ជប៉ុនកំពុងផ្តោតការចាប់អារម្មណ៍លើពលករជំនាញថែទាំអគាររបស់កម្ពុជា

ជប៉ុនកំពុងផ្តោតការចាប់អារម្មណ៍លើពលករជំនាញថែទាំអគាររបស់កម្ពុជា
ជប៉ុនកំពុងផ្តោតការចាប់អារម្មណ៍លើពលករជំនាញថែទាំអគាររបស់កម្ពុជា
ជប៉ុនកំពុងផ្តោតការចាប់អារម្មណ៍លើពលករជំនាញថែទាំអគាររបស់កម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូ នៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន បានអះអាងថា ជប៉ុនកំពុងសម្លឹងមើលទីផ្សារកម្លាំងពលកម្មនៅកម្ពុជា ព្រោះប្រទេសជប៉ុនគ្រោងជ្រើសពលករជំនាញផ្នែកថែទាំអគារពីបរទេសបន្ថែមជាង ៣ម៉ឺននាក់ ទៀតនាពេលខាងមុខនេះ។

(អគារខ្ពស់ៗ ព័ទ្ធជុំវិញប៉មតូក្យូ ស្ថិតនៅជាប់ឧទ្យានស្ស៊ីបា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន )

(រូបតំណាង៖ កម្មករជំនាញកំពុងសម្អាត និងថែទាំអគារ)

ថ្លែងក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង កាលថ្មីៗនេះ នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) បានអះអាងថា ប្រទេសជប៉ុនកំពុងពិនិត្យមើលទីផ្សារការងារនៅប្រទេសកម្ពុជា ស្វែងរកកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈគម្រោងជ្រើសរើសពលករជំនាញពីបរទេសផ្នែកថែទាំអគារសំណង់ រហូតប្រមាណ ៣០,០០០នាក់ ឯណោះ។

នាយកគ្រប់គ្រងសមាគមថែទាំអគាររូបនេះបានបញ្ជាក់ថា៖ «ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ក្នុងនោះមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរដ្ឋាភិបាលជប៉ុន រហូតមានការចេញច្បាប់ពិសេសមួយសម្រាប់ប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្ន ទីផ្សារការងារនេះកំពុងមានតម្រូវការខ្ពស់នៅប្រទេសជប៉ុន»។

(នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ)

លោក ហ៊ីរ៉ូស្សី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ សមាគមថែទាំអគារជប៉ុនរបស់លោក មានសមាជិកប្រមាណជាង ២,៨០០ក្រុមហ៊ុន និងមានបុគ្គលិកជាជនជាតិជប៉ុន និងពលករមកពីបណ្ដាប្រទេសផ្សេង​ទៀតប្រមាណ ១,០០០,០០០នាក់់។

លោកបានបន្តថា សព្វថ្ងៃប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហា ព្រោះមានកំណើនមនុស្សចាស់ច្រើន ឯកម្លាំងពលកម្មជាមនុស្សពេញវ័យបែរជាមានសន្ទុះយឺត វិស័យការងារនានាជួបនឹងបញ្ហាកង្វះកម្លាំងពលកម្ម។ ចំពោះការថែទាំអគារវិញ ក៏នឹងជួបឧបសគ្គនេះដូចគ្នាដែរ។ មូលហេតុនេះហើយ ទើបសមាគមរបស់លោក ត្រូវជ្រើសរើសកម្លាំងពលកម្មបំពេញបន្ថែមពីក្រៅប្រទេស ដើម្បីពង្រឹងគុណភាពការងារក្នុងប្រទេសខ្លួន។

បើតាមការវាយតម្លៃរបស់សមាគមជំនាញថែទាំអគារ ស្ថាប័ននេះត្រូវការកម្លាំងពលកម្មជំនាញរហូតប្រមាណ ៩០ម៉ឺននាក់ចំណោមនោះ សមាគមត្រូវជ្រើសពលករជំនាញពីក្រៅប្រទេសប្រមាណ ៣០,០០០នាក់។ កន្លងមក សមាគមធ្លាប់បានជ្រើសរើសកម្លាំងជំនាញមកពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែសម្រាប់ផែនការថ្មី សមាគមបានប្ដូរមកជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញម្ដង។

(រូបតំណាង)

(រូបតំណាង)

ឆ្លើយតបនឹងសំណើខាងលើនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានថ្លែងគាំទ្រនឹងការលើកឡើងរបស់លោកនាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន។ លោកបានប្រគល់ការងារទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យសហការជាមួយសមាគមរបស់ជប៉ុនមួយនេះ ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ហើយប្រលងវាស់កម្រិតសមត្ថភាព បញ្ជូនពលករទៅធ្វើការឯប្រទេសជប៉ុន​។

លោក អ៊ិត សំហេង បានបញ្ជាក់ថា៖ «ចំពោះទីតាំងសម្រាប់ការប្រលងតេស្ត ខ្ញុំផ្ដល់ជម្រើសចំនួន២ ទី១ សមាគមអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្ត ក្នុងនោះក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន ៥កន្លែង។ ទី២ សមាគមថែទាំងអគារជប៉ុនអាចសហការជាមួយក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងតេស្តសមត្ថភាព»។

(លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ធ្វើការក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត លោហធាតុ និងវិស័យផ្សេងៗទៀត។ ទោះបែបនេះក្តី លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏សំណូមពរស្នើឱ្យជប៉ុន បង្កើនទទួលពលករពីកម្ពុជាឱ្យបានរហូតចំនួន ១០០,០០០នាក់។ បើតាមថ្នាក់ដឹកនាំក្រសួងការងារ កម្ពុជានៅមានធនធានសក្ដានុពលច្រើន ដែលសមាគម និងក្រុមហ៊ុននៅប្រទេសជប៉ុនអាចជ្រើសរើសជាពលកររបស់ខ្លួនបាន៕

(ទីក្រុងតូក្យូ)

អត្ថបទដោយ: Pisey