រន្ទា ជួយអ្វីខ្លះក្នុងគម្រោងសាងសង់?

ភ្នំពេញ៖ រន្ទា ឬ Scaffolding គឺជាឧបករណ៍ជំនួយបណ្តោះអាសន្នវិស័យសំណង់ ដែលផលិតឡើងពីគ្រោងដែក ឈើ ឬអាលុយម៉ីញ៉ូម តាមរយៈការផ្គុំ ដើម្បីផ្ទេរបន្ទុកបញ្ឈរ យឹតយោងបន្ទុកនានា ដូចជាទ្រទំងន់មនុស្ស ធ្វើការនៅទីខ្ពស់ និងសម្ភារៈសំណង់ ពិសេសនៅតាមគម្រោងអគារខ្ពស់ៗ។
រន្ទា ត្រូវបានប្រើសម្រាប់ការប្រតិបត្ដិការងារសាងសង់ទាំងក្នុងអគារ និងក្រៅអាគារ តាមរយៈការតភ្ជាប់ចាប់ជាប់នឹងជញ្ជាំង ដែលតម្រូវឱ្យមានរៀបចំជាដំណាក់កាលៗទៅតាមដំណភ្ជាប់របស់វានីមួយៗ និងមានការពិនិត្យយ៉ាងត្រឹមត្រូវ មុននឹងតម្លើង ដើម្បីរក្សាលំនឹង ក្នុងការទ្រកម្លាំងសង្កត់នានា កំឡុងពេលសាងសងនៅតាមការដ្ឋាន។
លោក ម៉ម សុថារិន្ទ នាយកប្រតិបត្តិនៃក្រុមហ៊ុន RINCO Trading Co.,LTD ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និង តម្លើងឧបករណ៍សុវតិ្ថភាពនានា នៅតាមគម្រោងសាងសង់ បានប្រាប់ KHB News ថា ចំពោះការប្រើប្រាស់រន្ទានេះ ជាបញ្ហាប្រឈមមួយនៅកម្ពុជា ដោយសារមិនទាន់មានស្តង់ដារគ្រប់គ្រាន់ទៅលើគុណភាព និងសោភ័ណ្ឌភាពនៅឡើយទេ។ ក្នុងនោះ ដោយសារអ្នកដំឡើងរន្ទា មិនមានជំនាញបច្ចេកទេសត្រឹមត្រូវ ដែលអាចប្រឈមនឹងការបាក់រលំ ការខាតបង់ និងភាពយឺតយ៉ាវនៃការសាងសង់អគារ។
លើសពីនោះ លោកបន្តថា នៅក្នុងឱកាសទីផ្សារមានតម្រូវការខ្ពស់លើរន្ទាក្នុងវិស័យសាងសង់នៅកម្ពុជា បានជំរុញឱ្យប្រទេសមួយចំនួន ដូចជា ចិន ថៃ និងវៀតណាម បាននាំចូលផលិតផលរន្ទាជាច្រើនប្រភេទ ដើម្បីវិនិយោគលើការផ្គត់ផ្គង់ឧបករណ៍សំណង់កាន់តែច្រើន ខណៈកម្ពុជាមិនទាន់ផលិតបាន។
បើតាមលោក សុថារិន្ទ នៅក្នុងវិស័យសំណង់ រន្ទាត្រូវបានគេបែងចែកជាច្រើនប្រភេទ ទៅតាមមុខងាររៀងៗខ្លួន៖
១) Kwikstage Scaffolding
ជាប្រភេទរន្ទា ដែលផលិតពីដែកថែប ប្រើបានយូរ និងមិនមានបញ្ហាក្នុងការដំឡើង ព្រមទាំងរៀបចំ ដោយបង្កើតភាពងាយស្រួលក្នុងការឡើងចុះ។ រន្ទាប្រភេទនេះ ស័ក្តិសមចំពោះគម្រោងតូច-ធំគ្រប់ប្រភេទ។
២) Cantilever Scaffolding
រន្ទាប្រភេទនេះ មានស្តង់ដារខ្ពស់ ដោយការចាប់ភ្ជាប់ជាមួយនឹងជញ្ជាំងអគារ ដើម្បីរក្សាលំនឹងបានយ៉ាងរឹងមាំ សម្រាប់ទ្រកម្លាងសង្កត់នានា។
៣) Patented Scaffolding
រន្ទា Patented ត្រូវបានផលិតឡើងពីដែកផងដែរ។ ពួកវាត្រូវបានបំពាក់ដោយបំពង់តភ្ជាប់ពីមួយទៅមួយបានយ៉ាងងាយស្រួល ដែលមានដង្កៀបទៅតាមតម្រូវការ។
៤) Single Scaffolding
រន្ទាទោល ជាទូទៅត្រូវបានប្រើសម្រាប់រៀបឥតជញ្ជាំង ដែលគម្លាតចម្ងាយប្រហែល ២,១ ម៉ែត្រពីផ្ទៃជញ្ជាំង។
៥. Steel Scaffolding
រន្ទាដែក ត្រូវបានធ្វើពីបំពង់ដែក ដែលត្រូវបានភ្ជាប់គ្នាដោយឧបករណ៍លោហៈ ដើម្បីចាប់ពង្រឹងភាពរឹងមាំ នៅពេលទ្រទំងន់សង្កត់ពីលើ។ រន្ទាប្រភេទនេះ ងាយស្រួលក្នុងការរុះរើ និងសាងសង់ ដែលផ្តល់នូវសុវត្ថិភាពល្អប្រសើរសម្រាប់កម្មក។
៦) Trestle Scaffolding
រន្ទាប្រភេទនេះ អាចជួយការងារសម្រាប់កម្មករ នៅពេលធ្វើការ ដោយឈរនៅលើក្តារចល័ត ដែលមានកម្ពស់ ៥ ម៉ែត្រ ហើយជាទូទៅវាត្រូវបានប្រើលើការងារនៅទីធ្លាតូចៗ ផ្ទៃខាងក្នុងនៃអគារ ដូចជាបន្ទប់ ឬសាល សម្រាប់គូរគំនូរ ឬជួសជុលជាដើម។
៧) Suspended Scaffold
រន្ទា Trestle Scaffolding ត្រូវបានប្រើសម្រាប់ការងារជួសជុល ឬគូរគំនូរ និងធ្វើការងារផ្សេងទៀតរបស់អគារ ដោយមានជំនួយពីខ្សែលួស ឬច្រវ៉ាក់ ចងភ្ជាប់ពីលើដំបូលអគារ ដើម្បីទាញ និងទ្រទំងន់ ដោយអាចបំលាស់ទីទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។
តាមការអះអាងរបស់អ្នកជំនាញ បានឱ្យដឹងថា ក្រុមហ៊ុនម៉ៅការសាងសង់ទាំងអស់ ប្រើប្រាស់ប្រព័ន្ធដាក់រន្ទារប្រកបដោយជំនាញច្បាស់លាស់ គឺអាចកាត់បន្ថយកម្លាំងពលកម្មបានច្រើន។ ប៉ុន្តែឧស្សាហកម្មសំណង់ជាទូទៅត្រូវបានប្រឈមនឹងបញ្ហាកង្វះខាតបុគ្គលិកជំនាញ ក្នុងការដំឡើងរន្ទាទៅតាមបច្ចេកទេសនៅឡើយ៕