អ្នកជំនាញពន្យល់ពីអត្ថប្រយោជន៍នៃការរៀបចំឃ្លាំងទំនិញបែបស្តង់ដារ ខណៈតម្រូវការឃ្លាំងកើនឡើង

អ្នកជំនាញពន្យល់ពីអត្ថប្រយោជន៍នៃការរៀបចំឃ្លាំងទំនិញបែបស្តង់ដារ ខណៈតម្រូវការឃ្លាំងកើនឡើង

ខណៈកម្ពុជាកំពុងវិវត្តខ្លួនចូលទៅក្នុងសង្វាក់ផលិតកម្មសកល ស្របទៅតាមកំនើនសេដ្ឋកិច្ច អាជីវកម្មបម្រើឲ្យវិស័យឃ្លាំងទំនិញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តុក លើកដាក់ និង​ផ្ទេរបន្តទំនិញ។ ប៉ុន្តែអ្នកជំនាញផ្នែករៀបចំឃ្លាំងទំនិញលើកឡើងថា មានឃ្លាំងស្តុកទំនិញមួយចំនួនធំនៅកម្ពុជា នៅដំណើរការតាមបែបបុរាណនៅឡើយ ដែលនាំឲ្យខាតបង់ថវិកា ពេលវេលា និង មានហានិភ័យច្រើន។

លោក វ៉ា សុជាតិ ស្ថាបនិក និង​ជាអគ្គនាយកក្រុមហ៊ុន S3V Group ដែលមានបទពិសោធន៍លើការរៀបចំ និង ផ្គង់ផ្គង់ឧបករណ៍បម្រើឲ្យវិស័យឃ្លាំងតាំងពីឆ្នាំ២០០៦មកបានប្រាប់ KHB News ថា ការតម្លើងឃ្លាំងទំនិញប្រកបដោយស្តង់ដារផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរកទំនិញ ចំណេញថវិកា និង ពេលវេលា មានសុវតិ្ថភាព សោភ័ណភាព សណ្តាប់ធ្នាប់ ព្រមទាំងផ្តល់បរិយាកាសល្អដល់អតិថិជន និង កម្មករដែលបម្រើការនៅក្នុងឃ្លាំង។

ជាមួយនឹងបទពិសោធន៍លើវិស័យរៀបចំឃ្លាំងនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលមានស្តង់ដាររៀបចំឃ្លាំងទំនិញប្រកបដោយប្រសិទិ្ធភាពខ្ពស់ លោកសុជាតិ សង្កេតឃើញថាមានឃ្លាំងទំនិញ និង រោងចក្រមួយចំនួនធំនៅកម្ពុជា តែងដាក់ទំនិញគរលើគ្នា ពុំមានបញ្ជីរទំនិញច្បាស់លាស់ និងមិនទាន់ប្រើប្រព័ន្ធទិន្នន័យគ្រប់គ្រងឃ្លាំងនៅឡើយ ដែលនាំឲ្យពិបាកស្វែងរក ឫ ពិបាកលើកដាក់ដោយប្រើកម្លាំងមនុស្ស។

លោកកត់សម្គាល់ឃើញថា មានឃ្លាំងស្តុកទំនិញជាច្រើន នៅបន្តប្រើប្រាស់ធ្នើរដាក់ទំនិញដែលប្រើជាងដែកផ្សារធម្មតានៅឡើយ ដោយមិនមានការធានា បង្កហានិភ័យ និង ពិបាកលើកដាក់ទំនិញ។

លោកថ្លែងថា៖ «ខ្ញុំចង់ចូលរួមកែប្រែផ្នត់គំនិតរបស់ប្រជាជនខ្មែរមួយចំនួន ដែលនៅនិយមប្រើធ្នើរដែកបុរាណដែលផ្សារដោយជាងដែកដែលមិនមានជំនាញអំពីឧបករណ៍ធ្នើរ មិនបានឆ្លងកាត់ការធ្វើតេស្តត្រឹមត្រូវ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ហើយប្តូរមកប្រើប្រាស់ធ្នើរស្តង់ដារត្រឹមត្រូវ និងមានការធានាច្បាស់លាស់វិញ»។

ស្ថាបនិករូបនេះដែលមានបទពិសោធន៍តម្លើងឃ្លាំងជូនអតិថិជនគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា បានពន្យល់ថា ដំណើរការនៃការរៀបចំឃ្លាំងប្រកបដោយស្តង់ដារត្រូវចាប់ផ្តើមពីការផ្តល់ការប្រឹក្សាស្វែងយល់អំពីតម្រូវការរបស់អតិថិជនជាមុន បន្ទាប់មកផ្តល់ដំណោះស្រាយ និង ការឌីហ្សាញប្លង់ឃ្លាំងទំនិញពីអ្នកជំនាញ មុននឹងសាងសង់ និង ទិញឧបករណ៍សម្ភារៈ​ រួមទាំងប្រព័ន្ធគ្រប់គ្រងឃ្លាំង ដែលមានគុណភាព ប្រសិទិ្ធភាព និងស្តង់ដារជូនអតិថិជន រួមទាំងសេវាថែទាំឃ្លាំងជាប្រចាំផងដែរ។

ដោយសង្កេតឃើញពីបញ្ហាទាំងនេះ លោកបានសម្រេចចិត្តនាំចូលផលិតផល និង បច្ចេកវិទ្យាបម្រើឲ្យវិស័យឃ្លាំងម៉ាក Helli ដែលមានរោងចក្រផលិតកម្មធំជាងគេនៅប្រទេសចិន និង លំដាប់លេខ៧នៅលើពិភពលោកមកកម្ពុជា ដែលផលិតផលនេះត្រូវបានឌីហ្សាញឡើងប្រកបដោយស្តង់ដារអន្តរជាតិ និង មានការធានាត្រឹមត្រូវ។

លោកថ្លែងថា៖​«ខ្ញុំចង់នាំចូលបច្ចេកវិទ្យាទាំងនេះមកកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជួយធ្វើឲ្យប្រសើរឡើងនូវវិស័យនៅកម្ពុជាឲ្យមានកម្រិតស្តង់ការល្អ ដើម្បីធានាឲ្យមានសណ្តាប់ធ្នាប់ ប្រសិទិ្ធភាព សុវតិ្ថភាព និង ភាពងាយស្រួល»។

សភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីចុងឆ្នាំ២០១៩បានកត់សម្គាល់ថា វិនិយោគិនជាច្រើនកំពុងជួបការលំបាកក្នុងការស្វែងរកឃ្លាំងទំនិញ ដើម្បីជួលនៅតាមតំបន់សេដ្ឋកិច្ចពិសេសនានានៅទូទាំងប្រទេស ហើយជម្រុញឲ្យតំបន់សេដ្ឋកិច្ចពិសេសនានា ស្ថាបនាឃ្លាំងទំនិញថ្មីៗបន្ថែមទៀត ឬ ពង្រឹងសមត្ថភាពរបស់ឃ្លាំងដែលមានស្រាប់។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) គិតត្រឹមឆ្នាំ២០១៧ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤ កំពុងប្រតិបតិ្តការនៅកម្ពុជា។ កាលពីឆ្នាំ២០១៩ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅទូទាំងប្រទេសមានតម្លៃសរុបរហូតដល់ ១.៤ ពាន់លានដុល្លារអាមេរិច ដែលមានកំនើន ១៨% ធៀបនៅឆ្នាំ២០១៨។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​​(CVEA) បានប្រាប់កាសែតភ្នំពេញប៉ុស្ត៍កាលពីពេលថ្មីៗនេះថា តម្រូវការ​ឃ្លាំង​ជួល​ពិតជា​មាន​ការរអាក់រអួល​ខ្លះ​ក្នុងអំឡុង​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​វា​ស្ថិត​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្តថា វិស័យ​សេវាកម្ម​ធ្លាក់ចុះ​មែន តែ​តម្រូវការ​កន្លែង​ស្តុក​ទុក​ទំនិញ​គឺ​នៅតែមាន​។ លោក​បន្តថា​៖ «​វា​មិន​ធ្លាក់​ច្រើន​ទេ ព្រោះ​ការជួល​ឃ្លាំង​គេ​តែង​ធ្វើ​កិច្ចសន្យា​រយៈពេល​យូរ​ឆ្នាំ​»​។

លោក​ប្រាប់ទៀត​ថា តម្លៃ​ឃ្លាំង​ជួល​ពេលនេះ​ក៏​មិនបាន​ប្រែប្រួល​ដែរ​បើ​ធៀប​នឹង​មុនពេល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចុះ​ផ្សាយ​នៅ​ខែ​ធ្នូ​ឆ្នាំ២០១៩ ​បាន​បង្ហាញ​ថា ​ការ​នាំ​ចេញ​ពី​កម្ពុជា​ រយៈ​ពេល​១០ ខែ​ដំបូង​នៅ​ឆ្នាំ២០១៩ ​មាន​ចំនួន​ជិត​១១​ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ធៀប​នឹង​ចំនួន​ជាង​ ១០​ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ដូចគ្នា​នេះ​នៅ​ឆ្នាំ​២០១៨។

អត្ថបទដោយ: Sreyluch