កម្ពុជាសម្រេចជ្រើសសណ្ឋាគារ The Great Duke ធ្វើជាមន្ទីរពេទ្យព្យាលបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចប្រើប្រាស់សណ្ឋាគារ The Great Duke ជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ សណ្ឋាគារលំដាប់ផ្កាយប្រាំ ធំមួយនៅកណ្តាលរាជធានីភ្នំពេញ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាលបាលអ្នកជំងឺកូវីដ-១៩ ស្របពេលដែលវីរុសនេះកំពុងរីករាលនៅកម្ពុជា និងលើពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងបញ្ជាក់តាមរយៈទូរទស្សន៍ក្នុងស្រុកមួយចំនួនថា ទោះរដ្ឋាភិបាលបានកំណត់យកសណ្ឋាគារនេះ ធ្វើជាទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ តែចរាចរណ៍នៅជុំវិញតំបន់នេះ នៅតែដំណើរការតាមប្រក្រតី។
លោក ម៉េត មាសភក្តី បានរៀបរាប់ថា៖ «ជំហានដំបូង រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់មានផែនការដើម្បីបិទផ្លូវនៅជុំវិញសណ្ឋាគារ The Great Duke នោះទេ។ តែបើក្រសួងសុខាភិបាល តម្រូវឱ្យមានការបិទផ្លូវ នោះរដ្ឋបាលរាជធានីភ្នំពេញនឹងសហការ អនុវត្តសកម្មភាពការងារនេះភ្លាម»។
សូមបញ្ជាក់ថា សណ្ឋាគារ ដឺហ្គ្រេតឌ្យូក(The Great Duke) ជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) បានប្រកាសបិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូកាលពីឆ្នាំមុន បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ២៣ឆ្នាំកន្លងមក។ សណ្ឋាគារមួយនេះ ជាសណ្ឋាគារលំដាប់ផ្កាយ៥ ដំបូងគេនៅប្រទេសកម្ពុជា ធ្លាប់រៀបចំកម្មវិធីលំដាប់អន្តរជាតិធំៗជាច្រើន រួមទាំងកិច្ចប្រជុំកំពូលរបស់បណ្ដាមេដឹកនាំ នៃប្រទេសសមាជិកអាស៊ាននាឆ្នាំ២០០២ទៀតផង៕