ចិនបើកដំណើរការមន្ទីរពេទ្យឆ្លាតវៃបម្រើដោយមនុស្សយន្ត

ចិនបើកដំណើរការមន្ទីរពេទ្យឆ្លាតវៃបម្រើដោយមនុស្សយន្ត
បន្ទប់សម្រាកក្នុមន្ទីពេទ្យឆ្លាតវៃនាទីក្រុង Wuhan

ចិន៖ កាលពីដើមខែមីនានេះ ទីក្រុង Wuhan នៃប្រទេសចិន ដែលជាទីតាំងមេរោគកូរ៉ូណាបានផ្ទុះឡើងដំបូងគេ  បានបើកដំណើរការសាលមន្ទីរពេទ្យឆ្លាតវៃមួយកន្លែង ដោយបុគ្គលិក ដែលបម្រើការនៅទីនោះទាំងអស់ សុទ្ធសឹងជាមនុស្សយន្ត (Robot)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

មន្ទីរពេទ្យឆ្លាតវៃនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន startup មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង  ដែលមានឈ្មោះថា CloudMinds។ ក្រុមហ៊ុននេះ ជាអ្នកផលិតមនុស្សយន្ត ដែលអាចបំពេញការងារដូចជាវាស់កម្ដៅ ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម និងវាស់ចង្វាក់បេះដូង សម្រាប់អ្នកជំងឺ។ ហើយការសាកល្បងនេះ មានគោលបំណងសម្រាលបន្ទុកដល់ក្រុមគ្រូពេទ្យ ដែលបំពេញការងារយ៉ាង​នឿយហត់​។

បើតាម CNBC រាល់សេវាពិនិត្យព្យាបាលទាំងអស់ក្នុងមន្ទីរពេទ្យ ត្រូវបានដំណើរការដោយមនុស្សយន្ត ឬគេហៅថា «IoT» ដែលសំដៅលើឧបករណ៍ដែលអាចប្រមូល និងបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធើណែត។ នៅពេលអ្នកជំងឺចូលក្នុងមន្ទីរពេទ្យ ពួកគេនឹងត្រូវវាស់កម្ដៅដោយទែម៉ូម៉ែត្រ 5G ដែលអាចបញ្ចូនដំណឹងភ្លាមៗទៅបុគ្គលិក ប្រសិនបើរកឃើញថានរណាម្នាក់ក្ដៅខ្លួន។

អ្នកជំងឺដែលមកពិនិត្យសុខភាព​ តម្រូវឲ្យពាក់ចិញ្ចៀន និងខ្សែដៃឆ្លាតវៃ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់វិភាគទិន្នន័យ។ ចិញ្ចៀន និងខ្សែដៃទាំងនេះនឹងដំណើរការត្រួតពិនិត្យសញ្ញាសំខាន់ៗរបស់អ្នកជំងឺ ដូចជាសីតុណ្ហភាព អត្រាចង្វាក់បេះដូង និងកម្រិតអុកស៊ីសែនក្នុងឈាម។ ឯវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាក៏ត្រូវពាក់ឧបករណ៍នេះ ដើម្បីស្វែងរករោគសញ្ញាដំបូងនៃការឆ្លងមេរោគដែរ។

ក្រៅពីរ៉ូបូតបម្រើសេវាកម្មផ្នែកវេជ្ជសាស្ត្រ ក៏មានរ៉ូបូតផ្សេងទៀតត្រូវបានប្រើសម្រាប់ ចែកម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងផ្ដល់ការកម្សាន្តដល់អ្នកជំងឺ នៅកន្លែងរង់ចាំទៀតផង។ មនុស្សយន្តខ្លះ​ទៀត​ ត្រូវបំពេញការងារជាអ្នកសម្អាតឥដ្ឋ និងបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការការឆ្លងមេរោគនៅក្នុងបរិវេណមន្ទីរពេទ្យ។

លោក Bill Huang ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CloudMinds បានប្រាប់សារព័ត៌មាន CNBC ថា៖ «វេជ្ជបណ្ឌិតបានទទួលស្គាល់ថារ៉ូបូត និងឧបករណ៍ឆ្លាតវៃ ពិតជាមានប្រយោជន៍ ក្នុងការតាមដានរោគសញ្ញាសំខាន់ៗ របស់អ្នកជំងឺពីចម្ងាយ ដោយមិនចាំបាច់ទាក់ទងផ្ទាល់»។

សូមបញ្ជាក់ថា មន្ទីរពេទ្យឆ្លាតវៃ ក្នុងទីក្រុងអ៊ូហាននេះ ត្រូវបានគេស្ថាបនាឡើងសម្រាប់ត្រៀមទទួលអ្នកជំងឺ ២០.០០០នាក់ អំឡុងពេលដែលមន្ទីរពេទ្យធម្មតា លែងទ្រាំទ្រនឹងចំនួនអ្នកជម្ងឺដ៏ច្រើន​លើសលប់បាន។ បន្ទាប់ពីឆ្លងកាត់ការដំណើការសាកល្បង មន្ទីរពេទ្យនេះត្រូវបានគេរក្សាទុកសម្រាប់ប្រចាំការ ព្យាបាលអ្នកជំងឺ៕

អត្ថបទដោយ: Vasna