ឧស្សាហកម្ម៤.០បដិវត្តន៍ឧស្សាហកម្មបង្កើតមនុស្សយន្តជំនួសតួនាទីមនុស្ស

ឧស្សាហកម្ម៤.០បដិវត្តន៍ឧស្សាហកម្មបង្កើតមនុស្សយន្តជំនួសតួនាទីមនុស្ស

ប្រទេសជប៉ុន៖ បច្ចុប្បន្នមនុស្សយន្ត(Robot) កំពុងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើតួនាទីដែលអាចធ្វើការជំនួសមនុស្សបាន។ រ៉ូបូត អាចធ្វើការងារបានច្រើនប្រភេទ ដូចជាការទទួលភ្ញៀវ ការលើកដាក់របស់ប្រើប្រាស់ ការដឹកជញ្ចូនទំនិញពីឃ្លាំង អាចជួយសម្រួលដល់ដំណើរការផលិតបានរហ័ស ហើយថែមទាំងរក្សាសុវត្តិភាពចំពោះសង្វាក់ផលិតកម្មបានថែមទៀត។

ការផ្លាស់ប្ដូរដ៏សំខាន់ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលនេះ គឺជាការផ្លាស់ប្ដូរដ៏ទាក់ទាញមួយ ដែលគេហៅថា ឧស្សាហកម្ម៤.០(Industry 4.0) ជាបដិវត្តន៍ជំនាន់ទី៤ក្នុងសង្វាក់ផលិតកម្ម។

បដិវត្តន៍ឧស្សាហកម្មជំនាន់ទី១ និយាយអំពីយន្តកម្មដំណើរការដោយចំហាយទឹក ឯបដិវត្តន៍ឧស្សាហកម្មជំនាន់ទី២ គឺជាការផ្លាស់ពីយន្តកម្មដំណើរការដោយចំហាយទឹក ទៅជាការប្រើប្រាស់អគ្គីសនី​ ហើយឧស្សាហកម្មជំនាន់ទី៣ គឺប្រើប្រាស់កុំព្យូរទ័រ និងម៉ាស៊ីនស្វ័យប្រវត្តិ ចំណែកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះវិញ គឺផ្តោតលើការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនឆ្លាតវៃស្វ័យប្រវត្តិ។

ឧស្សាហកម្ម៣.០ ផ្តោតសំខាន់លើបច្ចេកវិទ្យាកុំព្យូទ័រ ហើយភ្ជាប់ទំនាក់ទំនងទៅឧស្សាហកម្ម៤.០ ឆ្ពោះទៅរកគោលដៅ សម្រេចបង្កើតមនុស្សយន្ត(Robot) ជំនួសតួនាទីរបស់មនុស្សក្នុងការបំពេញការងារមួយចំនួន។

ឧស្សាហកម្ម៤.០បង្កើតឡើងដោយមានការរួមបញ្ចូលគ្នារវាងប្រព័ន្ធគ្រប់គ្រងដោយកុំព្យូទ័រ(cyber-physical systems) និងការភ្ជាប់ទំនាក់ទំនងបញ្ជូន ប្រមូល និងផ្លាស់ប្ដូរទិន្នន័យ(Internet of Things) តាមប្រព័ន្ធអ៊ីនធើណេត។

ឧស្សហកម្មជំនាន់ថ្មី ដែលពិភពលោកកំពុងរង់ចាំ នោះគឺជាប្រភេទមនុស្សយន្តដែលអាចធ្វើការជំនួសមនុស្សបាន។ មនុស្សនឹងរងនូវឥទ្ធិពលពីកំណើននៃការងារបច្ចេកវិទ្យាជាលំដាប់នៅទូទាំងពិភពលោក ដែលជំនួសដោយមនុស្សយន្ត(Robot)។

បច្ចុប្បន្នមនុស្សយន្តរ៉ូបូត(Robot)ត្រូវបានក្រុមហ៊ុនអាម៉ាហ្សូន ដាក់ឱ្យបម្រើការផ្នែកដឹកជញ្ជូនទំនិញ នៅឃ្លាំងស្តុកទំនិញមួយរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនខ្លះនៅប្រទេសជប៉ុន ក៏កំពុងដាក់ Robotឱ្យបម្រើផ្នែកទទួលភ្ញៀវផងដែរ៕

អត្ថបទដោយ: Vanda