អ្នកជំនាញ៖ ឆ្លើយសំណួរទាំង៣នេះបាន ធានាថាសិស្សនិស្សិតនឹងទទួលបានការងារធ្វើឆាប់រហ័សនឹងប្រាក់ខែខ្ពស់
ដើម្បីទទួលជោគជ័យក្នុងការសិក្សា ទទួលបានពិន្ទុខ្ពស់ និង សញ្ញាបត្រគឺជារឿងលំបាកណាស់ទៅហើយ តែអ្វីកាន់តែលំបាកជាងនេះទៅទៀតនោះ គឺការស្វែងរកការងារមួយដ៏ល្អនិងបានកម្រៃខ្ពស់ មិនថានិស្សិតដែលទើបតែបញ្ចប់ការសិក្សាឬអ្នកចង់ដូរការងារថ្មីនោះទេ។ តើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានជោគជ័យនៅដំណាក់កាលនេះ ពិសេសត្រូវត្រៀមខ្លួនអ្វីខ្លះបន្ទាប់ពីបញ្ចប់ការសិក្សា?
ដើម្បីស្រាយចម្ងល់ និងជាទុនខ្លះដល់យុវជន ដែលទើបបញ្ចប់ការសិក្សាថ្មីថ្មោង ដែលត្រៀមខ្លួនប្រឡូកនៅក្នុងទីផ្សារការងារឲ្យចំគោលដៅរបស់ខ្លួន លោក ប៉ុង ដែល្លា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AGB Consulting ព្រមទាំងជាអ្នកជំនាញផ្នែកធនធានមនុស្សដល់ល្បីឈ្មោះមួយរូបនៅកម្ពុជា បានណែនាំទៅកាន់យុវជន ឬសិស្សនិស្សិតថា ចាំបាច់ត្រូវ សួរខ្លួននៅ៣សំនួរសំខាន់នេះជាមុនសិន។
១.តើនិស្សិតចេះច្បាស់ពិតប្រាកដពីជំនាញរបស់ខ្លួនច្បាស់ហើយឬនៅ?
លោក ប៉ុង ដែល្លា បានលើកឡើងថា និស្សិតភាគច្រើន ធ្វើការមិនត្រូវនឹងជំនាញដែលពួកគេរៀននោះទេ។ ការធ្វើការបែបនេះ វាអាចធ្វើឲ្យភាគរយ ដែលជោគជ័យក្នុងជីវិតមានកម្រិត ។ លោកថា អ្វីដែលសោកស្តាយនោះគឺ ពួកគេមិនបានប្រើប្រាស់ជំនាញដែលពួកគេបានរៀននោះទេ។
សម្រាប់និស្សិតខ្លួនឯង ក៏ត្រូវកំណត់គោលដៅ និងសួរខ្លួនឯងឲ្យច្បាស់ ដើម្បីដឹងច្បាស់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ពីជំនាញដែលខ្លួនបានសិក្សានៅមហាវិទ្យល័យ ព្រោះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សនិស្សិត ឬយុវជន បើទោះជាយុវនទាំងនោះបញ្ចប់ជំនាញបច្ចេកទេសរយៈពេលខ្លីក៏ដោយ។
២.តើនិស្សិតចេះជំនាញភាសាបរទេសបានខ្លះដែរឬទេ?
លោក ដែល្លា បញ្ជាក់ដែរថា សំណួរនេះក៏សំខាន់ខ្លាំងដែរ សម្រាប់សិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា និងត្រៀមខ្លួនដើម្បីទៅសម្ភាសន៍ការងារ។ លោកថា យ៉ាងហោចណាស់យុវជនក៏គួរចេះភាសាអង់គ្លេសអាចប្រើការក្នុងកម្រិតមធ្យមដែរ ទាំងការនិយាយ និងការអានជាដើម ព្រោះជំនាញបច្ចេកទេសភាគច្រើន កម្ពុជានាំចូលពីក្រៅបរទេស ហេតុនេះទាមទារឲ្យយុវជនឆ្លើយសំណួរនេះ និងត្រៀមខ្លួនរួចស្រេចផងដែរ។
ទី៣៖តើនិស្សិតមានជំនាញទំនាក់ទំនង និងជំនាញគិតពិចារណាស៊ីជម្រៅបានកម្រិតណា?
លោកថា មានសិស្សនិស្សិតមួយចំនួន នៅខ្វះជំនាញទំនាក់ទំនង និងការគិតពិចារណានៅមានកម្រិត។ ប៉ុន្តែលោកថា ចំនុចនេះមិនសូវចោតជាបញ្ហាប៉ុន្មានទេ ព្រោះពួកគាត់អាចរៀនសូត្រនៅចំនុចនេះបាន ប៉ុន្តែអ្វីដែលត្រូវគិតគឺបុគ្គលិកលក្ខណៈសម្បត្តិរបស់យុវជន ផ្ទាល់តែម្តង ព្រោះមានយុវជនមួយចំនួន គាត់ទើបតែចប់ការសិក្សា មិនទាន់មានបទពិសោធន៍ តែគាត់ចង់បានប្រាក់ខែខ្ពស់ ដែលធ្វើឲ្យយុវជនទាំងនោះងាយបាត់ឪកាស។ហេតុនេះ លោកថាយុវជនចាំបាច់ត្រូវរៀនសួរសំណួរនេះទៅកាន់ខ្លួនឯង ដើម្បីជៀសវាងការស្តាយក្រោយ។
យ៉ាងណាមិញ លោកបានអះអាងថា សំណួរទាំង៣ខាងលើ មិនត្រឹមតែចាំបាច់សម្រាប់យុវជនដែល ទើបបញ្ចប់ការសិក្សារប៉ុណ្ណោះទេ សម្រាប់ទីផ្សារការងារបច្ចុប្បន្នក៏សំខាន់ផងដែរ ព្រោះកាលណាសិស្សនិស្សិតស្គាល់ពីខ្លួនឯងច្បាស់ នឹងអាចទទួលបានការងារល្អ និងប្រាក់បៀវត្សសមរម្យ និងទទួលបានការងារចំចក្ខុវិស័យរបស់ខ្លួនទៀតផង៕