បុរី ធីវីស្តា សម្ភោធគម្រោងទី៦នៅតំបន់ព្រៃសជាមួយលំនៅឋានសរុបជិត៤០០យូនិត

បុរី ធីវីស្តា សម្ភោធគម្រោងទី៦នៅតំបន់ព្រៃសជាមួយលំនៅឋានសរុបជិត៤០០យូនិត

បុរី ធីវីស្តា បានសម្ភោធគម្រោងអភិវឌ្ឍន៍ទី៦របស់ខ្លួនហើយ លើផ្ទៃដីរហូតដល់ជិត៥ហិកតា ដែលមានលំនៅឋានប្រណិតៗសរុបជិត ៤០០យូនិត ដើម្បីឆ្លើយតបទៅនឹងកំនើនតម្រូវការរបស់ អតិថិជន និងប្រជាពលរដ្ឋ។

គម្រោងទី៦នេះមានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ៣០ម៉ែត្រព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ដែលត្រូវបានស្ថាបនាឡើងលើផ្ទៃដីទំហំ ៤.៨ ហិកតា ដែលធំជាងគម្រោងទី៥ ជិត៣ដង ជាមួយនឹងផ្ទះល្វែងសុទ្ធសរុប ៣៨៨យូនិត។ ការសាងសង់នឹងប្រើរយៈពេល២៤ខែ ដែលនឹងត្រូវបញ្ចប់នៅពាក់កណ្តាល​ឆ្នាំ២០២២។

លោក​សាំង វាសនា អគ្គនាយកក្រុមហ៊ុនបុរី ធីវីស្តា បានប្រាប់ក្រុមអ្នកសារព័ត៍មានបន្ទាប់ពីពិធីបុកគ្រិះគម្រោងទី៦នៅព្រឹកថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២០ នេះថា គម្រោងទី៦នេះមានសក្តានុពលជាច្រើនដោយទីតាំងស្ថិតនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ខ្លាំង ដែលមានផ្លូវប្រសព្វខ្វាត់ខ្វែង និងព័ទ្ធជុំវិញដោយផ្សារទំនើបជាច្រើនដូចជា ផ្សារ Aeon Mall 3 ផ្សារទំនើប KMH Mall សាលាអន្តរជាតិ មន្ទីរពេទ្យ រោងចក្រ ​សហគ្រាស ​និង គម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។

លោកថ្លែងថា៖ «ចំនុចពិសេសរបស់បុរី ធីវីស្តា គឺថ្នាំលាបធានាគុណភាពរហូតដល់១២ឆ្នាំ ប្រព័ន្ធការពារជម្រាបទឹកគុណភាពលេខ១ ដែលត្រូវបានស្ថាបនាឡើងរហូតដល់១០ជំហ៊ានដើម្បីធានាថាមិនមានការជ្រាបទឹក ខណៈដែលដំបូលត្រូវបានចាក់ប្លង់សេកម្រាស់មួយតឹក ប្រើខ្សែរភ្លើងគុណភាពលេខ១របស់ប្រទេសសឹង្ហបុរី ដែលធន់នឹងកម្តៅ និង​ចំលងចរន្តអគ្គីសនីបានល្អ និងប្រើប្រាស់ដែកសរសៃគុណភាពលេខ១ ម៉ាក VSD 390 ដែលរឹងមាំនិង​មិនងាយច្រេះ។​»

ឆ្លើយតបនឹងការប្រឈមក្នុងស្ថានភាពកូវិឌ១៩នេះ  បុរី ធីវីស្តា បានបញ្ចុះតម្លៃពិសេសសម្រាប់គម្រោងទី៦របស់ខ្លួនដើម្បីលើកទឹកចិត្តអតិថិជនឲ្យមានលទ្ធភាពច្រើនជាងមុន ដោយផ្ទះល្វែងជួរមុខ បញ្ចុះតម្លៃពីជាង ២១ ម៉ឺនដុល្លារមកនៅត្រឹមតែជាង ១៧ម៉ឺនដុល្លារ ខណៈផ្ទះល្វែងខាងក្នុងបញ្ចុះតម្លៃពីជាង៦ម៉ឺនដុល្លារ មកត្រឹមតែជាង ៥ម៉ឺនដុល្លារប៉ុណ្ណោះ។

អតិថិជនអាចជ្រើសរើសជម្រើសបង់ប្រាក់ជាច្រើនដូចជា៖ បង់រំលោះសុទ្ធ100%ដោយមិនមានការប្រាក់ បង់រំលោះដោយមានការប្រាក់ បង់រំលោះសុទ្ធដោយមិនមានប្រាក់កក់ និង​បង់ផ្តាច់ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។​

លោកវាសនាបន្តថា “បុរី ធីវីស្តា ឈរលើកត្តា ៤ជាសំខាន់មុននឹងសម្រេចចិត្តអភិវឌ្ឍគម្រោងនិមួយៗជូនអតិថិជន។​ គន្លឹះទាំង៤ រួមមាន ទិញផ្ទះដែលអាចស់នៅប្រកបដោយផាសុខភាព ទិញផ្ទះដែលអាចលក់ចំណេញវិញបាន ទិញផ្ទះដែលអាចប្រកបអាជីវកម្មបាន និងទិញផ្ទះដែលអាចជួលវិញបាន។ 

បើតាមសម្តីរបស់លោកវាសនា បុរី ធីវីស្តា ក៏មានផែនការអភិវឌ្ឍន៍គម្រោងទី៧ និង​គម្រោងបន្តបន្ទាប់ទៀតនៅជុំវិញតំបន់ព្រៃសនេះដែរ ដោយសារតែតំបន់នេះនៅក្បែរទីក្រុង មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងមានគម្រោងអភិវឌ្ឍន៍ធំៗនៅព័ទ្ធជុំវិញ។

លោកលើកទឹកចិត្តឲ្យប្រជាជនដែលកំពុងស្វែងរកទិញលំនៅឋានឲ្យប្រមូលព័ត៍មានឲ្យបានច្រើនមុននឹងសម្រេចចិត្តជ្រើសរើសយកគម្រោងណាមួយ ដើម្បីកុំឲ្យស្តាយក្រោយ។



លោកថ្លែងថា៖ «ការសម្រេចចិត្តដែលត្រឹមត្រូវគឺយោងទៅលើព័ត៍មាន បុរីណាក៏និយាយល្អពីគម្រោងខ្លួនឯងដែរ សូម្បីតែបុគ្គលិកបុរី ធីវិស្តា ក៏អញ្ចឹងដែរ។ ដូច្នេះបងប្អូនត្រូវសិក្សាពីកម្រោងបុរីនានាយ៉ាងតិចឲ្យបាន៥ ទៅលើកត្តាគុណភាព ទីតាំង និងតម្លៃជាដើមយកមកប្រៀបធៀបគ្នា មុននឹងសម្រេចចិត្តជ្រើសរើសយកគម្រោងណាមួយ ពីព្រោះថវិកាគឺពិតជាលំបាកស្វែងរកណាស់។»

គិតត្រឹមឆ្នាំ២០២០នេះ បុរី ធីវីស្តាមានគម្រោងចំនួន៥ ដែលរួមមាន គម្រោងទី១និងទី២មានទីតាំងស្ថិតនៅទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងទី៣ស្ថិតនៅខាងក្រោយផ្សារទូលពង្រ​ គម្រោងទី៤សិ្ថតនៅលើផ្លូវ៣០ម៉ែត្រផ្សារទូលពង្រ ខណៈគម្រោងទី៥ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាចំណុចប្រសព្វនៃផ្លូវ៣០ម៉ែត្រ ផ្លូវ៥០ម៉ែត្រ និង៦០ម៉ែត្រ៕

អត្ថបទដោយ: Chinmony