ក្រុមហ៊ុនAmazon សង់មន្ទីរពីសោធន៍ផ្ទាល់ខ្លួនសម្រាប់ធ្វើតេស្ដ៍កូវីដ-19 ជូនបុគ្គលិក

ក្រុមហ៊ុនAmazon សង់មន្ទីរពីសោធន៍ផ្ទាល់ខ្លួនសម្រាប់ធ្វើតេស្ដ៍កូវីដ-19 ជូនបុគ្គលិក

អាម៉េរិក៖ ក្រុមហ៊ុន Amazon បានងាកមកសាងសង់មន្ទីរពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ផ្ទាល់ខ្លួន ដើម្បីពិនិត្យមេរោគជូនបុគ្គលិក ស្របពេលដែលក្រុមហ៊ុនពាណិជ្ជកម្មអនឡាញយក្សមួយនេះ កំពុងព្យាយាមជម្នះ បញ្ហាសុវត្ថិភាពរបស់បុគ្គលិក អំឡុងពេលដែលមេរោគកូវីដ ១៩ កំពុងឆ្លងរាតត្បាតជាសាកល។ នេះបើតាមការប្រកាសឲ្យដឹងរបស់ក្រុមហ៊ុន កាលពីសប្ដាហ៍មុន។

តាមរយៈគេហទំព័ររបស់ខ្លួនក្រុមហ៊ុន Amazon បានសរសេររៀបរាប់ថា « ក្រុមការងាររបស់ Amazon មកពីជំនាញផ្សេងៗគ្នា រាប់ចាប់ពីក្រុមអ្នកស្រាវជ្រាវ និងអ្នកគ្រប់គ្រងកម្មវីធី រហូតដល់អ្នកជំនាញ​លទ្ធកម្ម និងវិស្វករកម្មវិធីកុំព្យូទ័រ បានផ្លាស់ប្ដូរពីការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន មកចូលរួមក្នុងក្រុម ដើម្បីបំពេញការងារលើគំនិតផ្ដួចផ្ដើមនេះ»។ ពេលនេះ ក្រុមការងារកំពុងចាប់ផ្ដើមប្រមូលសម្ភារៈ ដែលត្រូវការសម្រាប់សង់បន្ទប់ធ្វើតេស្តជាមុនសិន បន្ទាប់មកនឹងចាប់ធ្វើតេស្តជូនបុគ្គលមួយចំនួន ដែល​បំពេញការងារនៅជួរមុខ។

Amazon បញ្ជាក់ថាមូលហេតុដែលខ្លួនសម្រេចធ្វើបែបនេះ ក៏ដោយសារបញ្ហាកង្វះកន្លែងធ្វើតេស្តដែលអាចបញ្ជាក់ការឆ្លងមេរោគ និងក្តីបារម្ភ ដែលថាសូម្បីតែអ្នកគ្មានរោគសញ្ញា ក៏អាចចម្លងជំងឺទៅអ្នកដទៃបានដែរ។

នៅដើមឆ្នាំ ២០២០ Amazon មានបុគ្គលិកបម្រើការងារចំនួន ៧៥០.០០០នាក់ និងបានកើនឡើងជាបន្តបន្ទាប់។ ពេលនេះបុគ្គិលមួយចំនួន ដែលបម្រើការនៅក្នុងឃ្លាំង ត្រូវបានគេជឿថាមានផ្ទុកមេរោគ កូវីដ-១៩។ បុគ្គលិកខ្លះក៏បានចេញតវ៉ាទាមទារ ឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាពរបស់ពួកគេ។ តាំងតែពីសប្តាហ៍មុនមក ក្រុមហ៊ុន បានចាប់ផ្តើមវាស់កម្ដៅ និងចែកម៉ាស់សម្រាប់បុគ្គលិក ដើម្បីជាការលើកកម្ពស់សុវត្ថិភាព។

កាលពីខែមុន ក្រុមហ៊ុនក៏បានកំណត់គោលដៅ ជួលមនុស្សប្រមាណ ១០០.០០០ នាក់ និងវិនិយោគទឹក ៣៥០ លានដុល្លារ ដើម្បីជួយគាំទ្របុគ្គលិក និងដៃគូពាក់ព័ន្ធ ស្របពេលដែលមេរោគកូវីដ១៩ កំពុងរាតត្បាតខ្លាំង។ ការណ៍នេះបានជម្រុញឲ្យក្រុមហ៊ុនកាន់តែឈានមុខគេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយរបស់ខ្លួន៕

អត្ថបទដោយ: Vasna