ក្មេងប្រុសជនជាតិឥណ្ឌាផលិតដ្រូន ៦០០គ្រឿង ដោយប្រើប្រាស់សំណល់គ្រឿងអេឡិចត្រូនិច
ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌាម្នាក់ ឈ្មោះ NM Prathap ត្រូវបានគេដាក់រហ័សនាមថា «អ្នកវិទ្យាសាស្រ្តដ្រូន» បន្ទាប់ពី បានបំពេញបេសកកម្មសង្គ្រោះជីវិតមនុស្ស និងការពារភពផែនដី ដោយប្រើប្រាស់ដ្រូន ដែលខ្លួនផលិតពីសំណល់គ្រឿងអេឡិចត្រូនិច។
Prathap មានអាយុ ២២ឆ្នាំ បានបង្កើតដ្រូនកែច្នៃជាង ៦០០ គ្រឿង និងប្រើប្រាស់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ នៅពេលមានគ្រោះទឹកជំនន់មួយកើតឡើង នៅក្នុងប្រទេសឥណ្ឌា។
កុមារា Prathap ចាប់ផ្ដើមចាប់អារម្មណ៍ចំពោះដ្រូន នៅពេលគេមានអាយុ ១៤ឆ្នាំ ហើយគេអាចផលិតដ្រូន ដែលអាចហោះ និងថតរូបបានជាលើកដំបូង នៅអាយុ ១៦ឆ្នាំ។ បច្ចុប្បន្ន Prathap បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រ ពីមហាវិទ្យាល័យសិល្បៈ និងពាណិជ្ជកម្ម JSS ក្នុងទីក្រុង Mysuru ប្រទេសឥណ្ឌា។ កន្លងមក និស្សិតវ័យក្មេងរូបនេះ បានចូលរួមក្នុងគម្រោងផលិតដ្រូនជាច្រើន រួមមាន៖ បេសកម្មដ្រូនសម្រាប់ប្រតិបត្តិការជួយសង្គ្រោះជីវិត គម្រោងដ្រូនសម្រាប់ការគ្រប់គ្រងចរាចរណ៍ និង ទូរលេខផ្នែកសន្តិសុខព្រំដែន។ លើសពីនេះគេ ក៏បានសិក្សាអំពីប្រព័ន្ធលេខគ្រប់គ្រងបណ្ដាញដ្រូន ដើម្បីការពារពីការវាយប្រហារ (hack) ទៀតផង។
អំឡុងពេល គ្រោះទឹកជំនន់វាយប្រហារតំបន់ North Karnataka ប្រទេសឥណ្ឌា មនុស្សរាប់ពាន់នាក់ បានជាប់នៅទីនោះ ដោយគ្មានស្បៀងអាហារ និងមានរបួស។ ដ្រូនរបស់ Prathap បានរួមចំណែកគ្រប់គ្រងគ្រោះមហន្តរាយនោះ តាមរយៈការដឹកជញ្ជួនស្បៀងអាហារ និងថ្នាំសង្កូវ ដើម្បីផ្ដល់ជូនអ្នកគ្មានទីពឹង។
រាល់ពេល Prathap ផលិតដ្រូន គេតែងមានគោលបំណងមួយ គឺកាត់បន្ថយ កាកសំណល់អេឡិចត្រូនិច។ ដូច្នេះហើយ គេបានប្រមូលគ្រឿងបម្លាស់ពី ដ្រូនចាស់ៗ ដូចជា ម៉ូទ័រ កុងទ័រ និងគ្រឿងអេឡិចត្រូនិចដទៃទៀត មកផលិតជាដ្រូនថ្មី។ ជាលទ្ធផល គេមិនគ្រាន់តែអាចកាត់បន្ថយការចំណាយទេ តែថែមទាំងបានជួយសង្គ្រោះភពផែនដីទៀតផង។
ការងារបស់ Prathap តែងទទួលបានការទទួលស្គាល់ និងកោតសរសើរជាខ្លាំង ហើយរូបគេផ្ទាល់បានទទួលការអញ្ជើញទៅបង្ហាញស្នាដៃ ពីសំណាក់ប្រទេស ៨៧ នៅទូទាំងពិភពលោក។ កាលពីឆ្នាំ២០១៧ Prathapបានទទួលមេដៃមាស និងមេដាយប្រាក់ ជាមួយទឹកប្រាក់ ១០.០០០ ម៉ឺនដុល្លារ ពីកម្មវិធីពិព័រណ៍រ៉ូប៉ូតអន្តរជាតិក្រុងតូក្យូ។ នៅឆ្នាំ២០១៨ ក្នុងកម្មវិធីពិព័រណ៍ដ្រូនអន្តរជាតិ គេក៏បានឈ្នះ មេដាមាសនវានុត្តន៍អាល់បឺត អាញស្ដាញ (Albert Einstein Innovation) នៅក្នុងប្រទេសអាល្លឺម៉ង់។
ថ្មីៗនេះ វិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌា (IISc) និង វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IIT) ក៏បានអញ្ជើញ Prathap ដើម្បីធ្វើបាឋកថា អំពីការប្រើប្រាស់ដ្រូន នៅក្នុងស្ថានភាពអាសន្នផងដែរ។ អ្នកវិទ្យាសាស្រ្តវ័យក្មេងរូបនេះ បច្ចុប្បន្នកំពុងបំពេញការងារជាមួយ អង្គការស្រាវជ្រាវនិងអភិវឌ្ឍកិច្ចការការពារជាតិឥណ្ឌា លើគម្រោងប្រើប្រាស់ដ្រូនខ្លាំងក្លា និងស៊ីជម្រៅក្នុងកិច្ចការជាតិ៕