទទួលជោគជ័យក្នុងអាជីពរបស់ខ្លួន?
អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) លោក ដួង អក្ខរា បានថ្លែងបញ្ជាក់ថា ការផ្តើមរកស៊ីលើអាជីវកម្មគ្រឿងសង្ហារិម រហូតអាចក្លាយជាក្រុមហ៊ុនធំជាងគេមួយនៅប្រទេសកម្ពុជា វាមិនមែនជារឿងងាយស្រួលឡើយ តែលោកនៅអាចយកឈ្នះឧបសគ្គទាំងឡាយ រហូតទទួលបានលទ្ធផលវិជ្ជមានដូចថ្ងៃនេះ។
(រូបតំណាង)
អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារិម អេស.អេ លោក ដួង អក្ខរា បានមានប្រសាសន៍ផ្តល់នូវគន្លឹះសំខាន់ៗចំនួន៦ ដែលលោកបានដកស្រង់ពីបទពិសោធការងារផ្ទាល់ខ្លួន ជួយឱ្យក្រុមហ៊ុនមានភាពរីកចម្រើន ក្នុងវិស័យគ្រឿងសង្ហារិមបានរហូតសព្វថ្ងៃ។
ទី១ ផែនការមេឱ្យបានច្បាស់លាស់៖ ក្នុងវិស័យគ្រឿងសង្ហារិម មានការងារជាច្រើនផ្នែកខុសៗគ្នា ដូច្នេះសម្រាប់អ្នកវិនិយោគលើកិច្ចការនេះ ចាំបាច់ត្រូវសិក្សារៀបផែនការមេឱ្យបានលម្អិត ច្បាស់លាស់ ព្រោះជួយឱ្យការនាំចូល និងការលក់គ្រឿងសង្ហារិមប្រព្រឹត្តិទៅបានរលូនល្អ បញ្ចៀសនូវបញ្ហាជាច្រើន ដែលកើតមានជាមួយអតិថិជន ហើយអាចកសាងទំនាក់ទំនងល្អ បានយូរអង្វែងជាមួយដៃគូអាជីវកម្មនានា។
ទី២ សិក្សារអំពីផ្នែកទីផ្សារ៖ លទ្ធផលនៃការសិក្សានេះ នឹងជួយអ្នកបានដឹងច្បាស់អំពីចំនួនដៃគូប្រកួតប្រជែង (ក្រុមហ៊ុន រឺស្ថាប័ន ដែលវិនិយោគលើជំនួញគ្រឿងសង្ហារិម) និងទំហំការងារដែលអ្នកត្រូវបំពេញបន្ថែម ហើយផ្តល់ជាព័ត៌មានដ៏សំខាន់ ជំនួយដល់ការរៀបយុទ្ធសាស្ត្រការងារប្រកបដោយគុណភាព ប្រើក្នុងការងារទទួលបានប្រសិទ្ធភាពខ្ពស់។ ការធ្វើទីផ្សារ (Marketing) ជាដង្ហើមរបស់អាជីវកម្ម ដូច្នេះបើការធ្វើទីផ្សារបានល្អ ផលិតផល រឺសេវាកម្មរបស់អ្នកនឹងចែកចាយលើទីផ្សារបានរលូន ហើយមានអតិថិជនទទួលស្គាល់យ៉ាងរហ័ស។
ទី៣ សិក្សាពីចំណង់ចិត្តរបស់អ្នកប្រើប្រាស់៖ ទំនោរចិត្តរបស់អតិថិជននៅទូទាំងពិភពលោក តែងចាប់អារម្មណ៍នឹងរបស់ដែលថ្មីប្លែក កត្តានេះបានក្លាយជាចំណុចផ្តើមភាពជោគជ័យ និងបញ្ចប់ដំណើរលូតលាស់របស់មុខរបរជាច្រើន ព្រោះឆាប់ទាក់អារម្មណ៍ ហើយក៏ឆាប់ធុញទ្រាន់ដូចគ្នា។ ឧទាហរណ៍ដូចជា ផ្សារាត្រី ផ្សារកុងតឺណឺ និងគុយទាវទូកជាដើម ដែលមានភ្ញៀវកកកុញពេលផ្តើមដំណើរការដំបូង តែយូរទៅក៏អស់ភ្ញៀវតែម្តង។ ដូច្នេះអាជីវកម្មទាំងឡាយត្រូវត្រៀមគ្រប់ពេល ដើម្បីផ្លាស់ប្តូរតាមភាពប្រែប្រួលថ្មីៗ តម្រូវតាមចិត្តរបស់អតិថិជន។
(រូបតំណាង)
ទី៤ មានរចនាសម្ព័ន្ធក្រុមហ៊ុនត្រឹមត្រូវ៖ រចនាសម្ព័ន្ធការងារល្អ នឹងធ្វើឱ្យម្ចាស់អាជីវកម្មមិនប្រឈមដោះស្រាយបញ្ហាស្មុគស្មាញច្រើន ហើយរុញឱ្យដំណើរការអាជីវកម្មប្រព្រឹត្តិទៅបានរលូនល្អ។ ការរៀបចំប្រព័ន្ធគ្រប់គ្រងការងារ ដោយម្ចាស់អាជីវកម្ម ឬស្ថាបនិកដែលយល់ច្បាស់អំពីអាជីវកម្ម នឹងជួយឱ្យក្រុមការងារអាចបំពេញភារកិច្ចស្របតាមផែនការដែលបានកំណត់ទុក ដាក់បុគ្គលិកត្រូវជំនាញ ហើយបំពេញការងារបានជោគជ័យឆាប់រហ័ស។
ទី៥ មានភាពក្លាហាន និងមោះមុតក្នុងការធ្វើអាជីវកម្ម៖ ក្នុងដំណើរការមុខរបរនិមួយៗ ម្ចាស់អាជីវកម្មនឹងប្រឈមនូវបញ្ហាច្រើន អាចនាំឱ្យមានការខាតបង់ប្រាក់កាសហួសការស្មាន ដូចជាជួបនូវការបោកប្រាស់គ្រប់រូបភាព ឧទាហរណ៍ គ្រឿងសង្ហារិមដែលបានកម្ម៉ង់ បង់ប្រាក់កក់រួចហើយ បែរជាត្រូវគេរំសាយចោល មិនប្រគល់របស់ឱ្យតាមកិច្ចសន្យាជាដើម។ តែចំណុចនេះនឹងមិនជះឥទ្ធិពលធំដុំឡើយ ព្រោះការធ្វើអាជីវកម្មត្រូវហ៊ានប្រឈមនឹងការខាតបង់។ បើអ្នកមិនចេះតស៊ូ ដូច្នេះក៏មិនអាចឆ្ពោះរកភាពរីកចម្រើនបានដែរ។
សម្រាប់លោក អក្ខរា លោកតែងប្រកាន់ខ្ជាប់នូវឃ្លាមួយថា៖ «មុជឱ្យជ្រៅ ទៅឱ្យដល់»។
ទី៦ ត្រូវមានទំទុកចិត្តខ្ពស់៖ ដោយសារអាជីវកម្មផ្គត់ផ្គង់គ្រឿងសង្ហារិមមានភាពផុយស្រួយខ្លាំង ដូច្នេះម្ចាស់អាជីកម្មត្រូវមានទំនុកចិត្តខ្ពស់ក្នុងការងារ ហើយក៏ត្រូវផ្តល់ទំនុកចិត្តខ្ពស់ជូនអតិថិជនរបស់ខ្លួនដូចគ្នា។ ម្ចាស់មុខរបរត្រូវចេះថែរក្សាភ្ញៀវគ្រប់រូប ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ដោយមិនធ្វើឱ្យមានកំហុសកើតឡើងច្រំដែល ហើយតម្រូវតាមការចង់បានរបស់អតិថិជនឱ្យអស់សមត្ថភាព។ មិនត្រឹមអាចរក្សាស្ថេរភាពនៃចំណូល តែកត្តានេះជាសកម្មភាពសំខាន់ អាចយកឈ្នះការប្រកួតប្រជែងផ្នែកទីផ្សារប្រកបដោយប្រសិទ្ធភាព។
(លោក ដួង អក្ខរា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD))
សូមបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ជាក្រុមហ៊ុននាំចូលគ្រឿងសង្ហារិមដ៏ធំមួយ ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជាប្រមាណ ១០ឆ្នាំ មកហើយ។ ក្រុមហ៊ុននេះ ទទួលបានការបញ្ជាទិញកើនឡើងជាបន្តបន្ទាប់ ដោយការលក់បានកើនពីប្រមាណ ២០% ក្នុងឆ្នាំដំបូង រហូតដល់ ៨០% នាឆ្នាំបន្ទាប់។ ការលក់ក្នុង១ឆ្នាំៗ បានកើនលើសឆ្នាំចាស់ ប្រមាណ ៤ដង។ ផ្តើមដំបូងតាំងពីមានបុគ្គលិកត្រឹម ២នាក់ រហូតមានបុគ្គលិកច្រើនលើស ៤០នាក់ បច្ចុប្បន្នក្រុមហ៊ុន S.A បានពង្រីកទីតាំងលក់រហូត ៣សាខា ហើយគ្រោងពង្រីកបន្ថែមដល់ចំនួន ៥សាខា នាឆ្នាំ២០២០នេះ៕