ការឌីហ្សាញសំណង់អគារបែបហុងស៊ុយផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

វាជាទម្លាប់ទៅហើយ ចំពោះគម្រោង អគារនានា ដែលបានសាងសង់ ឬឌីហ្សាញឡើងគិតគូរពីហុងស៊ុយចិន ព្រោះគេជឿថា ហុងស៊ុយល្អនឹងនាំមកនូវភាពចំរុងចម្រើន និងសិរីសួស្តី ជាពិសេសចំពោះអាជីវកម្ម។
អតិថិជនមិនតិចជាង៧០ ភាគរយទេនៅក្នុងប្រទេសកម្ពុជា ដែលសាងសង់លំនៅឋាន អគារ ខុនដូ ឬគម្រោងនានា ប្រើប្រាស់សេវាកម្មឌីហ្សាញបែបហុងស៊ុយចិន ព្រោះគេជឿថាកន្លែងដែលមានហុងស៊ុយល្អនឹងធ្វើឲ្យអាជីវកម្មមានភាពចំរុងចម្រើន និង សិរីសួស្តី។ នេះជាការលើកឡើងពី លោកស្រី វង្ស ដារាវី អ្នកជំនាញផ្នែកឌីហ្សាញ នៃក្រុមហ៊ុន Realine Design។
លោកស្រី ដារាវីថ្លែងថា៖ «ប្រជាជនខ្មែរមួយភាគធំបានជ្រើសរើសការឌីហ្សាញគេហដ្ឋាន ទៅតាមហុងស៊ុយចិន ក្នុងគោលបំណងឲ្យការរស់នៅមានសុខសុវត្ថិភាពល្អ សិរីសួស្តី មិនមានបញ្ហាណាមួយចូលមកបៀតបៀន។
អ្នកជំនាញផ្នែកឌីហ្សាញរូបនេះបានឲ្យដឹងទៀតថា មានប្រជាពលរដ្ឋមិនតិចទេដែលបានគិតគូរលើហុងស៊ុយចិននេះ ពីព្រោះពួកគាត់និយមតៗគ្នាថា ការរកស៊ីតាមបែបចិន និងការមើលជោគវាសនាបែបហុងស៊ុយចិន ការឌីហ្សាញបែបហុងស៊ុយនេះនឹងធ្វើឲ្យអាជីវកម្មរបស់ពួកគាត់ទទួលបានផ្លែផ្កា និងលទ្ធផលល្អ ។ លោកស្រីបានមានប្រសាសន៍ថា៖«ប្រជាពលរដ្ឋខ្មែរមានគំនិតលើជំនឿហុងស៊ុយចិនច្រើន ព្រោះពាក្យហុងស៊ុយគឺឲ្យយើងទទួលបាននូវភាពសុខសប្បាយ រកស៊ីមានបានក្នុងគ្រួសារ។ការឌីហ្សាញបែបហុងស៊ុយនេះគឺធ្វើឡើងចំពោះតែអ្នកដែលមានជំនឿលើរឿងនេះតែប៉ុណ្ណោះ។
លោកស្រីបន្តថា៖« ពាក្យហុងស៊ុយមិនមែនជាការទស្សន៍ទាយពីខែឆ្នាំនោះទេ ក៏ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះនៃការឌីហ្សាញឲ្យស្របទៅនឹងហុងស៊ុយរបស់ចិនដើម្បីឲ្យមានសិរីសួស្តីក្នុងលំនៅឋាននិងកែប្រែពីធាតុអាក្រក់ទៅល្អ តែប៉ុណ្ណោះ។»
លោកស្រី ដារាវី បានបន្ថែមទៀតថា៖« ហុង ស៊ុយមួយមាត់គឺមនុស្សភាគច្រើនគិតទៅ លើខែឆ្នាំរបស់បុគ្គលណាមួយ ជាការពិតណាស់កត្តានេះក៏បានរាប់បញ្ចូលក្នុងការឌីហ្សាញមួយប្រភេទទៀតផងដែរ ក៏ប៉ុន្តែនេះមិនមែនជាលក្ខខណ្ឌស៊ីជម្រៅនោះទេ។»
លោកស្រីបន្តថា៖«នៅពេលឌីហ្សាញល្អការរស់នៅក៏មានសុភមង្គលទៅតាមនឹងដែរ។ ឧទាហរណ៍ នៅពេលដែលចូលទៅផ្ទះមួយឃើញជណ្តើរ រឺក៏សសរនៅចំកណ្តាលផ្ទះ នេះគេហៅថាខុសហុងស៊ុយហើយ។ មួយទៀតគឺ ពណ៍ក៏ជាកត្តាចាំបាច់ដែរព្រោះហុងស៊ុយគឺគិតលើ ទីតាំង ពណ៍ សម្ភារៈផ្សេងៗច្រើនទៀត។ល។
លោកស្រីដារាវីប្រាប់ថា៖«ប្រសិនបើយើងមិនដឹងពីការប្រើប្រាស់ លើការឌីហ្សាញឱ្យស្របទៅតាមបែបស្តង់ដារនោះទេ ទោះបីជាមិនមែនជារបៀបហុងស៊ុយក៏ដោយក៏មិនអាចជួយបានដែរ វាធ្វើឲ្យការរស់នៅមានភាពធុញថប់ក្នុងចិត្ត ហើយមិនស្រួលក្នុងការប្រើប្រាស់ទៅវិញនោះទេ។»
អ្នកជំនាញដដែលរូបនេះបានពន្យល់បន្តថា៖«វិធីសាស្ត្រសម្រាប់ឌីហ្សាញគឺយើងត្រូវមើលពី ស្ថានភាពទីកន្លែងមុនពេលចាប់ផ្តើម ព្រោះយើងមានបទពិសោធន៍ច្រើនលើ បញ្ហាទាំងនេះច្រើនមកហើយដោយមិនមែនចេះតែ ឌីហ្សាញអោយតែស្អាតទាំងដែលហុងស៊ុយគ្មាននោះទេ។ »
លោកស្រីថា៖«មុនពេលដែលយើងធ្វើការឌីហ្សាញគឺយើងត្រូវការឌីហ្សាញលើប្លង់ជាមុនសិនពោលគឺ គម្រោងលំនៅឋាន អគារ ចាប់ផ្តើមគូសប្លង់នៃការសាងសង់តែម្តង ហើយនៅពេលយើងគូសប្លង់រួចហើយរាល់ ម្ចាស់លំនៅឋានមិនមានកង្វល់ពីបញ្ហាខុសហុងស៊ុយទៀតទេដោយយើងពិនិត្យត្រឹមត្រូវទើបលំនៅឋាន និងកន្លែងអាជីវកម្មទាំងអស់នោះចាប់ផ្តើមសាងសង់។»លោកស្រីដារាវីបញ្ជាក់ថាការធ្វើបែបនេះជៀសវាងនៅពេលដែលការសាងសង់រួចរាល់គ្រូហុងស៊ុយផ្សេងមកមើលបែរត្រូវការវាយកម្ទេចធ្វើសារថ្មី។ លោកស្រីថា ដើម្បីជៀសវាងយើងត្រូវមើលថែមទៀតថាតើទ្វារផ្ទះនៅជ្រុងណា បន្ទប់នៅកន្លែងណា បង្អូចត្រូវដាក់របៀបយ៉ាងដូចម្តេច ជណ្តើរដាក់នៅទីតាំងណាអោយស្របទៅនឹងហុងស៊ុយ។
លោកស្រីកត់សម្កាល់ថា៖«ការឌីហ្សាញប្រភេទនេះមិនបានផ្តោតលើរយះពេលដែលការឌីហ្សាញចាប់ផ្តើមនោះទេ តែការឌីហ្សាញនេះគឺស្របទៅតាមលក្ខណះស្តង់ដារនិងតាមមូលដ្ឋានគ្រោះតែប៉ុណ្ណោះ ដោយយើងមិនការពារទៅលើខែឆ្នាំរបស់ម្ចាស់ផ្ទះនោះទេ។ហើយអតិថិជនជាច្រើនទទួលបានលទ្ធផលគាប់ប្រសើរលើការឌីហ្សាញហុងស៊ុយចិន៕»