កីឡដ្ឋានបាល់ទាត់សង់ពីឈើដំបូងគេក្នុងលោក ទទួលបានការអនុញ្ញាតិសាងសង់

កីឡដ្ឋានបាល់ទាត់សង់ពីឈើដំបូងគេក្នុងលោក ទទួលបានការអនុញ្ញាតិសាងសង់

អង់គ្លេស៖ ក្រុមហ៊ុនស្ថាបត្យកម្មរបស់ចក្រភពអង់គ្លេស Zaha Hadid Architects  នៅដើមខែមេសានេះ បានឈ្នះការប្រកួត នឹងទទួលការអនុញ្ញាតិ លើគម្រោងសាងសង់កីឡដ្ឋានបាល់ទាត់ពីឈើដំបូងគេបង្អស់ក្នុងលោក។ កីឡដ្ឋាននេះនឹងក្លាយជាកម្មសិទ្ធរបស់ក្លឹបបាល់ទាត់ Forest Green Rovers ស្ថិតនៅក្នុងតំបន់ Gloucestershire ភាគខាងនិរតីប្រទេសអង់គ្លេស។

នៅអំឡុងពេលប្រកួត ក្រុមហ៊ុនមានគម្រោងធ្វើឲ្យកីឡដ្ឋាននេះ ក្លាយជាកីឡដ្ឋានបៃតង ឬមានលក្ខណៈល្អចំពោះបរិស្ថានជាងគេក្នុងលោក ដោយសាងសង់ពីឈើទាំងស្រុង និងដំណើរការដោយថាមពលកកើតឡើង ប្រកបដោយចេរភាព។ ប៉ុន្តែការដាក់ពាក្យប្រកួតលើកទី១ នៅក្នុងឆ្នាំ ២០១៩ គម្រោងកីឡាដ្ឋានបាល់ទាត់អាចទទួលអ្នកទស្សនា ៥.០០០នាក់នេះ មិនទទួលបានជោគជ័យឡើយ។ ទោះជាយ៉ាងណាក៏ដោយការព្យាយាមជាលើកទី ២ គម្រោងនេះក៏ទទួលបានជោគជ័យ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាមូលដ្ឋាន។

សម្រាប់ការប្រកួតលើកទីពីរ គម្រោងត្រូវបានកែប្រែដោយដាក់បញ្ចូលការចនាទីលានប្រកួត ដែលធន់គ្រប់អាកាសធាតុ និងយុទ្ធសាស្រ្តទេសភាពប្លែកៗ។ ការធ្វើនេះគឺដើម្បីកាត់បន្ថយក្ដីបារម្ភដែលថា ការរចនាកីឡដ្ឋានមិនបានផ្តល់នូវការសម្របសម្រួលគួរឲ្យកត់សម្គាល់សម្រាប់បរិមាណដីបៃតង ដែលនឹងត្រូវបាត់បង់ពេលសាងសង់ជាពហុកីឡដ្ឋាន។

បច្ចុប្បន្នក្លឹបបាល់ទាត់ Forest Green Rovers មានប្រធានក្រុមប្រឹក្សា​ភិបាល​គឺលោក Dale Vince ដែលជាស្ថាបនិកក្រុមហ៊ុនអគ្គីសនីបៃតង Ecotricity ។ ដូច្នេះហើយបានជាគម្រោងកីឡាដ្ឋានចាំបាច់ត្រូវតែគិតគូរអំពីការប្រើប្រាស់ថាមពលកកើតឡើងវិញ សម្រាប់ទស្សនៈវិស័យបច្ចុប្បន្ន និងរយៈពេលវែងរបស់ក្លឹប។

ថ្មីៗនេះ ក្រុមហ៊ុនស្ថាបត្យកម្មជប៉ុន ទើបតែបញ្ចប់ការសាងសង់ពហុកីឡដ្ឋានជាតិមួយរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិច ២០២០ ដោយប្រើប្រាស់ឈើ និង​ដែក។ ពហុកីដ្ឋាននេះ ត្រូវបានរចនាតាំងពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបានគេយកមកជជែកយ៉ាងចម្រូងចម្រាស់ ទម្រាំទទួលបានការអនុញ្ញាតិសាងសង់៕

 

អត្ថបទដោយ: Vasna