កម្ពុជាត្រៀមសណ្ឋាគារ និងសាលារៀនជាង៣ពាន់បន្ទប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រហូតពេលនេះ រាជរដ្ឋាភិបាលបានត្រៀមរៀបបន្ទប់ដែលជាអតីតសណ្ឋាគារ សាសារៀន និងអគារស្នាក់នៅរបស់សិស្សចំនួន ៣,០០០បន្ទប់ រួចជាស្រេចហើយ សម្រាប់ឱ្យអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល ថែទាំសុខភាពឡើងវិញ។
សម្តេច ហ៊ុន សែន បានថ្លែងអះអាងបែបនេះ នាពិធីជួបសំណេះសំណាលកាលពីព្រឹកថ្ងៃទី២៥ ខែមីនានេះ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
លោកនាយករដ្ឋមន្រ្តីបានថ្លែងថា៖ «រាជរដ្ឋាភិបាលបានត្រៀមបន្ទប់បម្រុងជាង៣០០០បន្ទប់នៅទូទាំងប្រទេស ដែលមានទាំងសណ្ឋាគារ និងអន្តេវេសិកដ្ឋានរបស់សាលារៀន សម្រាប់ត្រៀមទទួលអ្នកឆ្លងមេរោគកូវីដ១៩ថ្មី។ មានបុគ្គលិកពេទ្យជាង ២០០០នាក់ ក្នុងចំណោមពេទ្យ ២ម៉ឺននាក់ នៅទូទាំងប្រទេស កំពុងធ្វើការជាមួយអ្នកឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេស»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា នៅរាជធានីភ្នំពេញមានទីតាំងសំខាន់ចំនួន ៥កន្លែង ដែលរដ្ឋបានត្រៀមទុកធ្វើជាកន្លែងព្យាបាលមានដូចជា សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារ Intercontinental) មន្ទីរពេទ្យមិត្យភាពខ្មែរសូវៀត (ពេទ្យរុស្សី) មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យចាក់អង្រែ និងពេទ្យយោធាដែលនៅមិនទាន់ប្រើប្រាស់នៅឡើយ។ នៅក្នុងអគារទាំងនោះ មានប្រព័ន្ធទឹក ភ្លើង និងមានគ្រែដែលរៀបចំជាស្រេច ដែលអាចទទួលប្រជាពលរដ្ឋជាអ្នកជំងឺកូវីដ១៩ ឱ្យស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។
បន្ថែមលើនេះ សម្តេច ហ៊ុន សែន ក៏បង្ហាញនូវការប្ដេជ្ញាចិត្ត ធានាដល់សុវត្ថិភាពគ្រូពេទ្យគ្រប់រូប ដែលសម្រេចចិត្តចូលរួមបំពេញការងារប្រយុទ្ធជាមួយមេរោគកូវីដ១៩ ជាមួយរដ្ឋាភិបាលនាពេលនេះ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រសិនបើលោកគ្មានអាវុធគ្រប់គ្រាន់ទេ គឺលោកមិនឱ្យចូលប្រយុទ្ធឡើយ ហើយបើគ្មានបរិក្ខាពេទ្យគ្រប់គ្រាន់ ក៏លោកមិនឱ្យពេទ្យចេញព្យាបាលអ្នកជំងឺដូចគ្នា។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ តាមរយៈការបង្ហាញឆន្ទៈ ថានឹងយកឈ្នះ ហើយកម្ចាត់មេរោគកូវីដ១៩ចេញឱ្យអស់ពីប្រទេសកម្ពុជា នាពេលឆាប់ៗនេះ ទោះសព្វថ្ងៃកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ កើនរហូតចំនួន ៩៣នាក់ ហើយក៏ដោយ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) កើនដល់ចំនួន ៩៦នាក់ហើយ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន៤នាក់៕