ផលិតផលប្រេងកូឡានិងប្រេងខ្យល់រូបនាគព្រួសភ្លើងរបស់កម្ពុជា បានបោះជំហានទៅកាន់ទីផ្សារបរទេស

ភ្នំពេញ៖ សហគ្រិនស្រ្តីខ្មែរមួយរូប បានប្រើប្រាស់មើមរុក្ខជាតិដ៏កម្រក្នុងស្រុក ផលិតចេញជាប្រេងកូឡា និងប្រេងខ្យល់ សម្រាប់ព្យាបាលបឋមគ្រប់អាការៈឈឺចុកចាប់នៅក្នុងគ្រួសារ។
ប្រេងកូឡានិងប្រេងខ្យល់រូបនាគព្រួសភ្លើងនេះ បានផលិតឡើងជាមួយរុក្ខធាតុដើមក្នុងស្រុកដែលរួមបញ្ជូល មើមប្រទាលពុទ្ធមន្តធម្មជាតិដ៏កម្រចំនួន ១០៨ មុខ។ វាដើតួនាទីជាគ្រូពេទ្យសង្គ្រោះបឋមនៅក្បែរខ្លួន និងប្រចាំគ្រួសារ សម្រាប់ព្យាបាលគ្រប់អាការៈឈឺចុកទាន់ពេលវេលាដល់មនុស្សគ្រប់វ័យ។
ប្រេងកូឡានិងប្រេងខ្យល់នេះ អាចព្យាបាលលើអាការៈឈឺចុកចាប់សាច់ដុំពីការលេងកីឡា ឬហាត់ប្រាណ សត្វល្អិតទិច ឬខាំ រលាកភ្លើង ឬទឹកក្តៅ ឈឺចង្កេះ ឬជង្គង់ ចុករោយឆ្អឹងខ្នង ឈឺសាច់ដុំ ចុកពោះ ពុលឡាន ពុលយន្តហោះ កើតខ្យល់ និងព្យាបាលការវិលមុខជាដើម។
លោកស្រី អូន សុគន្ធា អគ្គនាយិកា នៃសហគ្រាសផលិតប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើងបានឱ្យដឹងថា លោកស្រីចង់កសាងកេរ្តិ៍ឈ្មោះផលិតប្រេងកូឡា និងប្រេងខ្យល់នេះឲ្យមានការទទួលស្គាល់ទាំងក្នុងស្រុក និងនៅក្នុងតំបន់។
លោកស្រី សុគន្ធា បានបញ្ជាក់ថា៖«មូលហេតុដែលលោកស្រីផលិតប្រេងកូឡា និងប្រេងខ្យល់នេះឡើង ដោយសារលោកស្រី បានដឹងច្បាស់ពីគុណភាពនៃផលិតផលនេះ ហើយសព្វថ្ងៃនេះផលិតផលនេះមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ ទៅលើប្រសិទ្ធភាពសម្រាប់ព្យាបាលជាបឋមនៅក្នុងគ្រួសារ»។
លោកស្រីអះអាងថា ផលិតផលនេះ ប្រៀបដូចជាគ្រូពេទ្យប្រចាំដ៏ស័ក្តិសិទ្ធនៅជាមួយលោកអ្នក និងគ្រួសារ ដោយបានចូលរួមកាត់បន្ថយថវិកា និងពេលវេលាក្នុងការព្យាបាល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចក្នុងប្រទេស។
ផលិតប្រេងកូឡា និងប្រេងខ្យល់នេះ ត្រូវបានរដ្ឋាភិបាលចិន ទទួលស្គាល់ ដោយបានផ្តល់នូវវិញ្ញាបនបត្រ និងមេដាយ ជូនសហគ្រាសមួយនេះ បញ្ជាក់ពីគុណភាព និងការអត្ថប្រយោជន៍នៃការប្រើដ៏ស័ក្តិសិទ្ធដល់ប្រជាជន ព្រមទាំងទទួលបានការអនុញ្ញាតឱ្យនាំចូលក្នុងទីផ្សារចិន ដើម្បីលក់ និងចែកចាយនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា សហគ្រាសប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើង (DFS) គឺជាសិប្បកម្មផលិតផលកូនខ្មែរ ដោយសហគ្រិនស្តី្រ ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ២០០៩ ដោយទទួលស្គាល់ និងចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ គិតមកដល់បច្ចប្បន្ន សហគ្រាសប្រេងកូឡា ប្រេងខ្យល់រូបនាគព្រួសភ្លើង នាំយកផលិតផលជាស្នាដៃកូនខ្មែ ទៅបង្ហាញនៅក្នុងកម្មវិធីតាំងពិរពណ៍អន្តរជាតិចំនួន ៧ លើកមកហើយ នៅតាមបណ្តាប្រទេសចំនួន ៣ រួមមានប្រទេសវៀតណាមចំនួន ១ លើក ឥណ្ឌាចំនួន ១ លើក និងប្រទេសចិនចំនួន ៥ លើក៕