អាល្លឺម៉ង់បំប្លែងសំរាម ជាអ៊ីដ្រូសែនសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូនសាធារណៈ

អាល្លឺម៉ង់បំប្លែងសំរាម ជាអ៊ីដ្រូសែនសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូនសាធារណៈ

អាល្លឺម៉ង់៖ នៅក្នុងទីក្រុង Wuppertal ភាគខាងលិចប្រទេសអាល្លឺម៉ង់ កាកសំណល់ត្រូវបានគេប្រើប្រាស់ដើម្បីផលិតជាឧស្ម័នអ៊ីដ្រូសែន សម្រាប់ជាថាមពលផ្គត់ផ្គង់ដល់មធ្យាបាយជញ្ជួនសាធារណៈ។ គម្រោងនេះមានឈ្មោះថា «Power-to-Gas» ត្រូវបានបង្កើតឡើងក្នុងគោលបំណងផលិតឧស្ម័នអ៊ីដ្រូសែនដោយផ្ទាល់ ពីរោងចក្រដុតសំរាមនៅក្នុងសង្កាត់មួយរបស់ក្រុង Wuppertal ។

រោងចក្រដុតសំរាម MHKW Wuppertal មានទីតាំងស្ថិតនៅក្នុងខណ្ឌ Korzert និងមានស្ថាននីយស្ដុកអ៊ីដ្រូសែននៅទីនោះ។ វិធីសាស្រ្តនៃផលិត គឺនៅពេលដែលសំរាមត្រូវបានញាត់ឬបង្រួមមាឌ វាអាចផលិតឧស្ម័នអ៊ីដ្រូសែនបានភ្លាមៗ ហើយគេអាចបង្ហូរឧស្ម័ននោះ ចូលក្នុងបំពង់បូមសម្រាប់ស្ដុកទុក ចាក់រថយន្តក្រុងសាធារណៈ។

គម្រោង «Power-to-Gas» គឺជាគម្រូដ៏ប្រសើរមួយនៃសេដ្ឋកិច្ចវិលជុំ ដែលទីក្រុងអាចកែច្នៃកាកសំណល់មិនបានការ មកជាថាមពលសម្រាប់បម្រើឲ្យវិស័យជញ្ជូនសាធារណៈ។ គម្រោងនេះគឺជាកិច្ចសហការរវាងក្រុមហ៊ុនពហុសេវាកម្ម WSW រោងចក្រដុតសំរាម AWG និងសមាគមគ្រប់គ្រងកាកសំណល់ EKOCity ។ រោងចក្រដុតសំរាម AWG​ នឹងរៀបចំទីតាំងបម្លែងអ៊ីដ្រូសែន ដែលដំណើការដោយអគ្គីសនីបានមកពីចំហេះសំរាមចំនួនមួយ និងស្ថាននីយចាក់ហ្គាស់ចំនួនមួយ។

រថយន្តក្រុងដំណើរការដោយចំហេះអ៊ីដ្រូសែន ដែលនឹងត្រូវប្រើប្រាស់ដំបូង សម្រាប់គម្រោងនេះ ផលិតដោយរោងចក្រ Van Hool របស់ប៊ែលស៊ិច នឹងត្រូវចាក់ហ្គាស់នៅស្ថាននីយ៍ AWG។ រយថន្តទាំងនេះ នឹងក្លាយជាជាមធ្យោបាយដឹកជញ្ជួនសាធារណៈរបស់ទីក្រុង Wuppertal ដែលមិនបញ្ចេញសារធាតុពុលទៅបរិយាកាស ព្រោះចំហេះអ៊ីដ្រូសែននឹងបង្កើតបានជាម៉ូលេគុលទឹកប៉ុណ្ណោះ។

ចំណែកអគ្គីសនីដែលផលិតដោយ រោងចក្រផលិតថាមពលពីកាកសំណល់ អាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍សម្រាប់រយៈពេលពេញមួយឆ្នាំ។ ដូច្នេះវាអាចបំពេញតម្រូវការនៃការប្រើប្រាស់ប្រេងឥន្ធនៈបានយ៉ាងឆាប់រហ័ស។ នៅពេលមានរថយន្តក្រុង ចូលរួមប្រើប្រាស់ថាមពលពីអ៊ីដ្រូសែនកាន់តែច្រើន រោងចក្រអាចនឹងត្រូវពង្រីកទំហំរបស់ខ្លួន៣ដងបន្ថែមទៀត ហើយការពង្រីកនេះ អាចនឹងធ្វើឡើងក្នុងរយៈពេល ៣ឆ្នាំ។

គួររំលឹកថា ការវិនិយោគរួមគ្នាលើថាមពលអ៊ីដ្រូសែនេះ បានឈ្នះពានរង្វាន់មាសនៅក្នុងការប្រកួត WSW and AWG the Stadwerke Award  ពីសមាគមន៍សហគ្រាសទីក្រុង នៅក្នុងសន្និបាទ បច្ចេកវិទ្យា និងថាមពល Stadtwerke កាលពីឆ្នាំ២០១៩។  គម្រោងនេះមិនគ្រាន់តែផ្ដល់ផលចំណេញខាងសេដ្ឋកិច្ច ​និងអាចជួយដល់បរិស្ថានប៉ុណ្ណោះទេ តែក៏បានប្រាប់ពីរបៀបដែលក្រុមហ៊ុននៅក្នុងទីក្រុងចំណាស់ អាចធ្វើការរួមគ្នាប្រកបដោយភាពឈ្លាសវៃ សម្រាប់ការអភិវឌ្ឍទីក្រុងទៀតផង៕

អត្ថបទដោយ: Vasna