ភាពរីកចម្រើននៃសេវាទូទាត់បានចូលរួមចំណែកអ្វីខ្លះដល់ប្រជាពលរដ្ឋកម្ពុជា?
ភ្នំពេញ៖ បច្ចុប្បន្ននេះសេវាផ្ទេរប្រាក់ ដក និងដាក់ប្រាក់ ព្រមទាំងការទូទាត់តាមទូរសព្ទដៃ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ការរីកដុះដាលនៃសេវាកម្មនេះបានផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុនក្នុងការទូទាត់សាច់ប្រាក់ ផ្ទេរ និង ដកប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានសុវត្ថិភាពខ្ពស់។
ដោយសារតែសេវាផ្ទេរប្រាក់ និង សេវាទូទាត់ត្រូវបានអភិវឌ្ឍន៍កាន់តែទំនើប ហើយមានភាពទូលំទូលាយ វាបានជួយឱ្យប្រជាជនកម្ពុជា ជាពិសេស កម្មករកម្មការិនី និយោជិត ដែលបម្រើការនៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលជាញឹកញាប់ផ្ញើប្រាក់ទៅកាន់ឪពុកម្តាយនៅឯស្រុកកំណើត កាន់តែមានភាពងាយស្រួលជាងមុន។
ម្យ៉ាងវិញទៀតវាក៏ជួយសម្រួលដល់ការផ្ទេរនិងទទួលប្រាក់ពីភាគីម្ខាងទៀតបានឆាប់រហ័សផងដែរ ខណៈពីមុនការផ្ទេរប្រាក់គឺធ្វើឡើងតាមបែបបុរាណ ដោយផ្ញើតាមរថយន្តឈ្នួល ឬតាក់ស៊ីជាដើម។
អ្នកស្រី ឡេង ស្រីខួច អាយុ២៥ឆ្នាំ ជាកម្មការិនីបម្រើការងារនៅរោងចក្រមួយកន្លែងនៅម្តុំទឹកថ្លា បាននិយាយថា វត្តមាននៃក្រុមហ៊ុនផ្តល់សេវាទូទាត់កាន់តែច្រើន វាបានជួយសម្រួលដល់ការផ្ទេរនិងដកប្រាក់។ អ្នកស្រីបានឲ្យដឹងទៀតថា ពីមុន ការផ្ញើប្រាក់ទៅកាន់ឪពុកម្ដាយរបស់អ្នកស្រីម្ដងៗ មានភាពលំបាកដោយត្រូវផ្ញើតាមឡានក្រុង ជាមួយនឹងកម្រៃសេវាថ្លៃ និងមិនសូវទុកចិត្ត។
អ្នកស្រីថាបន្តថា៖«កាលពីមុន យើងឃើញមានក្រុមហ៊ុនផ្តល់សេវាទូទាត់ផ្ទេរ និង ដកប្រាក់ដែរ ប៉ុន្តែទីតាំងមាននៅឆ្ងាយៗពីរោងចក្រ ដែលមាននៅតែក្នុងទីប្រជុំជនតែប៉ុណ្ណោះ ហើយតម្លៃសេវាទៀតសោតនៅខ្ពស់នៅឡើយសម្រាប់ការផ្ទេរ ឬដកប្រាក់ តែមកទល់ពេលនេះមានអ្នកផ្តល់សេវាជាច្រើន ក្នុងនោះតម្លៃសេវាមានការថយចុះច្រើនផងដែរ»។
អាជីវករម្នាក់ទៀតលក់សំលៀកបំពាក់តាមប្រព័ន្ធអនឡាញនៅឬស្សីកែវ អ្នកស្រី កង សុធា បាននិយាយថាសព្វថ្ងៃនេះ ចរន្តហិរញ្ញវត្ថុរបស់អ្នកស្រី ភាគច្រើនត្រូវផ្ទេរចុះឡើងតាមរយៈភ្នាក់ងារវេរលុយ ព្រោះអតិថិជនរបស់អ្នកស្រីមួយចំនួនរស់នៅឯខេត្តឆ្ងាយៗ ដូច្នេះលោកស្រីត្រូវធ្វើការផ្ទេរ និងដកប្រាក់ជាញឹកញាប់។
អ្នកស្រី សុធាថា៖« កាលពីមុន ដោយសារភ្នាក់ងារផ្ទេរប្រាក់មានតិច ហើយក្រុមហ៊ុនផ្ទេរប្រាក់ក៏មិនច្រើនដូចបច្ចុប្បន្ន ដូច្នេះរាល់កម្រៃសេវាហាក់នៅខ្ពស់បន្តិច តែនៅពេលដែលមានក្រុមហ៊ុនកាន់តែច្រើន ធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង និងធ្វើឱ្យតម្លៃសេវាកាន់តែធ្លាក់ និងបានសម្រួលដល់អ្នកដែលតែងតែប្រើសេវាផ្ទេរប្រាក់ »។
ក្រុមហ៊ុន Asia Cash Express Plc ដែលគេស្គាល់គ្រប់គ្នាថា (អាស៊ីវេរលុយ) កំពុងតែបោះជំហានចូលក្នុងការផ្តល់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិកនេះផងដែរ។
លោក ទៀង សុភា នាយក ផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអាស៊ីវេរលុយ យល់ឃើញថាកំណើននៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬ តាមទូរស័ព្ទដៃ បានសម្រួលដល់ការចរាចរសាច់ប្រាក់ពីគ្រប់ទីកន្លែង អាចជួយឱ្យអ្នកប្រើប្រាស់ ចំណេញពេលវេលា មិនចំណាយ សោហ៊ុយ ក្នុងការធ្វើដំណើរ មានសុវតិ្ថភាពខ្ពស់ ងាយស្រួលចាយវាយ អាចកាត់បន្ថយហានិភ័យដល់ប្រជាជន ការទូទាត់ដោយមិនបារម្ភអំពីប្រាក់កខ្វក់ ឬរហែកនោះទេ។
លោកបន្តថា៖«អាស៊ីវេរលុយ មានដៃគូទូទាត់ប្រាក់ប្រមាណ ៥ម៉ឺនទីតាំង នៅទូទាំងប្រទេស ជាមួយនឹងអតិថិជនដែលកំពុងប្រើប្រាស់ App អាស៊ីវេរលុយប្រមាណជាង ៨ម៉ឺននាក់ ផងដែរ រហូតមកទល់ពេលនេះ»។
ជាមួយអាស៊ីវេរលុយ អតិថិជនអាចធ្វើការទូទាត់ចំណាយផ្សេងៗ ជាមួយ Asia Pay QR Code ទិញកាតទូរស័ព្ទ ទូទាត់ថ្លៃទឹក-ភ្លើង ទូទាត់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូទាត់ថ្លៃសិក្សាជាដើម។
ជាក់ស្តែងគិតត្រឹមរយៈពេល៦ខែឆ្នាំ ២០១៩ នៅកម្ពុជា មានគ្រឹះស្ថានដែលទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់ប្រាក់មានចំនួន ២១។ ក្នុងនោះ ១៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទទួលបានអាជ្ញាប័ណ្ណ និងធនាគារ និងហិរញ្ញវត្ថុផ្តល់សេវាទូទាត់ចំនួន៥។ប្រភេទប្រតិបត្តិការ និងសេវាទូទាត់ដែលគ្រឹះស្ថានទាំងនោះផ្តល់ដល់អតិថិជន មានរូបភាពជាការផ្ទេរប្រាក់ ដកប្រាក់ ដាក់ប្រាក់ ទូទាត់វិក្កយបត្រ ទូទាត់តម្លៃរាយ និងទូទាត់អនឡាញ៕